GuidePedia

0
ក្លិប Liverpool នឹង​​បោះ​ជំហាន​​​ដើម្បី​ធ្វើ​ការ​​ប្រមាញ់​ទិញ​ Christian Benteke ក្រោយ​ពី​ការ​ចាក​ចេញ​ទៅរបស់​ខ្សែ​បម្រើ​ប្រយុទ្ធ Raheem Sterling ទៅ​កាន់​ក្លិប Manchester City ប៉ុន្តែ ក្លិប Aston Villa នៅ​តែ​រក្សា​ជំហរ​ថា ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បែល​ហ្ស៊ិក​រូប​នេះ នឹង​មិន​ត្រូវ​បាន​អនុ​​ញ្ញាត​ឲ្យ​ចាក​ចេញ​ឡើយ ប្រសិន​បើ​​តម្លៃ​ខ្លួន​ទិញ​រំ​​លាយ​កិច្ច​សន្យា​ចំនួន​៣២,៥​លាន​ផោន (ស្មើ​នឹង​៥០,៧​លាន​ដុល្លារ​អាមេ​រិក) មិន​ត្រូវ​បាន​​ផ្តល់​ជូន​​ទេ​នោះ​។


ការ​ពិភាក្សា​ផ្សេង​ៗ​នឹង​ត្រូវ​​រៀប​ចំ​ឡើង​​រវាង​ក្លិប Liverpool និង Aston Villa ក្នុង​ប៉ុន្មាន​​ថ្ងៃ​ខាង​មុខ​នេះ ក្រោយ​ពី​រឿង​រ៉ាវ​​នៃ​ការ​ផ្ទេរ​ចេញ​របស់ Sterling ត្រូវ​បានប​ញ្ចប់ ស្រប​ពេល​ Benteke ត្រូវ​បាន​ចាត់​ទុក​ថា ជា​ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​ក្នុង​ក្រប​ខ័ណ្ឌ Premier League ដែល​លោក​គ្រូ​បង្វឹក Brendan Rodgers ចង់​បាន​ដើម្បី​ផ្តល់​ឲ្យ​ក្រុម​របស់​លោក​​មាន​ភាព​ខ្លាំង​ជាង​ឆ្នាំ​មុន​។

Liverpool ហាក់​ដូច​​ជា​មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​​ដាក់​សំណើ​ដេញ​ថ្លៃ​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​​មាន​ការ​ឈាន​ដល់​​ការ​ព្រម​ព្រៀង​​មួយ​ដើម្បី​​នាំ​យក Benteke តែ​ម្តង ដោយ​សារ​តែ​មាន​អារម្មណ៍​ថា ចំនួន​​​ទឹក​ប្រាក់​៣២,៥​លាន​ផោន ហាក់​ដូច​ជា​ខ្ពស់​ពេក​​ហើយ​សម្រាប់​តម្លៃ​ខ្លួន​កីឡាករ​រូប​នេះ​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ជំហរ​​នៃ​ការ​ដាក់​តម្លៃ​ខ្លួន​នោះ នឹង​មិន​មាន​ការ​ផ្លាស់​ប្តូរ​ឡើយ ប្រសិន​បើ​ Liverpool ពិត​ជា​ចង់​ចុះ​ហត្ថ​លេខា​ជា​មួយ​នឹង​កីឡាករ​​ម្នាក់​ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​​៤២​គ្រាប់​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League សម្រាប់ Aston Villa ក្នុង​រយៈ​ពេល​៣រ​ដូវ​កាល​នោះ​​។


លោក Tim Sherwood គ្រូ​បង្វឹក​របស់​ក្រុម Aston Villa បាន​ឲ្យ​ដឹង​ថា៖ «យើង​ដឹង​ថា Christian គឺ​ជា​កីឡាករ​ដ៏​ឆ្នើម​ម្នាក់ ហើយ​យើង​ចង់​​រក្សា​ទុក​រូប​គេ​ក្នុង​ក្រុម​។ ប្រសិន​បើ​មាន​​ក្លិប​ណា​ផ្តល់​តម្លៃ​ខ្លួន​​តាម​ការ​ស្នើ​សុំ វា​គ្មាន​ហេតុ​ផល​ដែល​យើង​អាច​រក្សា​ទុក​បាន​ឡើយ​។ ប៉ុន្តែ មក​ទល់​ពេល​នេះ រូប​គេ​នៅ​​តែ​ជា​កីឡាករ​របស់ Aston Villa ហើយ​យើង​ពិត​ជា​រីក​រាយ​ណាស់​»​៕

Post a Comment

 
Top