GuidePedia

0
ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣ឆ្នាំ​កម្ពុជា (U-23) នឹង​ត្រូវ​ប៉ះ​ក្រុម​ U-23 ម្ចាស់​ផ្ទះ​សិង្ហបុរី នា​ម៉ោង​ ៧:៣០នាទី​យប់​នេះ។ វា​អាច​ជា​ការ​ប្រកួត​ដ៏​តានតឹង​មួយ​សម្រាប់​ក្រុម​លោក Lee Tae Hoon ដោយ​សារ​សិង្ហបុរី​ជា​ក្រុម​ម្ចាស់​ផ្ទះ​ដែល​មាន​អ្នក​គាំទ្រ​ច្រើន ហើយ​ក៏​ជា​ប្រកួត​ទី​៣​​ក្នុង​ពូល A បន្ទាប់​ពី​ចាញ់​ឥណ្ឌូណេស៊ី ចាស់​ដៃ​កាល​ពី​ថ្ងៃ​សៅរ៍។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត គឺ​ប្រវត្តិ​ជួប​គ្នា​កន្លង​មក​នៅ​ស៊ីហ្គេម ក្រុម​កម្ពុជា​មិន​ដែល​ឈ្នះ ឬ​ស្មើ​សិង្ហបុរី​នោះ​ទេ​គិត​តាំង​ពី​ឆ្នាំ​១៩៩៧​មក។


តើ​យប់​នេះ​ កម្ពុជា​អាច​កែប្រែ​ប្រវត្តិសាស្រ្ដ​ថ្មី​បាន​ដែរ​ឬ​ទេ? ប្រសិន​បើ​ឈ្នះ មិន​មែន​ត្រឹម​តែ​ជា​ការ​សងសឹក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​បន្ត​ក្ដី​សង្ឃឹម​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ផង​ដែរ។

លោក Lee Tae Hoon ធ្លាប់​បាន​និយាយ​​នៅ​ក្នុង​សន្និសិត​កាសែត​ក្រោយ​ចាញ់​ឥណ្ឌូណេស៊ី​ថា​លោក​នឹង​កែ​ប្រែ​កំហុស​​ ហើយ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ដើម្បី​យក​ឈ្នះ​សិង្ហបុរី​ឲ្យ​បាន​នា​ការ​ប្រកួត​នេះ។ ចំណែក​គ្រូ​បង្វឹក​សិង្ហបុរី លោក Aide Iskandar វិញ បាន​និយាយ​ថា​​ ខ្សែ​ប្រយុទ្ធ​របស់​លោក​ហាក់​បី​ដូច​ជា​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង​ពេក​នា​២ប្រកួត​ចុង​ក្រោយ។ លោក​បាន​បញ្ជាក់​ថា ​ខ្សែ​ប្រយុទ្ធ​​របស់​លោក​នឹង​អាច​ស៊ុត​បញ្ចូល​ទី​បាន​នា​ការ​ប្រកួត​នេះ។

ក្រុម​កម្ពុជា​នឹង​ត្រូវ​អវត្តមាន​ខ្សែ​ការពារ ណុប តុលា ដែល​រង​របួស​រយៈ​ពេល​វែង ខណៈ​ក្រុម​សិង្ហបុរី​វិញ​មិន​មាន​​បញ្ហា​កីឡាករ​របួស​នោះ​ទេ។

ប្រវត្តិ​ជួប​គ្នា​នៅ​ស៊ីហ្គេម៖ កម្ពុជា​បាន​ជួប​សិង្ហបុរី នៅ​ស៊ីហ្គេម​៤ដង គិត​ចាប់​ពី​ឆ្នាំ​១៩៩៧​មក ប៉ុន្តែ​មិន​ធ្លាប់​ឈ្នះ ឬ​ស្មើ​នោះ​ទេ ដោយ​ចុង​ក្រោយ​គឺ​កាល​ពី​នៅ ស៊ីហ្គេម​ ឆ្នាំ​២០១១ សិង្ហបុរី ឈ្នះ​កម្ពុជា​ប្រផុតប្រផើយ ២-១។ ១គ្រាប់​របស់​កម្ពុជា​នា​ពេល​នោះ គឺ​ស៊ុត​បញ្ចូល​ទី​ដោយ ឈិន ឈឿន ដែល​បន្ត​មាន​ឈ្មោះ​នៅ​ស៊ីហ្គេម​ឆ្នាំ​នេះ​ដែរ។


យ៉ាង​ណា​ក្ដី បើ​គិត​លើ​លទ្ធផល​នៃ​ការ​ជួប​គ្នា​នា​ជំនួប​មិត្តភាព​វិញ ក្រុម U-23 កម្ពុជា បាន​យក​ឈ្នះ U-23 សិង្ហបុរី ៣-១ កាល​ពី​ខែ​មិនា​កន្លង​ទៅ។

ការ​ប្រកួត​នេះ នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្សមាស ហើយ​ក៏​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ YouTube ផង​ដែរ។

Post a Comment

 
Top