GuidePedia

0
ម៉ឺន សុភា អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា នៃ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ បាន​ប្រើ​កណ្ដាប់ដៃ​ផ្ដួល​អ្នក​ប្រដាល់​ថៃ Photsaphol Thongplew មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី ១ ក្នុង​ការ​ជួប​ប្រកួត​លើស​ង្វៀន TV3 នា​ល្ងាច​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ២០១៥។


Photsaphol Thongplew នេះ គេ​បញ្ចេញ​ស្នៀត​ជើង​ទាត់​បាន​ល្អ តែ​នៅ​ពេល​សុភា​បញ្ចេញ​កណ្ដាប់ដៃ​វាយ​សង្គ្រប់​ចំ​កណ្ដាល​មុខ​ពេញៗ​ប៉ុន្មាន​ដៃ​នោះ ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ថៃ​រូប​នេះ សន្លប់​ក្រោក​លែង​រួច​តែម្ដង។ ​កណ្តាប់ដៃ​ឆ្វេង​របស់​សុភា​ខ្លាំងណាស់ ឲ្យតែ​ត្រូវ​ហើយ កម្រ​មាន​អ្នក​ប្រដាល់​ណា​ក្រោក​រួច​នោះ​ឡើយ។

ចំពោះ អ្នក​ប្រដាល់​ហុន ឈុន​ហេង ក្លិប​សម្រែក​រាជសីហ៍​ប​ង្ក្រា​ប​គ្រឿងញៀន​វិញ គេ​បាន​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ Banjong Prombut ដោយ​ពិន្ទុ។ Banjong Prombut អ្នក​ប្រដាល់​ថៃ​រូប​នេះ គេ​នៅ​ចាំ​បាន​ថា ធ្លាប់​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​កម្ពុជា គឺ បាង កា​យ៉ាក់ អ្នក​ប្រដាល់​ក្លិប​ខេត្តកោះកុង​ដោយ​ពិន្ទុ ប៉ុន្តែ​ពេល​ជួប​ជាមួយ​ឈុន​ហេង គេ​បែរជា​វាយ​ចេញ​អត់​រួច​ទៅវិញ។ ក្នុង​ការ​ប្រកួត ៥ ទឹក​នោះ ឈុន​ហេង​ហាក់​ដូច​ជា​មានប្រៀប​ឈ្នះ​សឹងតែ​ភាគច្រើន។ ទោះជា​យ៉ាងណា បន្ទាប់ពី​ប្រកួត ៥ ទឹក​ចប់​នោះ ជ័យជំនះ​ធ្លា​ក់មក​ក្នុង​កណ្ដាប់ដៃ​ហុន ឈុន​ហេង​ដោយ​ពិន្ទុ។​

ផាន់ សារុន អ្នក​ប្រដាល់​ក្លិប​គុជ​សា​កីឡា បាន​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ស្រករ​ក្រោយ សោម វិឆ័យ ក្លិប​សាល​វ័​ន្ត​កីឡា​ដោយ​ពិន្ទុ ក្រោយពី​ប្រកួត​គ្នា​យ៉ាង​តឹងតែង​ពេញ​ប្រាំ​ទឹក​នោះ។ ​សោម វិឆ័យ​ពី​ដំបូង គេ​ផ្គូ​អោយ​ជួប​ជាមួយ​វៀត ប៊ុន​ឌឿ​ន អ្នក​ប្រដាល់​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ទេ តែ​ដោយសារ​គេ​ជាប់​មានធុរៈ ទើប​ប្តូរ​ដាក់​ឲ្យ ផាន់ សារុន​ឡើង​ប្រកួត​ជំនួស​វិញ។

នូវ ស៊ីថា អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ បាន​បំបាក់​អ្នក​ប្រដាល់​ប្រាក់ ចាន់​ស៊ីន ក្លិប​មិត្ត​ប៉ូលិស នៅក្នុង​ទឹក​ទី​៤។ ប្រាក់ ចាន់​ស៊ីន ត្រូវ​អាជ្ញាកណ្តាល​រាប់​៨​ដល់​ទៅ​២​ដង​ក្នុង​ទឹក​ទី​៣ ដោយសារ​ត្រូវ​នឹង​កណ្តាប់ដៃ​របស់​ស៊ីថា ដាល់​ត្រូវ​មុខ​ផ្ទួនៗ​នោះ។ នៅ​ទឹក​ទឹក​ទី​៤ ចាន់​ស៊ីន ក៏​មិន​អាច​ទប់ទល់​ជាមួយ​កណ្តាប់ដៃ​របស់​ស៊ីថា​បាន​ដែរ ធ្វើ​ឲ្យ​អាជ្ញាកណ្តាល​សម្រេច​បញ្ឈប់​គេ​លែង​ឲ្យ​ប្រកួត​តែម្តង ព្រោះ​គ្មាន​សមត្ថភាព​អាច​តតាំង​ជាមួយ​ប្រាក់ ចាន់​ស៊ីន​បាន​នោះ​ឡើយ។

ចំណែក យ៉ា​ម ឡយ អ្នក​ប្រដាល់​ក្លិប​រស្មី​កុមារ​កំព្រា បាន​វាយ​ឈ្នះ​ឆេង ពន្លក អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ​ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ៕

Post a Comment

 
Top