GuidePedia

0
ក្រុម​ម្ចាស់​ផ្ទះ​​ឈីលី បាន​លើក​ពាន​ Copa America ​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ​រយៈពេល​ជិត​១​សតវត្ស ​បន្ទាប់​ពីបានយក​​ឈ្នះ​លើ​ក្រុម​អាហ្សង់ទីន​ ​ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ៤-១ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​កាល​ពី​​ព្រឹក​មិញ ​ខណៈ​ដែល​​ម៉ោង​ធម្មតា​ ក្រុម​ទាំង​២​បញ្ចប់​លទ្ធផល​​ស្មើ​គ្នា​ ០-០។


Alexis Sanchez ​របស់​កាំភ្លើង​ធំ​ Arsenal គឺ​ជា​ពេជ្ឈឃាដ​​ចុង​ក្រោយ​ ​​និង​ជា​វីរបុរស​របស់​ឈីលី ដែល​ជួយ​ឲ្យ​ម្ចាស់​ផ្ទះ​លើក​ពាន​មួយ​នេះ បន្ទាប់​ពី​ Gonzalo Higuaín ​របស់​ក្លិប​ Napoli ស៊ុត​រំលង​របារ​ទី​​ទៅ​ខាង​លើ​ និង​ Ever Banega ​របស់​ក្លិប​ Sevilla ​បាន​ស៊ុត​​ត្រូវ​អ្នកចាំទី​ Claudio Bravo ​របស់​ឈីលី ជួយ​សង្គ្រោះ​បាន​ទៀត។

​ឈីលី ដែល​មាន​សាច់​បាល់​គ្រប់គ្រង​ដល់​ទៅ៥៧% និង​ស៊ុត​បាន​១៨​ជើង​យប់​មិញ​នេះ ​បាន​ចូល​លេង​​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ តាំង​ពី​ឆ្នាំ​១៩១៦ ប៉ុន្តែ​មិន​ដែល​ធ្លាប់​លើក​ពាន​ឡើយ ដោយ​បាន​ត្រឹម​​ជើង​ឯក​រង​៤​សម័យ​កាល (១៩៥៦, ១៩៥៦, ១៩៧៩ និង​១៩៨៧)។

ចំណែក​ឯ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​វិញ ​ខក​ខាន​លើក​ពាន​អន្តរជាតិ​ធំៗ​រយៈពេល​២២​ឆ្នាំ​ហើយ បើ​គិត​ចាប់​ពី​លើក​ពាន​ Copa America នេះ​លើក​ចុង​ក្រោយ​ កាល​ឆ្នាំ​១៩៩៣ នៅ​ប្រទេស​អេក្វាឌ័រ ខណៈ​ដែល​​​កីឡាករ​ឆ្នើម​​ម្ចាស់​ពាន​ Ballon d’Or ​៤​សម័យ​កាល Lionel Messi ​ខក​ខាន​លើក​ពាន​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​ម្ដង​ទៀត បន្ទាប់​ពី​អាហ្សង់ទីន​ ចាញ់​អាល្លឺម៉ង់ នៅ​ World Cup ឆ្នាំ​មុន៕



Post a Comment

 
Top