GuidePedia

0
អ្នក​ប្រដាល់​ថៃ​២​រូប​នឹង​ឆ្លងដែន​មក​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ខ្មែរ នា​ល្ងាច​ថ្ងៃអាទិត្យ ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៥​នេះ នៅ​លើ​សង្វៀន​ប្រដាល់​SEA-TV ក្នុង​កម្មវិធី​ប្រដាល់​ស្រា​បៀរ​កម្ពុជា។​


ម៉ន សា​ម៉េ​ត ម្ចាស់​ខ្សែក្រវាត់​ស្រា​បៀរ​កម្ពុជា​ទម្ងន់​៥៧​គីឡូក្រាម ក្លិប​ការិយាល័យ​ទី​៥​កង​ទ័ព​ជើងគោក​នឹង​ត្រូវ​ស្វាគមន៍​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Yort Sing ​ដែល​មាន​ប្រវត្តិ​ប្រកួត​៥៦​ដង ឈ្នះ​៥១​ដង ចាញ់​០៩​ដង និង​ស្មើ​០១​ដង។

ជា​លើក​ទី​៣​សម្រាប់​ ម៉ន សា​ម៉េ​ត​ហើយ ដែល​បាន​ជួប​ប្រកួត​ជាមួយ​ថៃ​នេះ។ សា​ម៉េ​ត​ជួប​ថៃ​Anuwat Rifoney​លើក​ទី​១​នោះ (១៩​មេសា​២០១៤) គេ​វាយ​ចាញ់​ដោយ​ពិន្ទុ និង​លើក​ទី​២​គេ​វាយ​ចាញ់​ថៃ​Kleng Kit ក្នុង​ទឹក​ទី​៣។ ដូច្នេះ​លើក​នេះ​មិន​ដឹង​ថា​ សា​ម៉េ​ត​អាច​យកឈ្នះ​Yort Sing ឬក៏​អត់​នោះ​ទេ​? ការប្រកួត​នៅក្នុង​ស្រុក សា​ម៉េ​ត​វាយ​ឈ្នះ​អ្នក​ប្រដាល់​រួម​ជាតិ​សឹងតែ​អស់ហើយ ដែល​ការប្រកួត​ចុងក្រោយ​នេះ។ សា​ម៉េ​ត មាន​ប្រវត្តិ​ប្រកួត​១២១​លើក ក្នុង​នោះ​វាយ​ឈ្នះ​៩០​លើក ចាញ់​២៦​លើក និង​ស្មើ​០៤​លើក។

Yort Sing អ្នក​ប្រដាល់​ថៃ​នេះ ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​SEA-TV​ម្តង​ហើយ​កាលពី​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៥​កន្លងមក ហើយ​វាយ​ចាញ់​សារឿន ច័ន្ទ​ដោយ​ពិន្ទុ។ ទោះជា​យ៉ាងនេះ​ក្តី អ្នក​ប្រដាល់​ថៃ​រូប​នេះ​ប្រកួត​ខ្លាំង​គួរសម​ដែរ​មិនជា​អន់​នោះ​ឡើយ ព្រោះ​ សារឿន​ច័ន្ទ គេ​ខ្លាំង​ជាង ​ម៉ន សា​ម៉េ​តទៅទៀត ប៉ុន្តែ​យ៉ាងណា​Yort Sing មិនជា​លើ​សា​ម៉េ​ត​ប៉ុន្មាន​ទេ គឺ​អាច​ស៊ីសង​គ្នា​បាន។​

ចាំមើល រវាង Yort Sing និង ម៉ន សា​ម៉េ​ត តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការ​ជួប​ប្រកួត​គ្នា​នេះ? ​ ចំពោះ​អ្នក​ប្រដាល់​ថៃ ដែល​នឹង​មក​ជួប​ប្រកួត​ជាមួយ​ង៉ែ​ត្រ រដ្ឋា​នោះ មានឈ្មោះ​PIA ទម្ងន់​៦០​គ​.​ក្រ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ ក៏​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​SEA-TV​នេះ​ម្តង​ដែរ​កាលពី​ថ្ងៃទី​១៩​ ខែ​មេសា​កន្លងមក ដោយ​វាយ​ឈ្នះ​ គង់ សំបូរ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ​ដាច់​តែម្តង។​

តាម​អ្នក​ផ្គូផ្គង​ឲ្យ​ដឹង​ថា PIA នេះ​នៅ​ស្រុក​ថៃ គេ​ជា​ជើង​ខ្លាំង​គ្មាន​អ្នកណា​ឈ្នះ​គេ​ទេ ក្នុង​ប្រភេទ​ទម្ងន់​៦០​គ​.​ក្រ​នេះ។ កាលដែល​គេ​ចង់​មក​ជួប ​ង៉ែ​ត្រ រដ្ឋា នេះ គឺ​ដោយសារ​ចង់​ស្គាល់​ថ្វីដៃ​របស់​រដ្ឋា តែប៉ុណ្ណោះ។ ង៉ែ​ត្រ រដ្ឋា ជើង​ខ្លាំង​របស់​កម្ពុជា​យើង​នេះ ធ្លាប់​វាយ​ចាញ់​ថៃ​ពីរ​នាក់ និង​មិន​ប្រកាស​លទ្ធផល​ម្តង​ពេល​ជួប​Back Jo Kict អ្នក​ប្រដាល់​ថៃ​លើក​ចុង​ក្រោយ​នេះ​(៣១​មករា​២០១៥)។ ដូច្នេះ ចាំ​មើល​ង៉ែ​ត្រ រដ្ឋា​លើក​នេះ អាច​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ PIA ដែល​មក​លើក​នេះ បាន​ឬ​អត់?​

PIA នេះ មាន​ប្រវត្តិ​ប្រកួត​៦៧​លើក វាយ​ឈ្នះ​៥០​លើក ចាញ់​១៦​លើក និង​ស្មើ​០១​លើក ខណៈ​ដែល​ង៉ែត រដ្ឋា គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៣​លើក ចាញ់​៥៥​លើក និង​ស្មើ​០២​លើក។ ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ឆាយ ម៉េ​ត អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្ត​បាត់ដំបង ត្រូវ​ជួប​ប្រកួត​ជាមួយ​ គឿ​ម សុវណ្ណ​នឿ​ត អ្នក​ប្រដាល់​មកពី​ក្លិប​ឃ្លាំងមឿង ខេត្ត​ពោធិ៍សាត់ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម។ ពីរ​នាក់​នេះ ឆាយ ម៉េ​ត ប្រហែលជា​មិនអាច​ឈ្នះ​សុវណ្ណ​នឿ​ត នោះ​ឡើយ។

យឹម សារុន អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៣១​នឹង​ជួប​ជាមួយ ​ទូច វិ​រៈ អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ដែរ។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ សុទ្ធតែ​ផ្លែ​ល្អ​ដូចគ្នា ដូច្នេះ​អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ មិនអាច​ទាយ​មុន​បានទេ៕

Post a Comment

 
Top