GuidePedia

0
អតីត​តារា​ឆ្នើម​ប្រេស៊ីល​ Ronaldinho ​ជឿ​ថា​​មិត្ត​រួម​ជាតិ​របស់​ខ្លួន​ Philippe Coutinho ​មាន​សមត្ថភាព​គ្រប់គ្រាន់ ​អាច​ជួយ​ឲ្យ​​ក្រុម​ Barcelona ​​​កាន់​តែ​ខ្លាំង និង​អាច​​ជំនួស​តំណែង​របស់ Xavi បាន។


កីឡាករ​ Playmaker របស់​ក្រុម​ Liverpool មាន​ទម្រង់​លេង​ល្អ​យ៉ាង​ខ្លាំង​រដូវ​កាល​នេះ និង​​ត្រូវ​បាន​បោះ​ឆ្នោត​ជាប់​ជា​កីឡាករ​ល្អ​បំផុត​របស់​ក្រុម​​ហង្ស​ក្រហម ដោយ​ឈ្នះ​ពាន​រង្វាន់​ PFA Team of the Year។

អតីត​ខ្សែ​​បម្រើ​​ក្រុម Barcelona វ័យ​៣៥​ឆ្នាំ ​បាន​និយាយ​ថា៖ “គាត់​ (Coutinho) ពិត​ជា​លេង​បាន​អស្ចារ្យ​ណាស់​រដូវ​កាល​នេះ។ គាត់​ជា​​ខ្សែ​បម្រើ​ម្នាក់ ក្នុង​ចំណោម​ខ្សែ​បម្រើ​ល្អៗ​បំផុត នៅ​អឺរ៉ុប​បច្ចុប្បន្ន។ ខ្ញុំ​​ដឹង​ថា Barcelona ​កំពុង​តែ​ស្វែង​រក​កីឡាករ​ដែល​មាន​សមត្ថភាព​ទាំង​អស់​នេះ”។

“បន្ទាប់​ពី Xavi ​ចាក​ចេញ​ពី​ក្លិប ហើយ​ Iniestia ​មាន​វ័យ​​៣១​ឆ្នាំ ខ្ញុំ​គិត​ថា​ពួកគេ​នឹង​ត្រូវ​ការ​ខ្សែ​បម្រើ។ នេះ​ជា​ហេតុផល​មួយ​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ថា Coutinho អាច​នឹង​ល្អ​ឥត​ខ្ចោះ​សម្រាប់​ក្រុម Barcelona។ លេង​ជាមួយ​កីឡាករ​ល្អៗ នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ល្អ​ដែរ។ មិន​ត្រឹម​តែ​ឈ្នះ​ពាន​ទេ ប៉ុន្តែ​ពេល​ដែល​អ្នក​លេង​ជាមួយ​ Neymar, Messi, Suarez, Iniesta ​​នឹង​អាច​ជួយ​ឲ្យ​អ្នក​កាន់​តែ​ល្អ​ថែម​ទៀត”។ Ronaldinho បន្ថែម។


​ខ្សែ​បម្រើ​វ័យ​២២​ឆ្នាំ Coutinho ​បាន​មក​ចូល​រួម​ជាមួយ​ក្រុម​របស់​លោក​ Brendan Rodgers ​កាល​ពី​ខែ​មករា​ ឆ្នាំ​២០១៣ និង​ទទួល​បាន​ប្រជា​ប្រិយភាព​យ៉ាង​ខ្លាំង​ពី​អ្នកគាំទ្រ បន្ទាប់​ពី​បង្ហាញ​​ទម្រង់​លេង​ដ៏​ល្អ​រយៈពេល​២​ឆ្នាំ​កន្លះ​នៅ​អង់គ្លេស៕

Post a Comment

 
Top