GuidePedia

0
អ្នក​ប្រដាល់​ថៃ​៥​រូប ដែល​ឆ្លងដែន​មក​វាយ​ជាមួយ​អ្នក​ប្រដាល់​កម្ពុជា នៅ​លើ​សង្វៀន SEA-TV កាលពី​អាទិត្យ​ថ្ងៃ​ទី​៧​មិថុនា​២០១៥​នោះ មាន​ម្នាក់​ប៉ុណ្ណោះ​ដែល​ឈ្នះ​ហើយ​ម្នាក់ទៀត​ស្មើ និង​៣​នាក់​ចាញ់​អ្នក​ប្រដាល់​កម្ពុជា​យើង។


អ្នក​ប្រដាល់​ថៃ​ដែល​វាយ​ឈ្នះ​នោះ គឺ Pheat Serik ដោយ​បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ពុទ្ធ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ដោយ​ពិន្ទុ​ដាច់​តែម្តង បន្ទាប់ពី​ប្រកួត​ប្រាំ​ទឹក​ពេញ​នោះ។ ស្ថានភាព​ប្រកួត​ពេលនោះ រិទ្ធី​ដែល​ខ្ពស់​ជាង​នោះ ខំ​វាយ​សម្រុក​ទាំង​កម្រោល​លើ​អ្នក​ប្រដាល់​ថៃ Pheat Serik តែ​បន្ទាប់ពី​ឆ្លងកាត់​បាន ២ ទឹក គេ​មិន​អាច​ផ្ដួល​អ្នក​ប្រដាល់​ថៃ​បាន​នោះ ឆាយ​រិទ្ធី​ចាប់ផ្តើម​ស្រុត​កម្លាំង ហើយ​ដកថយ និង ការពារ​វិញ​ម្ដង។​

ផ្ទុយ​ពី Pheat Serik ដែល​សម្រុកចូល​តាំងពី​ទឹក​ទី ១ ដល់​ទឹក​ទី ៥ ហើយ​ទីបំផុត​គេ​ជា​អ្នកឈ្នះ​ពិន្ទុ​ពុទ្ធ ឆាយ​រិទ្ធី។ រឿ​ម វណ្ណៈ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ Yort Yuth ដោយ​ពិន្ទុ​ទាំង​ត្រដាបត្រដួស។

​ ពីរ​ទឹក​ដំបូង ជា​ឱកាស​របស់​វណ្ណៈ​គេ​បាន​បញ្ចេញ​សន្ទុះ​ជើង​ទាត់​ទៅលើ​អ្នក​ប្រដាល់​ថៃ​យ៉ាង​ខ្លាំង​និង​ញាប់​រន្ថើន តែ​បន្ទាប់ពី​ទឹក​ទី ៣​ទៅ​Yort Yuth​ជា​អ្នក​ដេញ​វាយ​រឿ​ម វ​ណ្ណះ វិញ ធ្វើ​ឲ្យ​វ​ណ្ណះ​ដកថយ និង ការពារ​វិញ។ ប្រកួត​ចប់​ទឹក​ទី ៥ រឿ​ម វណ្ណៈ​ឈ្នះ​ពិន្ទុ Yort Yuth ដែល​នេះ​ជា​ជ័យជំនះ​ទាំង​លំបាក។ បើ​កុំ​តែ​បាន ២ ទឹក​ដំបូង​យោង​នោះ វណ្ណៈ​ប្រហែលជា​មិនបាន​ត្រូវ​អាជ្ញា​កណ្តាល​លើកដៃ​ឈ្នះ​នោះ​ឡើយ ។

​ឯម សុធី អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ៍​សែន​ជ័យ ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ប្រដាល់​ថៃ KHAM បន្ទាប់ពី​ពួកគេ​តស៊ូ​ជាមួយគ្នា ៥ ទឹក​ពេញ​នោះ។ អ្នក​ប្រដាល់​ទាំង ២ រូប​នេះ ប្រកួត​គ្នា​ល្អមើល គឺ​វាយ​គ្នា​សង​ទៅ​សង​មក​យ៉ាង​ជក់ចិត្ត មិនតែប៉ុណ្ណោះ​ពួកគេ​ហាក់​ដូច​ជា​មានប្រៀប​លើ​គ្នា​ម្ដងម្នាក់ ។​ដោយសារតែ​វាយ​ទៅ​វា​យមក​បែបនេះ ទើប​បន្ទាប់ពី​ប្រកួត​គ្នា​ចប់ ៥ ទឹក លទ្ធផល​គឺ​ស្មើគ្នា​។​

ចំពោះ​អ្នក​ប្រដាល់​សុខ ធី មកពី​ក្លិប​ក្រុង​ប៉ោយប៉ែត បាន​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​Khum Lek ដោយ​ពិន្ទុ ក្នុង​កម្មវិធី​ប្រដាល់​Black Cat។ ពីរ​នាក់​នេះ វាយ​គ្នា​ទៅវិញទៅមក​ពេញ​ទាំង​៥​ទឹក តែ​ដោយ​សុខ ធី គេ​វាយ​ចូល ត្រូវចំ​គោលដៅ​ច្រើនជាង ទើប​បាន​ទទួល​ជ័យជំនះ​ដោយ​ពិន្ទុ​នេះ ។​

​ អ្នក​ប្រដាល់​វ័យក្មេង សុខ ធី ដែលជា​កូនសិស្ស​អតីត​ជើង​ខ្លាំង​ជាយដែន​សាន សៅ​យ៉ាន់ ក្លិប​ក្រុង​ប៉ោយប៉ែត​នេះ មាន​កំណត់​ត្រា​ប្រកួត​ចំនួន ៧៥ លើក ឈ្នះ​៦៨​លើក ចាញ់​០៧​លើក និង​មិនដែល​ស្មើ គឺ​លើស​Khum Lek​ដែល​ប្រកួត​បាន​៤៦​លើក ឈ្នះ​៤២​លើក ចាញ់​០៣​លើក និង​ស្មើ​០១​លើក។ Khumlek នេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្តង​ហើយ​លើស​ង្វៀន​SEA-TV​នេះ ដោយ​ត្រូវ​អ្នក​ប្រដាល់​កម្ពុជា​ម៉ន វិ​រះ ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក វាយ​អោយ​សន្លប់​ក្នុង​ទឹក​ទី​២ កាលពី​ថ្ងៃទី​១២​មេសា​២០១៥ ។​ឥឡូវ​មក​ចាញ់​សុខ ធី ដោយ​ពិន្ទុ​ទៀត។

ចំពោះ អ៊ុង វិ​រះ អ្នក​ប្រដាល់​ជើង​ខ្លាំង​នៃ​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ក៏បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​Entrey Thang ដោយ​ពិន្ទុ​ដែរ ក្រោយ​ប្រកួត​គ្នា​ប្រាំ​ទឹក​ពេញ​នោះ។ វិ​រះ លើក​នេះ ប៉ះចំ​ជើង​ខ្លាំង ដោយ Entrey Thang នេះ មិន​ត្រឹមតែ​ខ្ពស់​ទេ គឺ​មាន​កំណត់ត្រា​ប្រកួត​ច្រើន​គួរសម​ដែរ គឺ ៩៨ លើក ឈ្នះ​៨៤​លើក ចាញ់​១២​លើក និង ស្មើ​០២​លើក ហើយ​ថែមទាំង​ធ្លាប់​ផ្តួល​ដៃគូ​ប្រកួត​អោយ​សន្លប់​ជា​ច្រើនដង​ថែមទៀត។

នៅ​ក្នុង​ទឹក​ទី​៣ វិ​រះ​ធ្វេសប្រហែស ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ថៃ​រូប​នោះ ធាក់​ត្រូវ​មុខ មួយ​ជើង​សឹងតែ​ដាច់​ផ្ងារ​ក្រោយ ប៉ុន្តែ​យ៉ាងណា​មិនបាន​ធ្វើ​ឲ្យ​អ៊ុង វិ​រះ ខ្លាច​នោះ​ឡើយ។ ជា​ការ​សងសឹក​វិញ វិ​រះ ក្នុង​ទឹក​ទី​៤​បាន​ប្រើ​ជង្គង់​ហោះ​បុក Entrey Thang វិញ បណ្តាល​ឲ្យ​ដួល​លើ​រេញ​ត្រូវ​អាជ្ញា​កណ្តាល​រាប់​ដល់​៨​ហើយ​ក្នុង​ទឹក​៥ បាន​ដាល់​ត្រូវ​មុខ Entrey Thang​ពេញៗ​ថែមទៀត។ បញ្ចប់​ការប្រកួត អ៊ុង វិ​រះ ឈ្នះ Entrey Thang​ដោយ​ពិន្ទុ។

*សោ​ភ័​ណ្ឌ​ឈ្នះ​លឿង​រ៉ា សង្ឃឹម​ឈ្នះ​គង់​រាជ

តក់ សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​ម្កុដ​រាជសីហ៍ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ឡុង លឿង​រ៉ា ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ ក្នុងការ​ជួបគ្នា​ក្នុង​កម្មវិធី​ប្រដាល់​ស្រា​បៀរ​កម្ពុជា។ តក់ សោ​ភ័​ណ្ឌ ឥឡូវនេះ​មិន​នៅក្នុង​ក្លិប​អេ​ភូ​ថង​កីឡា​ទៀត​នោះទេ គឺ​បានមក​នៅ​ក្លិប​ម្កុដ​រាជសីហ៍​វិញ​ហើយ។​ សម្រាប់​ការជួប​ជាមួយ​ឡុង លឿង​រ៉ា​នេះ តក់ សោ​ភ័​ណ្ឌ​ឈ្នះ​ដោយ​វេទនា​ដែរ​ទេ។

ឡុង លឿង​រ៉ា ក្នុង​ទឹក​ទី​៤​ត្រូវ​សោ​ភ័​ណ្ឌ​វាយ​កែង​ត្រូវ បណ្តាល​ឲ្យ​បែក​ឈាម​ចុង​ភ្នែក​ឆ្វេង តែ​ពុំបាន​រំខាន​ដល់​ការប្រកួត​របស់​លឿង​រ៉ា​នោះ​ទេ គឺ​រឹតតែ​សម្រុក​វាយ​សោ​ភ័​ណ្ឌ​ថែមទៀត ។​ ​ដោយសារតែ​ការ​សម្រុកចូល​របស់​លឿង​រ៉ា ហាក់​ដូចជា​ចូល​ទៅ​ឲ្យ​សោ​ភ័​ណ្ឌ​វាយ​នោះ ទើប​ក្រោយ​បញ្ចប់​ការប្រកួត លឿង​រ៉ា​ចាញ់​ពិន្ទុ​បែបនេះ។

ឆាយ ម៉េ​ត អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្ត​បាត់ដំបង ឡើង​សងសឹក​គឿ​ម សុវណ្ណ​នឿ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​ខេត្តពោធិ៍សាត់ មិនបាន​សម្រេច​នោះ​ឡើយ ។ ពួកគេ​ពីរ​នាក់​នេះ វាយ​ខ្លាំង​ដូចគ្នា គ្រាន់តែ​សុវណ្ណ​នឿ​ត​គេ​វាយ​ត្រូវចំ​គោលដៅ​ល្អ​ជាង ។ ដូច្នេះ​ហើយ បន្ទាប់ពី​វាយ​គ្នា​ចប់​ប្រាំ​ទឹក​នោះ ឆាយ ម៉េ​ត ចាញ់​សុវណ្ណ​នឿ​ត​ដោយ​ពិន្ទុ​ម្តងទៀត ។​ ​បឺត សង្ឃឹម អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក បាន​វាយ​ឈ្នះ​ចាន់ គង់​រាជ អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ​ដោយ​ពិន្ទុ​ដែរ។

*ឱម សំរេច និង ថុល មករា ជ្រុះ​ធ្លាក់​ពី​ការប្រកួត

ព្រឹត្តិការណ៍ K-Cement ទម្ងន់​៦០​គីឡូក្រាម​លើស​ង្វៀន SEA-TV កាលពី​នា​រសៀល​ថ្ងៃទី​៦​មិថុនា​បានបញ្ចប់​ការប្រកួត​ជុំ​ទី ២ ហើយ ហើយក៏​រកឃើញ​អ្នក​ដែល​ត្រូវ​ឡើងទៅ​ប្រកួត​នៅ​ជុំ​ទី ៣ និង​អ្នក​ដែល​ជ្រុះ​ធ្លាក់​ចេញពី​ការប្រកួត​ដែរ​។​

​មាស ច័ន្ទ​មាន សមាគម​ប្រដាល់​ក្រសួងការពារជាតិ បាន​ប្រកួត​ឈ្នះ​អ្នក​ប្រដា​ល់ឱម សំរេច ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​ដោយ​ពិន្ទុ​ក្នុង​ការប្រកួត​លើកចុងក្រោយ​នេះ ។​ ​ ការបរាជ័យ​នេះ​ធ្វើ​ឲ្យ ៥​ប្រកួត​របស់​សម្រេច​ក្នុង​ជុំ​ទី ២​ចាញ់​ទាំង ៥ ប្រកួត​គឺ​ត្រូវ​ហាលអាវ​ជា​ស្ថាពរ ។ ចំពោះ​ច័ន្ទ​មាន ៥ ប្រកួត​ឈ្នះ ២ ប្រកួត​ចាញ់ ៣ ប្រកួត​នោះបាន​ឡើងទៅ​ប្រកួត​នៅ​ជុំ​ទី ៣​ទាំង​ត្រដាបត្រដួស​ដោយ​ឈរ​ក្នុង​តំណែង​លេខ ៤ ។​

លាស់ យីន ក្លិប​សម្រែក​រាជសីហ៍​ប​ង្ក្រា​ប​គ្រឿងញៀន វាយ​ចាញ់​សូត្រ ប៊ុន​ធី​ក្លិប​បក្សី​ស្លាប​ដែក​នៅ​ទឹក​ទី ២​បន្ទាប់ពី​ប៊ុន​ធី​អុក​នឹង​ជង្គង់​ចំ​មុខ និង​ទាត់​ចំ ក នោះ ។​ ​លាស់ យីន ៥ ប្រកួត​ឈ្នះ ៣ ប្រកួត​ចាញ់ ២ ប្រកួត​បាន​ឡើង​ប្រកួត​បន្ត​នៅ​ជុំ​ទី ៣​ក្នុង​តំណែង​លេខ ៣ ឯ​ប៊ុន​ធី ៥ ប្រកួត​ឈ្នះ ៤ ប្រកួត​ចាញ់ ១ ប្រកួត​បាន​ឡើង​លេង​បន្ត​ជុំ​ទី ៣​ក្នុង​តំណែង​លេខ ២ ។​

​ឃីម បូរ៉ា​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ប្រកួត​ឈ្នះ​ថុល មករា​ក្លិប​ឃ្លាំងមឿង​កីឡា​ដោយ​ពិន្ទុ ។ ជាមួយនឹង​ជ័យជំនះ​នេះ​ធ្វើ​ឲ្យ​៥ ប្រកួត​របស់​បូរ៉ា​ក្នុង​ជុំ​ទី ២ ឈ្នះ​ទាំង ៥ ប្រកួត​ឈរ​នៅ​តំណែង​លេខ ១ ។ ចំពោះ​ថុល មករា ជ្រុះ​ធ្លាក់​ចេញពី​ការប្រកួត​ហើយដោយ​៥ ប្រកួត​ឈ្នះ ១ ប្រកួត​ចាញ់​៤​ប្រកួត​នោះ៕

Post a Comment

 
Top