GuidePedia

0
អគ្គនាយក​ក្លិប Juventus ​លោក Giuseppe Marotta ​បាន​ចេញ​មក​បញ្ជាក់​ថា​សេះ​បង្កង់​បាន​បដិសេធ​មិន​លក់​កីឡាករ Paul Pogba ​ឱ្យ​ក្លិប Barcelona ​ក្នុង​តម្លៃ​៨០​លាន​អឺរ៉ូ​ (៨៨,៥​លាន​ដុល្លារ​អាមេរិក) ទេ។


កាល​ពី​ម្សិលមិញ​នេះ លោក Ariedo Braida និង​ Alberto Soler ​ដែល​ជា​នាយក​ទូទៅ​របស់​ក្លិប Barcelona ​បាន​ទៅ​ប្រទេស​អ៊ីតាលី​ផ្ទាល់​ដើម្បី​ចរចា​ដាក់​តម្លៃ​ខ្លួន​នាំ​យក​ខ្សែ​បម្រើ Pogba ពី Juventus ​មក​អេស្ប៉ាញ។ ​តែ​អ្វី​គ្រប់​យ៉ាង​អាច​នឹង​បរាជ័យ​ហើយ បន្ទាប់​ពី​អគ្គនាយក​ក្លិប​សេះ​បង្កង់​លោក Marotta ​បាន​ចេញ​មក​បញ្ជាក់​ថា​ក្លិប​មិន​ព្រម​លក់​អតីត​កីឡាករ Manchester United ​រូប​នេះ​ទេ។

ខ្សែ​បម្រើ​របស់​ជម្រើស​ជាតិ​បារាំង​ខាង​លើ​ ជា​គោលដៅ​ធំ​របស់​ក្លិប​អ្នក​មាន​បុណ្យ​សម្រាប់​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ បើ​ទោះ​ជា​ពួកគេ​កំពុង​ជាប់​បម្រាម​មិន​ឱ្យ​នាំ​ចូល​កីឡាករ​ថ្មី​មក​រួម​ក្រុម​រហូត​ដល់​ខែ​មករា​ឆ្នាំ​២០១៦​ក៏​ដោយ។ ចំពោះ​រឿង​នេះ​ដែរ ប្រធាន​ក្លិប Barca ​ចង់​និយាយ​ថ្លៃ​ Pogba ​ឱ្យ​ហើយ​សិន​ជាមួយ Juventus ​ពោល​គឺ​ទិញ​ទុក​រហូត​ដល់​ឆ្នាំ​២០១៦​ទើប​អាច​នាំ​គេ​មក​រួម​ក្រុម​។

យ៉ាង​ណា​មិញ​ក្រុម​សេះ​បង្កង់​មិន​ចង់​លក់​កីឡាករ​ជាប់​ជម្រើស​ជាតិ​បារាំង​តាំង​ពី U16 ​រូប​នេះ​ឡើយ ​ព្រោះ​ថា​បច្ចុប្បន្ន​ក្លិប​អាច​នឹង​បាត់​បង់​កីឡាករ​សំខាន់​២​នាក់​ហើយ​នៅ​តំបន់​បម្រើ​ប្រយុទ្ធ​​គឺ Carlos Tevez ​ទៅ​លេង​នៅ Boca ​និង​ Andrea Pirlo ​ទៅ​លេង​នៅ New York City FC ។

ខ្សែ​បម្រើ​វ័យ​២២​ឆ្នាំ​ខាង​លើ​នេះ ផ្លាស់​ពី Manchester United ​ទៅ​ Juventus ​នៅ​ឆ្នាំ​២០១២ ​ហើយ​រយៈ​ពេល​៣​រដូវ​កាល​មក​នេះ រូប​គេ​អាច​ជួយ​ក្រុម​លើក​ពាន Serie A ​៣​ដង​ជាប់​គ្នា Coppa Italia ​មួយ​ដង ​និង​ Supercoppa Italiana ​មួយ​ដង៕

Post a Comment

 
Top