GuidePedia

0
អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​២​រូប គឺ ​អ៊ុង វិ​រះ ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ និង​ឈឿន ឆៃ​ដែន ក្លិប​និរោធ​មានជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​មិត្តភាព​កម្ពុជា​-​ថៃ នា​យប់​ថ្ងៃអាទិត្យ​ ទី​០៥ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ នៅ​លើ​សង្វៀន​ស្ទឹងមានជ័យ។​


អ៊ុង វិរះ នឹង​មក​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បារាំង​ឈ្មោះ​Dimitri Cerberes ក្នុង​ទម្ងន់​៧៣​គីឡូ​ក្រាម។ វិ​រះ លើក​នេះ ប៉ះចំ​ជើង​ខ្លាំង​ហើយ ព្រោះ​អ្នក​ប្រដាល់​បារាំង​នេះ តាម​អ្នក​ផ្គូផ្គង​និយាយ​ឲ្យ​ដឹង​នោះ​ថា គេ​វាយ​ខ្លាំង​ និង​ល្អ​មិន​ចាញ់​អ្នក​ប្រដាល់​ថៃ​នោះ​ទេ។​

ជាមួយ ​អ៊ុង វិ​រះ គេ​មិន​ខ្លាច​នោះ​ឡើយ ហើយ​គេ​ក៏​ទើបតែ​ផ្ដួល​អ្នក​ប្រដាល់​ជនជាតិ​ថៃ​ដោយ​ពិន្ទុ ​កាលពី​ថ្ងៃ​ទី​០៧ ខែ​មិថុនា​កន្លង​មក​នេះ។ គិត​ត្រឹម​ពេលនេះ វិ​រះ​ គេ​ធ្លាប់​វាយ​ឈ្នះ​អ្នក​ប្រដាល់​បរទេស​១៨​នាក់​ហើយ។ គេ​ឈ្នះ​អ្នក​ប្រដាល់​បរទេស​លើក​ចុង​ក្រោយ​នេះ គឺ​វាយ​ឈ្នះ​ថៃ​Entrey Thang​ដោយ​ពិន្ទុ។​

អ៊ុង ​វិ​រះ​ មានចិត្ត​ប្រដាល់​ធំ មិន​ចេះ​ខ្លាច មិន​ចេះ​ញញើត គ្រាន់តែ​គេ​ខ្វះ​ល្បិចកល​ក្នុង​ការ​ផ្ដួល​គូប្រកួត​តែប៉ុណ្ណោះ។ ទោះជា​យ៉ាង​នេះ​ក្ដី អ្នក​ប្រដាល់​បារាំង​Dimitri Cerberes មិន​ប្រាកដ​ថា​អាច​យក​ឈ្នះ​លើ​ អ៊ុង ​វិ​រះ ​បាន​នោះ​ឡើយ ដោយសារ ​អ៊ុង ​វិ​រះ គេ​រឹងមាំ កម្លាំង​ស៊ុ​ហ្វ​ខ្លាំង​មិន​ចាញ់​ស៊ុ​ហ្វ​អ្នក​ប្រដាល់​បរទេស​នោះ​ទេ។ ប៉ុន្តែ​យ៉ាងណា​ អ៊ុង វិ​រះ មិន​អាច​មើលស្រាល​អ្នក​ប្រដាល់ ​បារាំង ​នោះ​បាន​ឡើយ។​

អ៊ុង វិ​រះ មាន​ប្រវត្តិ​ប្រកួត​ប្រហែល​៦៣​ដង ដែល​ក្នុង​ចំនួន​នេះ​គេ​វាយ​ឈ្នះ​៥៨​ដង ចាញ់​៦​ដង​ប៉ុណ្ណោះ ហើយ​គេ​ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​មួយ​ដែរ​នៅ​ក្នុង​ស្រុក​ខ្មែរ​នេះ។ ចាំ​មើល តើ​ អ៊ុង ​វិ​រះ ឬ Dimitri Cerberes ដែល​ឈ្នះ​ក្នុង​ការ​ប្រកួត​គ្នា​នេះ? ​

ឈឿន ឆៃ​ដែន ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Big Msor.Thosaphorn ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។ ​ពីរ​នាក់​នេះ មាន​កម្ពស់​ប្រហែល​គ្នា​គឺ​១,៧០​ម៉ែត្រ និង​មាន​ប្រវត្តិ​ប្រកួត​ប្រហាក់ប្រហែល​គ្នា​ដែរ។

បើ​តាម​អ្នក​ផ្គូផ្គង​ឲ្យ​ដឹង​នោះ​ថា អ្នក​ប្រដាល់​ថៃ​រូប​នេះ ខ្លាំង​គួរសម​ដែរ ប៉ុន្តែ​គេ​មិន​ធ្លាប់​ដែល​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្តង​ណា​នោះ​ឡើយ​ទេ។​ ចំណែក ឈឿន ឆៃ​ដែន វិញ គឺជា​លើក​ទី​២​សម្រាប់​រូបគេ​ដែល​ឡើង ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​នោះ កាលពី​លើក​ទី១​ ឆៃ​ដែន បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Seanrak Khatmana នៅ​ក្នុង​ទឹក​ទី​៤។

ឆៃ​ដែន គេ​ជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​ទម្ងន់​៦០​គ​.​ក្រ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន។ គេ​មាន​កណ្ដាប់ដៃ​ខ្លាំង​គួរសម​ដែរ។​ ក្នុង​ប្រវត្តិ​ប្រកួត​ចំនួន​៧៧​ដង គេ​វាយ​ឈ្នះ​៥៧​ដង ចាញ់​១៥​ដង និង​ស្មើ​០៥​ដង ហើយ​ធ្លាប់​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​១៨​ដង។​

ប៉ុន្តែ​យ៉ាងណា ឈឿន ឆៃ​ដែន ឡើង​ប្រកួត​លើក​នេះ អាច​នឹង​ជួប​ការ​លំបាក​ដោយសារ​ជា​ការ​ប្រកួត​ថ្មីថ្មោង​របស់​គេ ជាមួយ​អ្នក​ប្រដាល់​បរទេស​នោះ។ ឆៃ​ដែន ប្រកួត​ចុងក្រោយ​នេះ គេ​វាយ​ចាញ់​ ហេង វាសនា ក្លិប​ព្រៃទទឹង​ខេត្ត​បាត់ដំបង​ដោយ​ពិន្ទុ កាលពី​ថ្ងៃ​ទី​២០​ ខែ​មិថុនា ឆ្នាំ​២០១៥។​ ចាំ​មើល រវាង ​ឈឿន ឆៃ​ដែន និង អ្នក​ប្រដាល់​ថៃ​Big Msor.Thosaphorn តើន​រណា​ជា​អ្នកឈ្នះ​ក្នុង​ការ​ជួប​គ្នា​នេះ? ​

ក្រៅពី​គូ​អន្តរជាតិ​នេះ ម៉ន ចាន់​ដា​រ៉ា អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​ ឃីម សា​វ៉េ​ត អ្នក​ប្រដាល់​ក្លិប​ព្រះខ័ន​រាជ ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម។​

រវាង​ពួកគេ​ពីរ​នាក់​នេះ ឃីម សា​វ៉េ​ត ទំនងជា​មិន​អាច​ឈ្នះ​ ម៉ន ចាន់​ដា​រ៉ា​ នោះ​ឡើយ ដោយ​ហេតុថា ចាន់​ដា​រ៉ា គេ​ខ្ពស់​ជាង ហើយ​ក្បាច់​ប្រដាល់ ក៏​រាង​លើ​សា​វ៉េ​ត​ដែរ៕

Post a Comment

 
Top