GuidePedia

0
ការប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​គូ​បូ​តា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​ ជុំ​ទី​៣ នៅ​លើ​សង្វៀន​រោង​សៀក នា​រសៀល​ថ្ងៃអាទិត្យ ​ទី​១៤​ ខែ​មិថុនា​នេះ អ្នក​ប្រដាល់​៤​រូប​ សូ​យ យក្ស​តឿ លួ​ន សុខ​ខេង សរ រាជសីហ៍ និង​ឯម ខ្លឹម​ខ្មៅ នឹង​ត្រូវ​ឡើង​ប្រកួត​គ្នា​ដើម្បី​ប្រជែង​រក​ពិន្ទុ។


នៅ​ក្នុង​ការប្រកួត​នេះ ឯម ខ្លឹម​ខ្មៅ នៃ​ក្លិប​ឫទ្ធី​ពោធិ៍​សែន​ជ័យ នឹង​ត្រូវ​វិល​ទៅ​ជួប​ជាមួយ​អ្នក​ប្រដាល់ ​លួ​ន សុខ​ខេង ក្លិប​អាស៊ី​កីឡា ខណៈ សូ​យ យក្ស​តឿ ក្លិប​ពោធិ៍​ជ័យ​កីឡា ត្រូវ​ជួប​ជាមួយ សរ រាជសីហ៍ មកពី​ក្លិប​មោងឬស្សី​មរ​ត​គុន​ខ្មែរ​ខេត្ត​បាត់ដំបង។​

សម្រាប់​ការប្រកួត​ជម្រុះ​លើក​ទី​១​របស់​អ្នក​ទាំង​៤ កាលពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា​កន្លង​មក​នេះ​កីឡាករ​ជើង​ថ្មី​បាន​វាយ​ឲ្យ​ជើងចាស់​សន្លប់ និង​បោះបង់ចោល​ការប្រកួត​ទាំងអស់។ ក្នុង​នោះ រាជ​សីហ៍​បាន​ម៉ាត់ និង​វាយ​កែង​ បណ្ដាល​ឲ្យ លួ​ន សុខ​ខេង បែក​នៅ​ក្រោម​ភ្នែក និង​ឈាម​តាម​រន្ធច្រមុះ​រហូត​អាជ្ញាកណ្ដាល​សម្រេច​បញ្ឈប់​ការប្រកួត​នៅ​ទឹក​ទី​៤។ ជុំ​ទី​២ សរ រាជសីហ៍​ បន្ត​ឈ្នះ ​ឯម ខ្លឹម​ខ្មៅ ក្នុង​ទឹក​ទី​៣​ទៀត ដែល​ធ្វើ​ឲ្យ ​សរ រាជសីហ៍​ ២​ប្រកួត​ឈ្នះ​ទាំងពីរ​ប្រកួត មាន​៦​ពិន្ទុ។​

រីឯ​អ្នក​ប្រដាល់ ​ឯម ខ្លឹម​ខ្មៅ ដែល​ជា​ជើង​ខ្លាំង​ជើងចាស់​នោះ បាន​ទទួល​បរាជ័យ​យ៉ាង​អា​ម៉ាស់ ដោយ​ចាញ់​ទាំងពីរ​ជុំ គឺ​ចាញ់ ​យក្ស​តឿ​ ក្នុង​ទឹក​ទី​៤ និង​ចាញ់ ​សរ រាជសីហ៍​ ក្នុង​ទឹក​ទី​៣ បាន​២​ពិន្ទុ​ប៉ុណ្ណោះ។

ចំណែក លួ​ន សុខ​ខេង​វិញ ក៏​ចាញ់​២​ជុំ​ដូចគ្នា​ដែរ គឺ​វាយ​ចាញ់ ​សរ រាជសីហ៍ ក្នុង​ទឹក​ទី​៤ និង ចាញ់​ សូ​យ យក្ស​តឿ​ដោយ​ពិន្ទុ។ សុខ​ខេង បាន​២​ពិន្ទុ​ដូច​ខ្លឹម​ខ្មៅ​ដែរ។​

ចំពោះ សូ​យ យក្ស​តឿ គេ​រក​បាន​៦​ពិន្ទុ​ហើយ ដោយ​ប្រកួត​ឈ្នះ​ទាំងពីរ​ជុំ ដែល​ក្នុង​ការប្រកួត​ជុំ​ទី​១​ គេ​វាយ​ឈ្នះ​ ឯម ខ្លឹម​ខ្មៅ​ ក្នុង​ទឹក​ទី​៤ ហើយ​ជុំ​ទី​២​ គេ​វាយ​ឈ្នះ ​សុខ​ខេង​ ដោយ​ពិន្ទុ។

យ៉ាងណាក៏ដោយ សម្រាប់​ការប្រកួត​ជម្រុះ​ជុំ​ទី​៣ រវាង​អ្នក​ទាំង​៤​ខាង​លើ​នេះ វា​នៅ​តែ​មាន​ភាព​មន្ទិល​ក្នុង​ការ​វាយតម្លៃ​ទុកជាមុន។ ទោះជា ឯម ខ្លឹម​ខ្មៅ​ធ្លាប់​ផ្ដួល ​លួ​ន សុខ​ខេង កន្លងមក​ក៏​ដោយ ក៏​ការ​ជួប​គ្នា​លើក​នេះ វា​អាច​នឹង​មាន​ការប្រែប្រួល ព្រោះ ខ្លឹម​ខ្មៅ តាម​ដំណឹង​ពី​លោក ​ឯម ចាន់​សុផល ដែល​ជា​គ្រូ​បង្វឹក​និយាយ​នោះ​ថា ​ខ្លឹម​ខ្មៅ ​ឈឺ​ជង្គង់ ហើយ​ការប្រកួត​នេះ គ្រាន់​ប្រកួត​ដើម្បី​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ។​

ចំពោះ សរ រាជសីហ៍ និង សូ​យ យក្ស​តឿ ត្រូវ​បាន​គេ​ផ្ដល់​ការ​ជឿជាក់​ទៅលើ រាជសីហ៍​ច្រើន​ជាង ព្រោះ​រាជសីហ៍​មាន​កម្លាំង​រឹងមាំ និង​វាយ​មាន​ផ្លែ​ល្អ​ និង​ធ្ងន់​ជាង។ ណាមួយ សូ​យ យក្ស​តឿ គេ​ធ្លាប់​វាយ​ចាញ់​ សរ រាជសីហ៍ ម្ដង​រួច​មក​ហើយ​កាលពីមុន​ប្រកួត​ខ្សែក្រវាត់​នេះ​(២៥​មករា​២០១៥) ដោយ​ត្រូវ​រាជសីហ៍​វាយ​សន្លប់​ក្នុង​ទឹក​ទី​៣​ថែមទៀត។


ចាំ​មើល នៅ​ក្នុង​ការប្រកួត​ជម្រុះ​ជុំ​ទី​៣ ខ្សែក្រវាត់​គូ​បូ​តា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម របស់​អ្នក​ប្រដាល់​ទាំង​៤ ដែល​មាន ​សូ​យ យក្ស​តឿ លួ​ន សុខ​ខេង សរ រាជសីហ៍ និង ឯម ខ្លឹម​ខ្មៅ តើន​រណា​បាន​៣​ពិន្ទុ នរណា​បាន​១​ពិន្ទុ៕

Post a Comment

 
Top