GuidePedia

0
លោក Jose Mourinho ​បាន​និយាយ​ថា​​ Lionel Messi មិនមែន​ជា​ខ្សែ​ប្រយុទ្ធ​ដែល​មិន​អាច​បញ្ឈប់​បាន​នោះ​ទេ មាន​ពេល​ខ្លះ​ក៏​លោក​អាច​បិទកីឡាករ​នេះ​ជាប់​ដែរ​ដោយ​ប្រើ​យុទ្ធ​សាស្ត្រ​មួយ​ទល់​​មួយ។


កាល​ពី​​សប្ដាហ៍​មុន​នេះ លោក Pep Guardiola ​អ្នក​ចាត់​ការ​ក្រុម Bayern Munich ​បាន​អះអាង​ថា Messi ​ជា​កីឡាករ​ខ្លាំង​ជាង​គេ​លើ​លោក ហើយ​គ្មាន​ខ្សែ​ការ​ពារ​ណា​មក​បិទ​ទម្រង់​លេង​របស់​គេ​បាន​ទេ។ តែ​ផ្ទុយ​ពី​សម្ដី​នេះ លោក Mourinho ​បែរ​ជា​គិត​ថា​មិន​មែន​រហូត​នោះ​ទេ មាន​ពេល​ខ្លះ​ក៏​លោក​អាច​រៀប​ចំ​ប្រព័ន្ធ​ការពារ​បិទ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ​ជាប់​ខ្លះ​ដែរ ។

អតីត​អ្នក​ចាត់ការ​ក្រុម Real Madrid ​ខាង​លើ​នេះ​បាន​បន្ត​ថា៖ “រាល់​ប្រកួត​ដែល​​ក្រុម​​ខ្ញុំ​លេង​ទល់​នឹង​ Messi ​ខ្ញុំ​តែងតែ​ប្រើ​ពេល​ជា​ច្រើន​ម៉ោង​ដើម្បី​រៀប​វិធី​បិទ​គាត់។ ពេល​ខ្លះ​វិធី​នោះ​ក៏​បាន​ជោគជ័យ ហើយ​ពេល​ខ្លះ​ក៏​មិន​បាន​ជោគជ័យ។ ដូច​កាល​ខ្ញុំ​ដឹក​នាំ Inter Milan ​នៅ​ឆ្នាំ​២០១០ ​យើង​អាច​បិទ​គាត់ (​Messi) បាន​យ៉ាង​ល្អ។

ហើយ​វិធី​ល្អ​បំផុត​ដើម្បី​បិទ Messi ​គឺ​ប្រើ​ក្បួន​ម្នាក់​បិទ​ម្នាក់។ ត្បិត​តែ​មួយ​ទល់​មួយ​ពិបាក​មែន ប៉ុន្តែ​ដូច​ខ្ញុំ​និយាយ​អីចឹង ពេល​ខ្លះ​ក៏​ជោគជ័យ ហើយ​ពេល​ខ្លះ​ក៏​មិន​ជោគជ័យ”។


បុរស​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ជា​មនុស្ស​ម្នាក់​ដែល​​ធ្លាប់ដឹក​នាំ​ក្រុម​ប៉ះ​​ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​ខាង​លើ​នេះ​បាន​ច្រើន​ណាស់ ពោល​គឺ​តាំង​ពី Porto, Inter Milan ​ជា​ពិសេស​ពេល​លោក​ដឹក​នាំ​ក្រុម Real Madrid ​តែ​ម្ដង។ ជាក់​ស្ដែង​អ្វី​ដែល​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​បាន​គិត​ថា ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​របស់ Barcelona ​រូប​នេះ​មិន​អាច​បញ្ឈប់​បាន​នោះ​គឺ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ រូប​គេ​បង្ហាញ​ទម្រង់​លេង​​យ៉ាង​ល្អ​ ដូច​កាល​លេង​ទល់​នឹង​​ក្រុម Bayern Munich ​អីចឹង៕

Post a Comment

 
Top