GuidePedia

0
សេក គឹម​ផៃ អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្ត​សៀមរាប បាន​ផ្ដួល​អ្នក​ប្រដាល់ ថៃ​Nong Ou ឲ្យ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​២ ក្នុង​ការ​ជួប​គ្នា​នា​រសៀល​ថ្ងៃអាទិត្យ ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥​នេះ នៅ​លើ​សង្វៀន​ស្រា​បៀរ​កម្ពុជា​នៅ​SEA-TV ។​


ជា​ជ័យជំនះ​លើក​ទី​២​របស់ សេក គឹម​ផៃ ហើយ ដែល​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​នោះ។​Nong Ou ត្រូវ​ គឹម​ផៃ​ ទាត់​ត្រូវ​លើ​ក្បាលជង្គង់​ឆ្វេង​ជាច្រើន​ជើង ធ្វើ​ឲ្យ​មាន​បញ្ហា​សន្លាក់ មិន​អាច​តស៊ូ​ប្រកួត​ទៀត​បាន ហើយក៏​បោះបង់​ការប្រកួត​តែម្ដង​នៅ​ក្រោយ​បញ្ចប់​ទឹក​ទី​១។​

Nong Ou គេ​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​SEA-TV​នេះ​៤​លើក​ហើយ​ទាំង​លើក​នេះ ដែល​លើក​ទី​១ គេ​វាយ​ចាញ់​ ផល​ សោ​ភ័​ណ្ឌ ​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ក្នុង​ទឹក​ទី​៣ លើក​ទី​២(១៦​វិច្ឆិកា​២០១៤) គេ​បាន​ផ្ដួល​អ្នក​ប្រដាល់​ វៀត ប៊ុន​ឌឿ​ន សមាគម​កីឡា​ក្រសួងការពារជាតិ​ក្នុង​ទឹក​ទី​២ និង​មក​លើក​ទី​៣(០១​មីនា​២០១៥) គេ​បាន​វាយ​ឈ្នះ​ ផន ផល្លា អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ​ដោយ​ពិន្ទុ តែ​លើក​ទី​៤​នេះ​ត្រូវ​ចាញ់​ សេក​ គឹម​ផៃ ​ក្នុង​ទឹក​ទី​១។

ឯម វិចិត្រ អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ គេ​បាន​យកឈ្នះ​លើ​អ្នក​ប្រដាល់​ថៃ Chheang Krey ក្នុង​ទឹក​ទី​៤ ក្នុង​ខណៈ​ដែល​រូបគេ​ត្រូវ​អ្នក​ប្រដាល់​ថៃ​នោះ វាយ​កែង​ឲ្យ​សន្លប់​នោះ។

តែ​ដោយសារ​អ្នក​ប្រដាល់​ថៃ​Chheang Krey វាយ​ខុស​លក្ខណៈ​បច្ចេកទេស ដោយ​វាយ​ពី​ក្រោយ​នោះ អាជ្ញាកណ្ដាល​បាន​ពិន័យ​ឲ្យ​ចាញ់​ ឯម វិចិត្រ​វិញ។ វិចិត្រ​នេះ មិន​ធ្លាប់​ដែល​មក​ប្រកួត​នៅ​កម្ពុជា​ទេ​កន្លងមក។ បើ​តាម​លោក ​ញាណ សុធី បើ​កុំ​តែ​បាន​ថៃ​វាយ​ខុស​លក្ខណៈ​បច្ចេកទេស​នោះ ក៏​គ្មាន​វាសនា​បាន​ឈ្នះ​ថៃ​នោះ​ដែរ ព្រោះ​ប្រកួត​បួន​ទឹក​នេះ ចាញ់​ថៃ​បាត់​ទៅ​ហើយ​នោះ។​

ចំពោះ​ការប្រកួត​រវាង​ខ្មែរ និង​ខ្មែរ​វិញ អ្នក​ប្រដាល់​ ផាន់ ចំណាន ក្លិប​រាជសីហ៍​ខេត្ត​រតនគិរី ត្រូវ​ វៀត ប៊ុន​ឌឿ​ន អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ដោយ​ស្នៀត​កែង​ដែរ។​

ចំណែក ព្រឿង សុជាតិ អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡា​ខ​.​ភ​.​ម ប្រកួត​ចាញ់ ប៊ី ចាន់​រ៉ុង អ្នក​ប្រដាល់​ក្លិប​ព្រះខ័ន​រាជ​ដោយ​ពិន្ទុ។​

*សង្វៀន​Black Cat

គង់ ហ៊ូ​វ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ បាន​ប្រកួត​ឈ្នះ​ពិន្ទុ​ ផាន់ ផាត់​យុទ្ធ អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា​ដោយ​លំបាក ក្រោយពី​វាយ​គ្នា​ប្រាំ​ទឹក​ពេញ​លើ​សង្វៀន​Black Cat នា​យប់​ថ្ងៃអាទិត្យ​ទី​២៨ ខែ​មិថុនា នៅ​SEA-TV​នេះ​ដែរ។​

ផាន ផាត់​យុទ្ធ បាន​យក​ប្រៀប​ឈ្នះ​លើ​ គង់ ហ៊ូ​វ ក្នុង​ទឹក​ទី​៣​ទៅ​ហើយ ដោយ​វាយ​ គង់ ហ៊ូ​វ​ឲ្យ​អាជ្ញាកណ្ដាល​រាប់​៨​នោះ ប៉ុន្តែ​មកដល់​ពីរ​ទឹក​ចុងក្រោយ គេ​បែរជា​វាយ​ចាញ់​ គង់ ហ៊ូ​វ ទៅវិញ។​ ចំណែក ឡុង លឿង​រ៉ា អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ដែល​ឡើង​ប្រកួត​សងសឹក ពុទ្ធ ផន​កុសល អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​នោះ ត្រូវ​ ផន​ កុសល វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២។

ពុទ្ធ​ផន កុសល បាន​ប្រើ​ស្នៀត​កែង​ពុះ​ពីលើ​ចុះក្រោម បណ្ដាល​ឲ្យ​ត្រូវ​មុខ​ ឯម លឿង​រ៉ា ដួល​សន្លប់​លែង​ក្រោក​តែម្ដង។​ ឯ ផុន ផូ​ល អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ ដែល​ឡើង​ប្រកួត​សងសឹក​ ពុទ្ធ សុជាតិ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ដែរ​នោះ គេ​ធ្វើ​បាន​សម្រេច ​ដោយ​យកឈ្នះ​ សុជាតិ​ ដោយ​ពិន្ទុ។

ពុទ្ធ សុជាតិ ក្នុង​ទឹក​ទី​៣ ត្រូវ​បែក​ឈាម​ក្បាល​ដោយសារ​កែង​របស់ ផុន ផូ​ល ហើយ​ក្នុង​ទឹក​ទី​៤ ក៏​បែក​ឈាម​ម្ខាង​ទៀត ដោយសារ​កែង​របស់ ផុន ផុល ទៀត។ ដូច្នេះ​ហើយ ទើប​ចប់​ការប្រកួត សុជាតិ​ចាញ់​ ផុន​ ផុល​ ដោយ​ពិន្ទុ។ អ្នក​ប្រដាល់​ជើង​ថ្មី វ៉ន វ៉ុ​ន ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ ​ផាន រះ អ្នក​ប្រដាល់​ជើង​ថ្មី​ក្លិប​តា​ព្រហ្ម​មានជ័យ។​

*ថន វាសនា ចាញ់ ម៉ន លី​ហ៊ួ​រ លើ​សង្វៀន​Ganzberg

ម៉ន លី​ហ៊ួ​រ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក បាន​យកឈ្នះ ថន វាសនា អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ​ដោយ​ពិន្ទុ​ជា​លើក​ទី​៤​នៅ​ក្នុង​ការ​ជួប​ប្រកួត​គ្នា​នៅ​លើ​សង្វៀន​Ganzberg នៅ​SEA-TV នា​ព្រឹក​ថ្ងៃអាទិត្យ​ ទី​២៨ ខែ​មិថុនា។

ពីរ​នាក់​នេះ ធ្លាប់​ប៉ះ​គ្នា​៥​លើក​មក​ហើយ ដោយ ម៉ន លី​ហ៊ួ​រ វាយ​ឈ្នះ​៣​លើក និង​ចាញ់ ថន វាសនា ពីរ​ដង។ ថន វាសនា ដែល​ជា​ជើងឯក​រង​ខ្សែក្រវាត់​គូ​បូ​តា ឯ ម៉ន លី​ហ៊ួ​រ ជា​ម្ចាស់​ជើងឯក​ខ្សែ​ក្រវាត់​គូ​បូ​តា​ទម្ងន់​៥៧​គីឡូក្រាម។

តាមពិត ថន វាសនា គេ​វាយ​មាន​ផ្លែ​ល្អ​ជាង លី​ហ៊ួ​រ ប៉ុន្តែ វាសនា គេ​ឆាប់​ធ្លាក់​ចុះ​ខ្សោយកម្លាំង​ស៊ុ​ហ្វ ទើប​ចាញ់​ការ​សម្រុក​វាយ​របស់ ម៉​ន លី​ហ៊ួ​រ នោះ។ ដូចជា​ការ​ជួប​គ្នា​លើក​នេះ លី​ហ៊ួ​រ វាយ​សម្រុក​តែ​ពីរ​ទឹក​ចុងក្រោយ​ប៉ុណ្ណោះ​ ក៏​អាច​យកឈ្នះ​លើ​ ថន វាសនា​ ដោយ​ពិន្ទុ​ បាន​យ៉ាង​ស្រួល​ដែរ ។

អ្នក​ប្រដាល់ ឃីម សា​វ៉េ​ត ក្លិប​ព្រះខ័ន​រាជ​ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ប្រដាល់​ យ៉​ន វិចិត្រ​ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១។ វិចិត្រ​ ព្យាយាម​វាយប្រហារ​លើ​ជើង​ក្រោម ​សា​វ៉េ​ត​ យ៉ាង​ខ្លាំងៗ តែ ​សា​វ៉េ​ត​បាន​ព្យាយាម​ចូល​កៀក ដើម្បី​ប្រើ​ជង្គង់​វាយប្រហារ​សង​វិញ។ អ្នក​ប្រដាល់​ទាំង​២​រូប​នេះ​ប្រកួត​គ្នា​ពេញ​ទាំង​៥​ទឹក​ ដោយ​វាយ​សង​ទៅវិញទៅមក​យ៉ាង​ជក់ចិត្ត។ លទ្ធផល​ចុងក្រោយ​បាន​ត្រឹម​ស្មើ​ពិន្ទុ​គ្នា​ប៉ុណ្ណោះ។​

ហេង ពន្លឺ ក្លិប​ព្រៃទទឹង​ខេត្ត​បាត់ដំបង ​ប្រើ​កណ្ដាប់ដៃ​ផ្ដួល​អ្នក​ប្រដាល់​ ម៉ន វ៉ា​ន្នី ក្លិប​ការិយា​ល័យ​ទី​៥ កងទ័ពជើងគោក​ឲ្យ​សន្លប់​នៅ​ទឹក​ទី​៣។ នៅ​ចុង​ទឹក​ទី​២​ ពន្លឺ​ ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ បន្ទាប់​ពី​ត្រូវ​មួយ​ជង្គង់​ វ៉ា​ន្នី​ នោះ។​

ទួន កែវ​ឆា​យ៉ា​ ក្លិប​កងពលតូច​លេខ​៤១ ប្រកួត​ចាញ់ ​លីន ជី ​ក្លិប​គុហារ​ព្រហ្ម​មានជ័យ​ដោយ​ពិន្ទុ​ បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ។ ចំណែក ថន ភឿ​ត ​ក្លិប​ឃ្លាំងមឿង​កីឡា​ប្រកួត​ឈ្នះ​ពិន្ទុ​ ធន សុភា ​ក្លិប​ពន្លឺ​សាមគ្គី​ខេត្ត​បាត់ដំបង។​

*សង្វៀន​K.Cement

ការ​ប្រកួត​ប្រដាល់​នៅ​សង្វៀន​K.Cement​ ថ្ងៃ​ទី​២៧ ខែ​មិថុនា​នោះ អ្នក​ប្រដាល់ វ៉ាន់ ចាន់​វ៉េ​ត​ក្លិប​គី​សែន​មាន​រិ​ទ្ថិ ប្រកួត​ចាញ់ រឿ​ម វណ្ណៈ សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ដោយ​ពិន្ទុ ឯ កំពែង ខ្មៅ​ ក្លិប​អប្សរា​គុន​ខ្មែរ​ប្រកួត​ចាញ់​ពិន្ទុ ​អ្នក​ប្រដាល់​ អាំង សំអាត​ ក្លិប​តា​ព្រហ្ម​មានជ័យ​ដោយ​ពិន្ទុ​ដែរ ។

យ៉ា លី​ដួង ក្លិប​សេនា​រាជសីហ៍ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ ​ប្រាក់ ចិន្ដា​ ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធិ​ដោយ​ពិន្ទុ។ ចំណែក អ៊ី វ៉ាន់​សក្តិ ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយមានជ័យ​ ប្រកួត​ឈ្នះ​ លី តឿន ​ក្លិប​មិត្ត​ប៉ូលិស​ដោយ​ពិន្ទុ។ គឹម វាសនា ​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១​ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ ​អ៊ុំ កំសត់ ​ក្លិប​ព្រៃទទឹង​ខេត្ត​បាត់ដំបង​ដោយ​ពិន្ទុ៕​

Post a Comment

 
Top