GuidePedia

0
អ្នក​ប្រដាល់​កម្ពុជា​២​រូប ត្រៀម​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នៅលើ​សង្វៀន​SEA-TV ថ្ងៃទី ២១ ខែមិថុនា ២០១៥ នេះ។ ក្នុង​នោះ អ្នក​ប្រដាល់​គង់ សំបូរ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិទ្ធ​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ChhouChhai។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០ គីឡូក្រាម ។


អ្នក​ប្រដាល់ គង់ សំបូរ ជា​លើក​ទី​៥​របស់​គេ​ហើយ ដែល​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​នេះ មិន​ដឹង​ថា យ៉ាងណា​នោះ​ទេ ព្រោះ​កាលពី​ឡើង​ប្រកួត​ជាមួយ​ថៃ​(P I A)​លើក​ទី​៤​កន្លងមក សំបូរ​វាយ​ចាញ់​ដោយ​ពិន្ទុ។

តែ​យ៉ាងណា​បើ​តាម​លោក​ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​SEA-TV​ឲ្យ​ដឹង​នោះ​ថា អ្នក​ប្រដាល់​ថៃ​ChhouChhai​មិនជា​ខ្លាំង​ប៉ុន្មាន​ទេ គ្រាន់តែ​គេ​មាន​ប្រវត្តិ​ប្រកួត​ច្រើនជាង​សំបូរ​ជិត​១០​ដង​ប៉ុណ្ណោះ។ លោក​ថា អ្នក​ប្រដាល់​ថៃ​រូប​នេះ ធ្លាប់​ប្រកួត​បាន​៥៦ លើក ឈ្នះ​៥០​លើក ចាញ់​០៦​លើក និង​មិនដែល​ស្មើ បើ​ប្រៀប​ជាមួយ​សំបូរ​ដែល​ប្រកួត​បាន​៤៨​លើក ឈ្នះ​៣៨​លើក ចាញ់​០៨​លើក និង​ស្មើ​០២​លើក​នោះ គឺ​ច្រើនជាង​០៨​លើក។

ចាំមើល អ្នក​ប្រដាល់​គង់ សំបូរ ប៉ះ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ChhouChhai នេះ តើ​ជួប​សំណាងល្អ ឬមួយ​ជួប​សំណាងអាក្រក់​នោះ ? ។ ព្រំ សំណាង អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ គេ​នឹង​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Toum Tam​ដោយ​ប្រកួត​ក្នុង​ទម្ងន់​៧៥​គីឡូក្រាម។ ព្រំ សំណាង​ជា​ជើង​ខ្លាំង​ម្នាក់​ដែរ​របស់​កម្ពុជា ហើយ​គេ​ក៏​ធ្លាប់​ប្រកួត​ជាមួយ​បរទេស​ច្រើនដង​ហើយ​ដែរ ដោយ​ឈ្នះ​ច្រើនជាង​ចាញ់។ Toum Tam​នេះ មិនដែល​មក​ស្រុក​ខ្មែរ​ទេ​កន្លងមក ។​បើតាម​ប្រវត្តិ​ប្រកួត​របស់គេ មិនជា​អន់​ទេ​ដោយ​ធ្លាប់​ឆ្លងកាត់​ប្រកួត​ចំនួន​៧៧​លើក ក្នុងនោះ​វាយ​ឈ្នះ​៦២​លើក​ទៅ​ហើយ ចាញ់​១៤​លើក និង​ស្មើ​០១​លើក។

អ្នក​ប្រដាល់​កណ្តាប់​ដៃ​ខ្លាំង​និង​កែង​ឆេះ​ព្រំ សំណាង គេ​ប្រកួត​បាន​៦៨​លើក តិចជាង​Toum Tam០៩​លើក​ប៉ុណ្ណោះ ក្នុងនោះ​វាយ​ឈ្នះ​៥៨​លើក​ចាញ់​០៨ លើក និង​ស្មើ​០២​លើក។ គេ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​លើក​ចុងក្រោយ គឺ​ឈ្នះ​BouGnen​ក្នុង​ទឹក​ទី​៥​កាលពី​ថ្ងៃទី​១៩​មេសា​២០១៥ កន្លងមកនេះ។ ចាំមើល ឡើង​ប្រកួត​លើក​នេះ ព្រំ សំណាង អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​Toum Tam​បាន​ឬ​អត់ ? ។ ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ម៉ន ព្រំ​ម៉ាញ អ្នក​ប្រដាល់​ក្លិប​ការិយា​ល័យ​ទី​៥ កងទ័ពជើងគោក នឹង​ជួប​សាក​កណ្តាប់ដៃ​ជាមួយ ហ៊ែ​ល វ៉ា អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម។

ព្រំ​ម៉ាញ មួយ​រយះ​ចុង​ក្រោយនេះ គេ​កាន់តែ​មានការ​ឈានឡើង ដោយ​៥​ប្រកួត​ចុងក្រោយ​នេះ គេ​វាយ​ពុំដែល​ចាញ់​ឡើយ។ ប្រកួត​ចុងក្រោយ​គេ​នេះ ព្រំ​ម៉ាញ​វាយ​ឈ្នះ​ឯម សារ៉ាក់ អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ៍សែន​ជ័យ​ដោយ​ពិន្ទុ ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើម​ប្រាក់​លាន​បាយ័ន កាលពី​ថ្ងៃទី​០៦ មិថុនា​២០១៥។ ហ៊ែ​ល វ៉ា គេ​ក៏​ជា​អ្នក​ប្រដាល់​ជើងចាស់ និង​ជា​ជើង​ខ្លាំង​ម្នាក់​ដែរ។ អ្នក​ប្រដាល់​រូបនេះ ក៏​ប្រកួត​ពុំ​សូវ​ដែល​ចាញ់​ដែរ ទើបតែ​ក្នុង​ការប្រកួត​លើកចុងក្រោយ​(០៦ កុម្ភៈ ២០១៥)​កន្លង​មកនេះ ហ៊ែ​ល វ៉ា វាយ​ចាញ់​យុគ យក្ស​ផ្លែ អ្នក​ប្រដាល់​ក្លិប​អប់រំ​កាយ​កីឡា​ខេត្តបាត់​ដំបង ក្នុង​ទឹក​ទី​២ ដោយសារតែ​ភ្លាត់ស្នៀត​នោះ។ សម្រាប់​ការជួបគ្នា​រវាង​ម៉ន ព្រំ​ម៉ាញ និង ហ៊ែ​ល វ៉ា នេះ ត្រូវ​បាន​គេ​រំពឹង​ថា ជ័យជំនះ​អាច​នឹង​ធ្លាក់​ទៅលើ​ហ៊ែ​ល វ៉ា ដោយសារតែ​ហ៊ែ​ល វ៉ា មាន​តិចនិក​និង​ល្បិចកល​ច្រើនជាង​ម៉ន ព្រំ​ម៉ាញ ។​ដូច្នេះ ចាំមើល​តើ​ដូច​គេ​ទស្សន៍ទាយ​ឬ​អត់ ?។


ពេជ្រ សាម៉ុន អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ ចៅ ចេក​ខ្ចី អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង ។ ពីរ​នាក់​នេះ មិនដែល​ប៉ះគ្នា ទេ​សម្រាប់​ការ​ប្រកួត​នៅ​ភ្នំពេញ​នេះ។ ចៅ ចេក​ខ្ចី គេ​មាន​ស្នៀត​ប្រដាល់​ល្អ​និង​វាយ​ខ្លាំង ឯ​ពេជ្រ សាម៉ុន គេ​ពុំ​សូវ​ដែល​ស្គាល់​ទេ ព្រោះ​គេ​ពុំដែល​ឡើង​មក​ប្រកួត​នៅ​ភ្នំពេញ។ ហេតុនេះ ពុំ​ដឹងថា សាម៉ុន ខ្លាំង​ឬ ខ្សោយ​នោះទេ។ ចំពោះ​អ្នក​ប្រដាល់​សោម ចន្ថា ក្លិប​គី​សែ​មាន​រិ​ទ្ធ នឹង​ជួប​ប្រកួត​ជាមួយ​គឿ​ម សុវណ្ណ អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។ ពីរ​នាក់ នេះ ក៏​មិនដែល​ជួបគ្នា​ដែរ​កន្លងមក។ មិន​ដឹង​ថា អ្នកណា​ឈ្នះ​អ្នកណា​ចាញ់​នោះ​ឡើយ៕

Post a Comment

 
Top