GuidePedia

0
ព្រឹត្តិការណ៍​ប្រកួត​ផ្តាច់ព្រ័ត្រ ដណ្តើម​ខ្សែក្រវាត់​កំពូល​អ្នក​ប្រដាល់​ខា​រ៉ា​បាវ​ទម្ងន់ ៦៩ គីឡូក្រាម រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង កែវ រំចង់ ក្លិប​កងពលតូច​អន្តរាគមន៍​លេខ ៨ ភ្នំ​ទ្រព្យ​និង ឡុង សុ​ភី ក្លិប​សាលវ័ន្ត​កីឡា​បាន​មក​ដល់​ហើយ នៅ​យប់​ថ្ងៃអាទិត្យ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៥​នេះ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។


កែវ រំ​ចង់ និង ឡុង សុ​ភី នេះ បាន​ឡើងមក​ជួបគ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ក្រោយពី​ពួកគេ​ទាំងពីរ​បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ​ទាំងពីរ​នាក់​ក្នុង​ការប្រកួត​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កាលពី​យប់​ថ្ងៃអាទិត្យ​ទី​៣១​ឧសភា​២០១៥។ នៅក្នុង​ការប្រកួត​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ កែវ រំ​ចង់ បាន​បំបាក់​អ្នក​ប្រដាល់​ថៃ TilekPithakmeunkan​អោយ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៣ ឯ ឡុង សុ​ភី បាន​ផ្តួល​យក​ឈ្នះ​ជើង​ខ្លាំង​របស់​ថៃ Rareung Luk.Champacha ដោយ​ពិន្ទុ។ រវាង​កែវ រំ​ចង់ និង ឡុង សុ​ភី នេះ ធ្លាប់​ជួប​ប្រកួត​គ្នា​ច្រើន​លើក​មក​ហើយ តាំងពី​ឆ្នាំ​២០០៨ ដល់ ឆ្នាំ​២០១១ ដែល​ក្នុងការ​ជួបគ្នា​នោះ ពួកគេ​ទាំងពីរ​វាយ​ឈ្នះ​ចាញ់​គ្នា ហើយ​វាយ​ស្មើ​ពិន្ទុ​គ្នា​ទៅវិញទៅមក។

សម្រាប់​ជំនួប​គ្នា​លើក​នេះ អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំងពីរ សុទ្ធ​តែមាន​ជំនឿ​ទុកចិត្ត​ថា ឈ្នះ​រៀងៗ​ខ្លួន។ ប៉ុន្តែ​សម្រាប់​ថា​អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ មិនអាច​ទាយ​មុន​បានទេ ព្រោះថា​ពួកគេ​ទាំងពីរ​សុទ្ធ​តែមាន​ផ្លែ​ល្អ​ដូចគ្នា ហើយ​និង​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​រយៈពេល​៣​សប្តាហ៍​កន្លង​មកនេះ។ ម្នាក់ៗ​សុទ្ធតែ​សម្លឹង​ឃើញ​រង្វាន់​ប្រាក់សុទ្ធ​៥០០០​ដុល្លារ​ថា​ជា របស់​ខ្លួន។ ចាំ​មើល តើ​កែវ រំ​ចង់ ឬក៏​ឡុង សុ​ភី ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ា​បាវ​និង​ជា​ម្ចាស់ ប្រាក់រង្វាន់​៥០០០​ដុល្លារ​នោះ ? ។​

​ចំពោះ​Rareung Luk.Champacha​និង​TilekPithakmeunkan អ្នក​ប្រដាល់​ថៃ​ទាំង​២​នេះ នឹងត្រូវ​ជួប​ប្រកួត​គ្នាឯង ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣។ សម្រាប់​ជំនួប​របស់​ពួកគេ​ទាំងពីរ​នាក់​នេះ អាច​ថា​មិន​មែន​ជា​ជំនួប​ជក់ចិត្ត​សម្រាប់​អ្នកទស្សនា​នោះទេ។

តែ​យ៉ាងណា សម្រាប់​ចំណាត់ថ្នាក់​លេខ​៣​នោះ ត្រូវបាន​គេ​មើលឃើញថា​អ្នក​ប្រដាល់Rareun​ Luk.Champacha គេ​នឹង​យក​ហើយ ព្រោះថា​Rareung​គេ​មាន​ផ្លែ​ល្អ​ជាង​Tilek។ សម្រាប់​ការប្រកួត​កំដរ​គូ​ខ្សែក្រវាត់​នេះ វ៉ន វីវ៉ា អ្នក​ប្រដាល់​ជើង​ខ្លាំង​ក្លិប​ព្រះខ័ន​រាជ នឹងត្រូវ​ឡើង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​Carl Petchsaman​ជនជាតិ​Sweeden​ហ្វឹកហាត់​នៅក្នុង​ក្លិប​GYM​ប្រទេស​ថៃ។

នេះ​ជា​ជំនួប​មិត្តភាព​អន្តរ​ជាតិ ដែល​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៧៥​គីឡូក្រាម។ គួរ​បញ្ជាក់​ថា ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​កំពូល​អ្នក​ប្រដាល់​ខារ៉ា​បាវ​ទម្ងន់ ៦៩ គីឡូក្រាម​នេះ រង្វាន់​សរុប​ទាំងអស់​មាន​ចំនួន​១០,០០០​ដុល្លារ ដែល​អ្នក​ជាប់​លេខ​១ ម្ចាស់​ខ្សែក្រវាត់​នោះ ទទួល​បាន​រង្វាន់​៥,០០០​ដុល្លារ លេខ​២​បាន​៣,០០០​ដុល្លារ លេខ​៣ បាន​១,២០០​ដុល្លារ ហើយ​អ្នក​លេខ​៤​បាន​៨០០​ដុល្លារ៕

Post a Comment

 
Top