GuidePedia

0
អ្នក​ប្រដាល់​ អៀង ច័ន្ទ​ល័​ក្ខ ក្លិប​កងទ័ពជើងគោក នឹង​ឡើង​សងសឹក ​សល់ ពិសិដ្ឋ​ អ្នក ប្រដាល់​ក្លិប​កុសល​កីឡា​នៅ​លើ​សង្វៀន​SEA-TV​ នា​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​១៣​ ខែ​មិថុនា​ ឆ្នាំ​២០១៥។​ ពួកគេ​ទាំងពីរ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។ កាលពី​ជួប​គ្នា​លើក​មុន​នោះ​(២២​កក្កដា​២០១៤) អៀង ច័ន្ទ​ល័​ក្ខ​ វាយ​ចាញ់​ សល់ ពិសិដ្ឋ​ ដោយ​ពិន្ទុ​ប៉ុណ្ណោះ។​


តាមពិត អៀង ច័ន្ទ​ល័​ក្ខ គេ​ច្រើន​ឡើង​ប្រកួត​វាយ​ដាក់​ទ្រុង ម្ល៉ោះ​ហើយ​គេ​មិនសូវ​ប្រសប់​ក្នុង​ការ​ប្រកួត​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ​ប៉ុន្មាន​ទេ ហើយក៏​ពុំ​សូវ បាន​គេ​ផ្គូផ្គង​ឲ្យ​ប្រកួត​ប្រដាល់​នោះ​ដែរ។ ការប្រកួត​លើក​ចុង​ក្រោយ​នេះ អៀង ច័ន្ទ​ល័​ក្ខ ត្រូវ​ចាញ់ ​ផេង អា​រុណ ក្នុង​ទឹក​១ ដោយសារតែ​គេ​ជ្រុល​វាយ​ថែម​ទៅលើ ​អា​រុណ​ នោះ បណ្ដាល​ឲ្យ​ អា​រុណ ​សន្លប់ ឯ​ខ្លួន​គេ​ត្រូវ​អាជ្ញាកណ្ដាល​ឲ្យ​ចាញ់។​

ចំពោះ សល់ ពិសិដ្ឋ​វិញ គេ​ជា​អ្នក​ប្រដាល់​ជើងចាស់ ចាស់​ទាំង​ស្នៀត​ ចាស់​ទាំង​អាយុ។ ពិសិដ្ឋ រឿង​ស្នៀត​ប្រដាល់ និង​តិចនិក​ប្រកួត គេ​មាន​ពេញ​ខ្លួន ប៉ុន្តែ​រឿង​កម្លាំង​កាយសម្បទា​ គឺ​មិន​ធានា​នោះ​ទេ ព្រោះ​គេ​មាន​អាយុ​ច្រើន​ហើយ មាន​ប្រពន្ធ​កូន​ថែមទៀត ដូច្នេះ​ស៊ុ​ហ្វ​របស់​គេ​មិន​រឹងមាំ​ដូច​ពីមុន​នោះ​ឡើយ។​

ការ​ប្រកួត​ចុងក្រោយ​នេះ សល់ ពិសិដ្ឋ វាយ​ឈ្នះ ​ថន វាសនា អ្នក​ប្រដាល់​ក្លិប​នាគរាជ​មាន​ជ័យ​ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃ​ទី​១៨​ ខែ​មេសា​ ឆ្នាំ​២០១៥។ ចាំ​មើល តើ ​អៀង ច័ន្ទ​ល័​ក្ខ​ គេ​អាច​សងសឹក​សល់ ពិសិដ្ឋ បានសម្រេច​ ឬ​អត់? ​

ឆន ច​ន្នី អ្នក​ប្រដាល់​ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយមានជ័យ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ ម៉ន រដ្ឋា អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក។ ពីរ​នាក់​នេះ​មិនដែល​ប៉ះ​គ្នា​ទេ​ពី​មុន​មក។​

សម្រាប់​ការ​ជួប​គ្នា​រវាង ​ឆន ច​ន្នី និង ម៉ន រដ្ឋា នេះ បើ​តាម​ក្រុម​អ្នក​វិភាគ​ប្រដាល់​វាយ​តម្លៃ ​និង​សន្និដ្ឋាន​មុន​នោះ គឺ​ ឆន ច​ន្នី ទំនងជា​មិន​អាច​ឈ្នះ​ ម៉ន រដ្ឋា នោះ​ឡើយ។ ដោយសារ​ ចន្នី ជា​អ្នក​ប្រដាល់​ចាស់​វស្សា កម្លាំង​ខ្សោយ មិន​អាច​ផ្ដួល​ ម៉ន រដ្ឋា​ បាន​នោះ​ទេ។​

ម៉ន រដ្ឋា គេ​នៅ​ក្មេង ស្នៀត​ប្រដាល់​ល្អ កម្លាំង​ស៊ុ​ហ្វ​ខ្លាំង ហើយ​រហ័សរហួន​ថែមទៀត។ កន្លង​មក​ថ្មីៗ​នេះ រដ្ឋា​ បាន​ផ្ដួល​យកឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ចំនួន​២​នាក់​ហើយ គឺ​ឈ្នះ​ ម៉ាត់ ឆ្វេង អ្នក​ប្រដាល់​ក្លិប​ក្រសួងការពារជាតិ​ក្នុង​ទឹក​ទី​៣ និង​ប្រកួត​ចុងក្រោយ​នេះ រដ្ឋា បាន​វាយ​ឈ្នះ ​សំណាង ឌី​ណា អ្នក​ប្រដាល់​ក្លិប​ដួង​សែន​សុខ​គុន​ខ្មែរ​ដោយ​ពិន្ទុ កាលពី​ថ្ងៃ​ទី​០៥ ខែ​មិថុនា ឆ្នាំ​២០១៥។​

ឆន ច​ន្នី គេ​វាយ​ខ្លាំង ​និង​ល្អ បានតែ​ពីរ ឬ​បី​ទឹក​ដំបូង​ប៉ុណ្ណោះ ហើយ​ចាប់ពី​ទឹក​ទី​៤​ ដល់​ទឹក​ទី​៥ គឺ​គេ​អស់​ស៊ុ​ហ្វ​ហើយ។ ឡើង​ប្រកួត​លើក​ចុង​ក្រោយ​នេះ ឆន ច​ន្នី វាយ​ចាញ់​ ឯម សុធី អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ​ដោយ​ពិន្ទុ។ ដូច្នេះ​សម្រាប់​ការ​ជួប​គ្នា​លើកដំបូង​នេះ គេ​មិន​រំពឹង​ថា​ ឆន ច​ន្នី ឈ្នះ ម៉ន រដ្ឋា នោះ​ឡើយ។

គួ​ន សុវណ្ណ អ្នក​ប្រដាល់​ក្លិប​សុភា​នូ​មានជ័យ នឹង​ឡើង​ប្រកួត​សងសឹក​ ម៉ន វ៉ាន់​នី​ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក។ ការ​ជួប​គ្នា​លើក​មុន​(២៤​មេសា​២០១៥)​សុវណ្ណ ត្រូវ​ វ៉ាន់​ នី​វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤។ សម្រាប់​ការ​ឡើង​សងសឹក​នេះ មិន​ដឹង​ថា គួ​ន សុវណ្ណ អាច​យកឈ្នះ​ វ៉ាន់​នី​ បាន​ឬ​អត់​នោះ​ឡើយ។​


ប៊ី ចាន់​រ៉ុង អ្នក​ប្រដាល់​ក្លិប​ព្រះខ័ន​រាជ ត្រូវ​ជួប​ប្រកួត​ជាមួយ​ តាំង សីហា អ្នក​ប្រដាល់​ក្លិប​កង​ពល​តូច​លេខ​៧០។ ពីរ​នាក់​នេះ​សុទ្ធ​តែ​មាន​ឱកាស​យកឈ្នះ​គ្នា​រៀង​ៗ​ខ្លួន ដោយ​សារ​ពួកគេ​មាន​សមត្ថភាព​ និង​បច្ចេកទេស​ប្រហាក់ប្រហែល​គ្នា៕

Post a Comment

 
Top