GuidePedia

0
ក្រុមបាល់ទាត់ជម្រើសជាតិម៉ិចស៊ិក បានគ្រង តំណែងជើងឯកពានរង្វាន់ប្រចាំតំបន់អាម៉េរិកខាងជើង Gold Cup 2015 បន្ទាប់ពីបានយកឈ្នះគូប្រជែងចាម៉ៃកា ៣-១ ព្រឹកមិញនេះក្នុងវគ្គផ្តាច់ព្រ័ត្រនៅក្នុង ប្រទេសកាណាដា ។


ក្នុងជំនួបដ៏ស្វិតស្វាញនោះដែរ ម៉ិចស៊ិកបានបើកការនាំមុខក្រុមចាម៉ៃកា រហូតដល់ទៅ ៣-០ ផ្ទួនៗចាប់ពីនាទីទី៣១ ៤៧ និង ៦១ ពីការធ្វើបានសម្រេចដោយ កីឡាករ Andres Guadado មុនពេលមិត្តរួមក្រុម Jesus Corona ធ្វើបាន សម្រេចគ្រាប់ទី២ និងកីឡាករ Oribe Peralta ធ្វើបានសម្រេចគ្រាប់ទី៣ ដែលធ្វើឲ្យ ការ ប្រកួតនៃវគ្គផ្តាច់ ព្រ័ត្រមានគម្លាតដាច់គ្នាយ៉ាងខ្លាំង ។

យ៉ាងណាក៏ដោយ កីឡាករ Darren Mattocks ក៏បានស៊ុតគ្រាប់លួងចិត្តឲ្យក្រុមចាម៉ៃកាផងដែរនៅសល់១០ នាទីដល់ទីបញ្ចប់ តែយ៉ាងណាក៏ដោយវាបានយឺត ពេល ទៅហើយ ជាមួយនឹងលទ្ធផលផ្លូវការ ម៉ិចស៊ិក ៣ និងចាម៉ៃកា ១ ដែលជាលើកទី៧ហើយ សម្រាប់ក្រុមជម្រើសជាតិម៉ិចស៊ិក ឈ្នះជើងឯកពាន Gold Cup ចាប់តាំង ពីឆ្នាំ១៩៩៣ ១៩៩៦ ១៩៩៨ ២០០៣ ២០០៩ ២០១១ និងឆ្នាំ២០១៥នេះ គ្រាដែលចាម៉ៃកា ទើបតែបានឈានដល់វគ្គផ្តាច់ព្រ័ត្រជាលើកទី១របស់ខ្លួន ។

សូមបញ្ជាក់ថា ម៉ិចស៊ិក ត្រូវប្រកួតទល់នឹងក្រុមជម្រើសជាតិអាម៉េរិក ដែលជាម្ចាស់ជើងឯកពាននេះក្នុងឆ្នាំ២០១៣ នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥ខាង មុខ ដើម្បី ប្រជែង យកកៅអីមួយក្នុងការប្រកួតយកពានបើករដូវកាល FIFA Confederations Cup 2017 នៅប្រទេសរុស្ស៊ី ៕



Post a Comment

 
Top