GuidePedia

0
កីឡាករ​ប្រដាល់​ទេស​ សំខាន់​ នៃ​ក្លិប​កង​ពល​តូច​លេខ​ ៧០​ ដែល​ជា​ម្ចាស់​គ្រង​ខ្សែក្រវាត់​ចំនួន​ពីរ​រួម​មាន​ខ្សែក្រវាត់​ស្រាបៀរ​លីអូ​ទម្ងន់​ ៦០ ​គីឡូក្រាម​ និង​ខ្សែ​ក្រវាត់​ស្រាបៀរ​ Black Panther​ ទម្ងន់​ ៦៣,៥​ គីឡូ​ក្រាម កំពុង​ជួប​បញ្ហា​លំបាក​ខ្លាំង​ក្នុង​ជីវភាព ក្រោយ​ពី​រូប​គេ​បាន​រង​របួស​យ៉ាង​ធ្ងន់​អំឡុង​ការ​ប្រកួត​។

សំខាន់ (កណ្តាល) កំពុង​ជួប​ផលវិបាក​ខ្លាំង និង​ស្រែក​រក​ជំនួយ ក្រោយ​បាក់​ឆ្អឹង​ថ្គាម

សំខាន់ ត្រូវ​បាន​កីឡាករ​ថៃ​ខ្វាន់​ចៃ​ ឡូក​មឿន​ឈុន​ ទាត់​ផ្កាប់​ចាន​មួយ​ជើង​ឲ្យ​សន្លប់ និង​បាក់​ឆ្អឹង​ថ្គាម​ពីរ​កន្លែង​ក្នុង​ការ​ប្រកួត​កម្ម​វិធី​ប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​ភេសជ្ជៈ​គោជល់​ កាល​ពី​ថ្ងៃ​៣០​ ខែ​ឧសភា ​ឆ្នាំ​ ២០១៥​ នៅ​សង្វៀន​ស៊ីធីអិន​ឫស្សី​កែវ​។​

ការ​រង​របួស​ធ្ងន់ធ្ងរ​ដែល​តម្រូវ​ឲ្យ​រូបគេ​ត្រូវ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​អស់​រយៈ​ពេល​ដ៏​យូរ និង​​ចំ​ណាយ​អស់​ជិត​ ២​០០០​ ដុល្លារ​ហើយ​នោះ នាំ​ឲ្យ​ជីវភាព​របស់​គ្រួសារ​របស់ ទេស ​សំខាន់​ ជួប​វិបត្តិ​ធ្ងន់ធ្ងរ ហើយ​លោក​គ្រូពេទ្យ​បាន​អះអាង​ថា រយៈ​១៤​ ខែ​ទៀត​ទើប​អាច​ដឹង​ថា​ សំខាន់​ ឡើង​ប្រកួត​ទៀត​បាន​ ឬ​អត់។​

ទេស ​សំខាន់ ​អាយុ​ ២៥​ ឆ្នាំ ​កម្ពស់​ ១,៧០​ ម៉ែត្រ ​ជា​កូន​ទី​ ៤ ​ក្នុង​ចំណោម​បងប្អូន​បង្កើត​ ៩​ នាក់​នៅ​ភូមិ​ឃុំំ​ស្រឡៅ​ពក​ ស្រុក​ចម្ការ​លើ​ ខេត្ត​កំពង់ចាម​ មាន​ប្រវត្តិ​ប្រ​កួត​បាន​ចំនួន​ជាង​ ១០០​ ដង ចាញ់​តែ​ ១៤​ ដង​ប៉ុណ្ណោះ ហើយ​រយៈពេល​តែ​ជាង​ ៥​ ខែ​នៅ​ចុង​ឆ្នាំ​ ២០១៤ ​និង​ដើម​ឆ្នាំ​ ២០១៥​ នេះ ​កីឡាករ​រូប​នេះ​ដណ្តើម​បាន​ខ្សែ​ក្រវាត់​ចំនួន​ពីរ​ស្ថាប័ន​ក្នុង​ប្រភេទ​ទម្ងន់​ផ្សេង​ពី​គ្នា​។​

ទេស​ សំខាន់ បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ ខណៈ​ដែល​រូបគេ​កំពុង​តែ​សម្រាក​ព្យាបាល​របួស​នៅ​ឡើយ​ថា៖ «ខ្ញុំ​កំពុង​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ជីវភាព​ ព្រោះ​ថា ថ្លៃ​ព្យាបាល​ជា​ដំបូង មាន​ការ​វះ​កាត់​ដាក់​អប​នូវ​ដែក​ក្នុង​ថ្គាម ដែល​ត្រូវ​ចំណាយ​អស់​ប្រាក់​ចំនួន ​១​១៨០​ ដុល្លារ​ ​និង​រង់​ចាំ​៦​ខែ​ទៀត​ ទើប​វះ​យក​ដែក​ចេញ​ដែល​ត្រូវ​ចំណាយ​បន្ថែម​ទៀត ដោយ​មិន​ទាន់​គិត​ពី​ថ្លៃ​ថ្នាំ​ និង​ការ​ហូប​ចុក​ សោហ៊ុយ​​ដែល​គ្មាន​ប្រភព​ចំណូល​ឡើយ​»​។

ទេស​ សំខាន់ ​បាន​ត្អូញត្អែរ​ថា​៖​ «ខ្ញុំ​មាន​ការ​អាណិត​ប្រ​ពន្ធ​ខ្ញុំ​ខ្លាំង​ណាស់​ដែល​ទើប​តែ​មាន​កូន​ក្នុង​ផ្ទៃ​ពោះ​ ៤​ ខែ​ បន្ទាប់​ពី​ខ្ញុំ​បាន​រៀប​ការ​កាល​ពី​ថ្ងៃ​ ២៨ ខែ​មេសា​ ឆ្នាំ​ ២០១៥​ ហើយ​ដោយ​សារ​របួស​ពី​ការ​ប្រកួត​នេះ​ ខ្ញុំ​បាន​យក​លុយ​ពី​ប្រពន្ធ​ដែល​បាន​សន្សំ​បាន​តាំង​ពី​នៅ​ក្រមុំ​ដែល​មាន​មាស​ចំនួន​ ៣​ ជី​បន្ថែម​ទៀត​នៅ​តែ​មិន​ទាន់​គ្រប់​ក្នុង​ការ​ព្យាបាល​​»​។​

​កីឡាករ​រូប​នេះ​​បាន​រៀប​រាប់​ពី​ស្ថានភាព​លំបាក​នោះ​ថា​៖​ «បើ​គិត​ពី​រយៈ​ព្យាបាល​ចំនួន​​ ៦​ ខែ​ទៀត និង​បន្ថែម​រយៈ​ពេល​ ៨​ ខែ​ដែល​គ្រូ​ពេទ្យ​តាម​ដាន​នោះ​ ខ្ញុំ​ត្រូវ​ចំណាយ​រយៈ​ពេល​ចំនួន​ ១៤​ ខែ​ ទើប​ទទួល​បាន​ដំណឹង​ច្បាស់​ថា ​អាច​រក​ប្រាក់​បាន​តាមរយៈ​ឡើង​ប្រកួត​បាន​ ឬ​យ៉ាង​ណា​»​។​

ប្រពន្ធ​របស់​ សំខាន់ ​ឈ្មោះ​ ផាន ​រី គឺ​ជា​កម្មការិនី​រោង​ចក្រ ហើយ​ដោយ​មាន​បញ្ហា​ចាញ់​កូន​នោះ​ ប្រពន្ធ​របស់​គេ​បាន​វិល​ទៅ​នៅ​ស្រុក​មួយ​រយៈ​ដែល​ទុក​ឲ្យ​ ទេស ​សំខាន់​ នៅ​ផ្ទះ​ជួល តែ​ម្នាក់​ឯង​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​​ទៅ​មន្ទីរពេទ្យ​។

នាង​ផាន ​រី​បាន​និយាយ​ថា​៖​ «ប្តី​ខ្ញុំ​គាត់​រក​ប្រាក់​តាមរយៈ​ឡើង​វ៉ៃ​ប្រដាល់​ ហើយ​យើង​មើល​ឃើញ​ថា​ ដូច​ជា​បាន​ច្រើន​ ពិសេស​ការ​ឈ្នះ​បាន​ខ្សែ​ក្រវាត់​ចំនួន​ ២​ និង​ម៉ូតូ​ ១​ គ្រឿង​ ប៉ុន្តែ ​ការ​ចំណាយ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ដោយ​រង់ចាំ​ការ​​ឡើង​ប្រកួត​វិញ យើង​ត្រូវ​ចាយ​ប្រាក់​អស់​ និង​ជំពាក់​គេ​ ហើយ​ដល់​ពេល​គាត់​រង​របួស​ធ្ងន់​អ៊ីចឹង​ ខ្ញុំ​ពិត​ជា​គ្មាន​លុយ​គ្រប់គ្រាន់​ឡើយ ហើយ​ក៏​គ្មាន​ចំណូល​អ្វី​ដែរ​»​។

ផាន​ រី​ បាន​បន្ត​​ឲ្យ​ដឹង​ថា​៖​ «ខ្ញុំ​មិន​ដឹង​ថា​ខាង​ណា​ខ្លះ​គេ​ជួយ​ឧបត្ថម្ភ​លុយ​ព្យាបាល​គាត់​ទេ​ ប៉ុន្តែ​ ប្តី​ខ្ញុំ​បាន​យក​ឯក​សារ​ពេទ្យ​ដែល​ចំណាយ​ដំបូង​អស់​ចំនួន​ ១១៨០ ​ដុល្លារ ហើយ​បច្ចុប្បន្ន យើង​ទើប​តែ​ទទួល​បាន​ប្រាក់​ ២០០​ ដុល្លារ ហើយ​គេ​ប្រាប់​ថា​ នឹង​ជួយ​បន្ថែម​ទៀត​ ប៉ុន្តែ មិន​ដឹង​ថ្ងៃ​ណា​ឡើយ​។​

នាង​ផាន ​រី ​បាន​អំពាវ​នាវ​សុំ​ឲ្យ​សប្បុរសជន ​ឬ​អ្នក​ធំ​ និង​អ្នក​ស្រឡាញ់​រាប់​អាន​ទេស​ សំខាន់ ​មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​គាត់​ផង​ពី​ព្រោះ​គ្មាន​ទី​ពឹង​ទេ​។

លោក​វេជ្ជបណ្ឌិត​ចំរើន​ ដែល​ព្យា​បាល​របួស​ ទេស​ សំខាន់​ មាន​ប្រសាសន៍​ថា៖​ «ទេស សំខាន់ បាន​បាក់​ឆ្អឹង​ថ្គាម​ពីរ​កន្លែង ហើយ​ឆ្អឹង​ត្រង់​នេះ​ងាយ​នឹង​ជា​សះ​ស្បើយ​ទេ​ ប្រសិន​បើ​យើង​ព្យាបាល ហើយ​អ្នក​ជំងឺ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​​»​។

កន្លង​មក​កីឡាករ​ប្រ​ដាល់​ដែល​ទទួល​រង​គ្រោះ​ថ្នាក់​ធំៗ​លើ​សង្វៀន​ តែង​តែ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ថ្នាក់​ដឹក​នាំ​សប្បុរសជន​ផង​ដែរ​ដូច​ជា​កីឡាករ​ឯម​ វិចិត្រ ​ដែល​ធ្លាប់​បាក់​ថ្គាម​ដោយ​សារ​តែ ឈិន ​ក្វាន់​ង៉ុយ​ នៅ​សង្វៀន​លេខ​ ៣​ ទទួល​បាន​ការ​ឧបត្ថម្ភ​ដើម្បី​ព្យាបាល​ពី​លោក​ស្រី​ ហ៊ុន​ ម៉ាណា​។

​កាល​ពី​សប្តាហ៍​មុន​ថ្មីៗ​នេះ​ លោក​ស្រី​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ បាន​ប្រកាស​ផ្តល់​ប្រាក់​ចំនួន​ ៥​០០០ ដុល្លារ​ឲ្យ​ទៅ​កីឡាករ​វ៉ន ​វីវ៉ា ដែល​ត្រូវ​បាន​កីឡាករ​ថៃ ទាត់​ឲ្យ​បាក់​ឆ្អឹង​ដៃ​នៅ​បាយ័ន​​។ ប៉ុន្តែ​ សំខាន់​ ដែល​បាន​បាក់​ឆ្អឹង​ថ្គាម​នៅ​សង្វៀន​ស៊ី​ធី​អិន​តាំង​ពី​ថ្ងៃ​ទី​ ៣០ ​ខែ​ឧសភា ​កំពុង​តែ​វេទនា​ និង​មិន​ទាន់​ឃើញ​មា​នសប្បុរស​ជន​ ឬ​អ្នក​ធំ​ណា​ជួយ​នៅ​ឡើយ​ទេ​៕​

Post a Comment

 
Top