GuidePedia

0
ក្រុម​បាល់ទាត់​ជម្រើសជាតិ​អាមេរិក​ នឹង​ត្រូវ​ធ្វើដំណើរ​ទៅ​ជួប​ក្រុម​ខ្លាំង​ប្រចាំ​ទ្វីបអឺរ៉ុប​មួយ​ទៀត​ក្នុង​ការប្រកួត​មិត្តភាព​នៅ​រាត្រី​នេះ​នៅ​ពេល​ដែល​ពួកគេ​ជួប​ជាមួយ​នឹង​ក្រុម​ម្ចាស់ជើងឯក​ពិភពលោក​អាល្លឺម៉ង់ ស្រប​ពេល​ដែល​លោកគ្រូ​បង្វឹក Jurgen Klinsmann​ ក៏​នឹង​ត្រូវ​ជួប​ជាមួយ​នឹង​អតីត​ក្រុម​របស់​លោក​ផង​ដែរ​។


ក្រុម​សហរដ្ឋអាមេរិក​ដែល​ប្រជុំ​ដោយ​កីឡាករ​គ្មាន​បទពិសោធ បាន​ធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ ភ្ញាក់ផ្អើល​ជាមួយ​នឹង​ការ​ទទួល​ជ័យជម្នះ ៤-៣ ក្នុង​ទីក្រុង Amsterdam កាល​ពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន ខណៈ​គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​​២​ គ្រាប់​បាន​កើត​ឡើង​នៅ​ប៉ុន្មាន​នាទី​ចុងក្រោយ​។

ការ​ប្រកួត​បន្ទាប់​គឺ​ការជួប​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ក្នុង​ទីក្រុង Cologne ខណៈ​ដែល​គ្រូបង្វឹក Joachim Loew នឹង​អនុញ្ញាត​ឲ្យ​តារា​ឆ្នើម​ៗ​ជា​ច្រើន​ដែល​បាន​​ឈ្នះពាន World Cup សម្រាក​ក្នុង​ការប្រកួត​កម្តៅ​សាច់ដុំ​មួយ​ដើម្បី​ត្រៀម​ធ្វើការ​ប្រកួត​ជម្រុះ Euro ឆ្នាំ​២០១៦ នៅ​ថ្ងៃ​សៅរ៍​នេះ​ជាមួយ​នឹង​ក្រុម​បាល់ទាត់​ជម្រើសជាតិ​ហ្ស៊ី​ប្រាល់​តា ក្នុង​ទីក្រុង Faro នៃ​ប្រទេស​ព័រទុយហ្គាល់​។

សហរដ្ឋអាមេរិក នឹង​ចាប់​ផ្តើម​ការពារ​ពាន Gold Cup របស់​ពួក​គេ​នៅ​ខែ​ក្រោយ ខណៈ​ដែល​ពួកគេ​នឹង​ត្រូវ​ជួប​ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ហុងឌូរ៉ាស ហៃ​ទី និង​ប៉ាណាម៉ា ក្នុង​ការ​ប្រកួត​ពូល A ប៉ុន្តែ ការ​ផ្តួល​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ក្រោយ​ពី​បាន​យកឈ្នះ​លើ​ក្រុម​ហូឡង់ នឹង​ផ្តល់​នូវ​ការ​ជឿជាក់​ដ៏​សំខាន់​មួយ​។

លោក Klinsmann គ្រូបង្វឹក​អាមេរិក​ ចាត់​ទុក​ការ​ទទួល​ជ័យជម្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ហូឡង់​ថា «​ជា​របត់​ដ៏​ធំ​មួយ» សម្រាប់​ក្រុម​គ្មាន​បទ​ពិសោធ​របស់​លោក​ក្នុង​ការ​ដឹង​ថា ពួក​គេ​អាច​លេង​ក្នុង​ការប្រកួត​ដ៏​ស្វិតស្វាញ​ក្នុង​ពេល​ជួប​ក្រុម​ខ្លាំង​ៗ ឬ​យ៉ាង​ណា ហើយ​ពួកគេ​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ចាញ់​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ឡើយ​។

លោក Klinsmann ដែល​បាន​ដឹក​នាំ​ឲ្យ​អាល្លឺ​ម៉ង់​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ៣​ ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​ ២០០៦ ដែល​នៅ​ពេល​នោះ​ពួកគេ​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ ខណៈ​ដែល​លោក Loew ធ្វើ​ជា​គ្រូ​បង្វឹក​ជំនួយ​របស់​លោក​នោះ បាន​និយាយ​ថា៖ «​ខ្ញុំ​គ្រាន់​តែ​ធ្វើ​ការ​រំពឹង​ថា វា​នឹង​ក្លាយ​ជា​ការប្រកួត​ដ៏​រីករាយ​នៅ​ពេល​ជួប​ក្រុម​ម្ចាស់​ជើង​ឯក​ពិភពលោក​។ តើ​ក្រុម​ណា​ទៀត​ដែល​អ្នក​ចង់​ប្រកួត​?»​។

គ្រូ​បង្វឹក​រូប​នេះ​បាន​ប្រាប់​បន្ត​ថា៖ «​ពិត​ណាស់ វា​ក៏​ជា​ប្រទេស​កំណើត​របស់ខ្ញុំ​ដែរ ហើយ​អតីត​គ្រូបង្វឹក​ជំនួយ​របស់​ខ្ញុំ​បាន​ជួយ​ឲ្យ​ពួកគេ​ឈ្នះ​ពាន World Cup​។ ហេតុ​នេះ វា​នឹងក្លាយ​ជា​ថ្ងៃ​ដ៏​ពិសេស​មួយ​»​។

លោក Klinsmann បាន​បញ្ជាក់​ថា៖ «​ការ​លេង​ជាមួយ​នឹង​ក្រុម​ខ្លាំង​ៗ​ដូច​ជា​អាល្លឺម៉ង់ និង​ហូឡង់ នឹង​ផ្តល់​ឲ្យ​បទពិសោធ​ដ៏​មាន​តម្លៃ ជា​ពិសេស​សម្រាប់​កីឡាករ​វ័យ​ក្មេង​»​។

ក្រុម​បាល់ទាត់​ជម្រើសជាតិ​អាមេរិក​នឹង​ត្រូវ​អវត្ត​មាន​ខ្សែ​ប្រយុទ្ធ Clint Dempsey និង Jozy Altidore រួម​ទាំង​ខ្សែ​បម្រើ Alejandro Bedoya និង​ខ្សែ​ការពារ Geoff Cameron, Omar Gonzalez និង Matt Besler​។

លោក Klinsmann បាន​បន្ថែម​ទៀត​ថា៖ «ពិត​ណាស់ វា​មាន​ការ​លំបាក​បន្តិច​នៅ​ពេល​ដែល​យើង​លេង​ដោយ​គ្មាន​កីឡាករ​សំខាន់​មួយ​ចំនួន​របស់​យើង ប៉ុន្តែ ការ​អវត្តមាន​នោះ បង្កើត​ឱកាស​ដ៏​ធំ​មួយ​ដល់​កីឡាករ​ក្នុង​ក្រុម​នេះ​សម្រប​ខ្លួន​របស់​ពួកគេ​នៅ​ពេល​ប្រកួត​ជា​មួយ​នឹង​កីឡាករ​ដ៏​ឆ្នើម​បំផុត​មួយ​ចំនួន​ក្នុង​ពិភពលោក​»​៕

កម្ម​វិធី​ប្រកួត​ថ្ងៃ​នេះ

ស្វ៊ីស v លិច​តិន​ស្តាញ
-1:45 ទៀប​ភ្លឺ

អាល្លឺ​ម៉ង់ v អាមេ​រិក
-1:45​ទៀប​ភ្លឺ

Post a Comment

 
Top