GuidePedia

0
ការប្រកួតបាល់ទាត់ក្របខណ្ឌយុវជនប្រចាំ តំបន់អាស៊ាន AFF BIDC U-16 Championship 2015 នឹងចាប់ ផ្ដើមជាផ្លូវការនៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ នេះហើយដែលត្រូវបានធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដោយមានការចូលរួមពីក្រុមយុវជនអាយុក្រោម១៦ឆ្នាំ ក្នុងតំបន់ ចំនួន ១១ប្រទេស បូករួមទាំងក្រុមជម្រើសជាតិយុវជន អូស្រ្តាលី១ក្រុមផងដែរ ។


កាលពីថ្ងៃទី២៦ ខែកក្កដា ម្សិលមិញ ថ្នាក់ដឹកនាំ និងគ្រូបង្វឹករបស់ក្រុមយុវជនទាំង១១ប្រទេស រួមទាំងម្ចាស់ផ្ទះកម្ពុជា បានរៀបចំបើកកិច្ចប្រជុំ មួយនៅទី ស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មុននឹងការប្រកួតចាប់ផ្ដើម ។ នៅក្នុងសន្និ សីទសារព័ត៌មានខាងលើ គ្រូបង្វឹករបស់តំណាងប្រទេសនីមួយៗ សុទ្ធតែបានសម្ដែងការពេញចិត្តដែលបានមកចូលរួម នៅលើទឹកដីប្រទេសកម្ពុជា ហើយពួកគេសុទ្ធតែរំពឹងទទួលបានលទ្ធផលល្អដូចៗគ្នា ។

គួរបញ្ជាក់ថា សម្រាប់ក្រុម U-16 ទាំង១១ប្រទេស ដែលនឹងត្រូវធ្វើការប្រកួតក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នេះ គឺចែកចេញជា២ពូល ក្នុងពូល A រួមមានក្រុម U-16ថៃ វៀតណាម ទីម័រខាងកើត ប្រ៊ុយណេ ឡាវ និងក្រុមការពារជើងឯកម៉ាឡេស៊ី ។ ឯក្រុមម្ចាស់ផ្ទះកម្ពុជា វិញគឺស្ថិតក្នុងពូល B ជាមួយក្រុមសិង្ហបុរី ហ្វីលីពីន មីយ៉ាន់ម៉ា និងអូស្រ្តាលី ។

សម្រាប់កម្មវិធីប្រកួតថ្ងៃបើកឆាកពានរង្វាន់ ដែលធ្វើឡើង ២ឆ្នាំម្ដងនារសៀលនេះ គឺមាន ៣ប្រកួតក្នុងពូល A រួមមានក្រុម U-16 ម៉ាឡេស៊ី ប៉ះក្រុម U-16 វៀតណាម នៅពហុកីឡដ្ឋានស្ដាតចាស់ ក្រុម U-16 ឡាវ ប៉ះថៃ និងក្រុម U-16 ទីម័រខាងកើត ជួបក្រុម U-16 ប្រ៊ុយណេ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ។

ចាំមើលក្រុមណាខ្លះ នឹងទទួលបាន៣ពិន្ទុមុនគេ? ដោយឡែកក្រុមជម្រើសជាតិ U-16 របស់កម្ពុជា នឹងត្រូវទទួលក្រុមភ្ញៀវហ្វីលីពីន នៅថ្ងៃទី២៨ ខែកក្កដា ស្អែក នេះនៅពហុកីឡដ្ឋានជាតិ ។

គួរបញ្ជាក់ថា ពានរង្វាន់ប្រចាំតំបន់អាស៊ាន ឬហៅជាភាសាអង់គ្លេសថា "AFF BIDC U-16 Championship" នេះកាលពីឆ្នាំ២០១៣ កន្លងទៅ គឺគ្រប់គ្រង តំណែង ជើងឯកដោយក្រុមជម្រើសជាតិយុវជនម៉ាឡេស៊ី ក្រោយយកឈ្នះឥណ្ឌូនេស៊ី ក្នុងលទ្ធផលបច្ចេកទេស ៣-២ នៅវគ្គផ្តាច់ព្រ័ត្រ ។ ប៉ុន្ដែសម្រាប់ឆ្នាំនេះ ក្រុមចូលរួម ទាំងអស់ សុទ្ធតែមានជំនឿចិត្តរៀងៗខ្លួន ដើម្បីក្លាយជាជើងឯក ខណៈគ្រូបង្វឹកក្រុមយុវជនកម្ពុជា ពុំសូវជាមានសង្ឃឹមប៉ុន្មានឡើយ ដោយសារ មាន បញ្ហាមួយចំនួន មុនការប្រកួតចាប់ផ្ដើម គឺបញ្ហាកីឡាករ ៕

Post a Comment

 
Top