GuidePedia

0
អ្នក​ចាំ​ទី​ Gianluigi Buffon ​របស់​ក្រុម Juventus ​បាន​ប្រាប់​ថា ខ្សែ​ប្រយុទ្ធ Lionel Messi ​គឺ​ជា​មនុស្ស​ក្រៅ​ភព ដែល​ប្រែ​កាយ​មក​ជា​មនុស្ស​ធម្មតា ​ទើប​មាន​សមត្ថភាព​អស្ចារ្យ​ដូច​សព្វ​ថ្ងៃ​នេះ។


មុន​សង្គ្រាម​លើ​វាល​ស្មៅ​រវាង​ក្រុម​យក្ស​អេស្ប៉ាញ Barcelona ​និង​ក្រុម​យក្ស​អ៊ីតាលី Juventus ​ដណ្ដើម​ពាន​រង្វាន់ UEFA Champions League ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៦ ​មិថុនា​​ចុង​សប្ដាហ៍​នេះ​ ចាំ​ទី​របស់​​ក្រុម​សេះ​បង្កង់​បាន​និយាយ​ថា ទ័ព​ស្រួច Messi ​របស់​ក្រុម​​អ្នក​មាន​បុណ្យ​ប្រៀប​ដូច​ជា​មនុស្ស​ក្រៅ​ភព​អីចឹង ទើប​ពិបាក​មាន​ខ្សែ​ការពារ​ណា​មក​បិទ​គេ​ជិត។

“Messi ​ជា​មនុស្ស​ក្រៅ​ភព ដែល​ប្រែ​កាយ​មក​ជា​មនុស្ស​ធម្មតា​រស់​នៅ​លើ​ផែនដី​នេះ។ ក្ដី​សង្ឃឹម​តែ​មួយ​គត់​របស់​ខ្ញុំ​ក្នុង​ប្រកួត​ថ្ងៃ​សៅរ៍​នេះ​គឺ​គាត់​នឹង​មាន​សមត្ថភាព​ដូច​មនុស្ស​ធម្មតា​ មិន​មែន​ខ្លាំង​ដូច​មនុស្ស​ក្រៅ​ភព​ទេ។ យើង​នឹង​ព្យាយាម​ប្រើ​កាំភ្លើង​របស់​យើង​ឱ្យ​អស់​ពី​សមត្ថភាព ដើម្បី​បញ្ឈប់​ពួកគេ”។ អ្នក​ចាំ​ទី​វ័យ​៣៧​ឆ្នាំ​បាន​បញ្ជាក់​បន្ថែម។


ម្ចាស់​ពាន Ballon d’Or ​៤​សម័យ​ Lionel Messi ​រដូវ​កាល​នេះ​បាន​បង្ហាញ​ទម្រង់​លេង​អស្ចារ្យ​ខ្លាំង ដោយ​អាច​ជួយ​ក្រុម​ឈ្នះ​ពាន​២​រួច​ទៅ​ហើយ​រដូវ​កាល​នេះ​​គឺ La Liga ​និង Copa del Rey ​របស់​អេស្ប៉ាញ។ Barca ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Champions League ​ក៏​មាន​ចំណែក​តារា​វ័យ​២៧​ឆ្នាំ​រូប​នេះ​ច្រើន​ផង​ដែរ ដោយ​រូប​គេ​ជា​អ្នក​ជួយ​ក្រុម​ឈ្នះ Manchester City , Bayern Munich ​និង​ PSG ​ជា​ដើម។ ចំណែក​ឯ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​ស្រលាញ់​កីឡា​បាល់ទាត់​មិន​អាច​ភ្លេច​គេ​បាន​នោះ​គឺ​ការ​អូស​បាល់​ដាច់​កីឡាករ​៥​ទៅ​៦​នាក់​ពី​ពាក់​កណ្ដាល​ទីលាន​មក​ស៊ុត​បញ្ចូល​ទី​តែ​ម្ដង ក្នុង​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ Copa del Rey ​ជាមួយ Athletic Bilbao ៕

Post a Comment

 
Top