GuidePedia

0
គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិ អាយុក្រោម ២៣ឆ្នាំកម្ពុជា លោក Lee Tae Hoon បានថ្លែងឲ្យដឹងថា នៅក្នុងយុទ្ធនាការប្រកួតកីឡា SEA Games លើកទី២៨ នៅសិង្ហបុរី នាដើមខែមិថុនា ឆ្នាំ ២០១៥ ខាងមុខនេះ សម្រាប់ការប្រកួតជម្រុះក្នុងពូល A គឺមានគូប្រជែង២ប្រទេស ដែលកម្ពុជាព្រួយបារម្ភ ក្នុងនោះមានក្រុមជម្រើសជាតិ មីយ៉ាន់ម៉ា និង ឥណ្ឌូនេស៊ី ។


ជួបជាមួយគេហទំព័រកម្សាន្ត LookingTODAY កាលពីពេលថ្មីៗកន្លងទៅលោក Lee បានបញ្ជាក់ថា ឆ្នាំនេះ សហព័ន្ធកីឡាបាល់ទាត់ កម្ពុជាបានសេចក្ដី ទុក ចិត្តខ្ពស់ ឲ្យលោកដឹកនាំក្រុម U-23 កម្ពុជាទៅចូលរួមប្រកួតកីឡា ប្រចាំតំបន់អាស៊ាន នៅសិង្ហបុរីនាពេលឆាប់ៗ ខាងមុខ ដោយធ្វើយ៉ាងត្រូវស្វែងរកជ័យជំនះ ឆ្លងឲ្យផុតវគ្គជម្រុះក្នុងពូល ប៉ុន្ដែគ្រូបង្វឹកជនជាតិកូរ៉េរូបនេះ មិនហ៊ានសន្យាថា អាចធ្វើបាន ១០០% នោះទេ ព្រោះក្រុមចូលរួមសុទ្ធតែ មានសមត្ថភាពដូចគ្នា ។

លោក Lee បានឲ្យដឹងថា បច្ចុប្បន្នយើងបានបង្កើន កម្មវិធីហ្វឹកហាត់ យ៉ាងច្បាស់លាស់ ក្នុងគោលដៅបង្កើនកម្លាំយកាយឲ្យបានល្អ ដើម្បីត្រៀមចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់នេះ ប៉ុន្ដែយ៉ាងណាក៏យើងត្រូវសិក្សា ស្វែងយល់ពីសមាសភាពគូប្រជែង មុនចាប់ផ្ដើមការប្រកួតដែរ ។ សម្រាប់ពូលA គ្រូបង្វឹក ជនជាតិកូរ៉េរូបនេះ គិតថា មានតែក្រុមជម្រើសជាតិម៉ាយ៉ាន់ម៉ា និងឥណ្ឌូនេស៊ីទេ ដែលជាក្ដីបារម្ភធំចំពោះកម្ពុជា រីឯម្ចាស់ផ្ទះសិង្ហបុរី និងហ្វីលីពីន ក៏មិនអាច មើលងាយសមត្ថភាព គេបានដែរ ។

លោកបន្ថែមថា មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី កន្លងមក កម្ពុជាពិបាកនឹងយកឈ្នះណាស់ ប៉ុន្ដែដោយផ្អែកលើការខិតខំ យកចិត្តទុកដាក់ហ្វឹកហាត់ របស់កីឡាករ ជម្រើសជាតិកម្ពុជា លោក Lee ជឿជាក់ថា ក្រុម U-23កម្ពុជា នឹងអាចទប់ទល់ ជាមួយក្រុមជើងខ្លាំងទាំង ២ប្រទេសបាន ដើម្បីសម្រេចបំណង របស់សហព័ន្ធ កីឡាបាល់ទាត់កម្ពុជា ក៏ដូចជាអ្នកគាំទ្រ ដែលចង់ឲ្យកម្ពុជាឡើង ទៅដល់វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រនោះ ។

រីឯកីឡាករ ប្រាក់ មុន្នីឧត្តម បានឲ្យដឹងដែរថា យុទ្ធនាការប្រកួតកីឡា SEA Games ឆ្នាំនេះ ពិតជាសំខាន់ណាស់ សម្រាប់ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា ប៉ុន្ដែការសម្រេចបាន លទ្ធផលកម្រិតណានោះ នៅមិនទាន់ដឹងនោះទេ ប៉ុន្ដែក្នុងនាមជាប្រធានក្រុម U-23កម្ពុជា ខ្សែប្រយុទ្ធរូបនេះ បានប្ដេជ្ញាចិត្តថា នឹងខិតខំ ប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមជ័យលាភី ជូនប្រទេសកម្ពុជា ។


សូមបញ្ជាក់ថា សម្រាប់វិញ្ញាសាកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍ SEA Games ឆ្នាំនេះ កម្ពុជា ស្ថិតក្នុងពូលA ជាមួយនឹងក្រុមម្ចាស់ផ្ទះសិង្ហបុរី ហ្វីលីពីន មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី រីឯពូលB មានក្រុមថៃ, ម៉ាឡេស៊ី, វៀតណាម, ឡាវ, ប្រ៊ុយណេ និងទីម័រខាងកើត ។ ចំពោះមួយប្រកួតបើកឆាករបស់ក្រុម U-23កម្ពុជា ត្រូវជួបក្រុម ហ្វីលីពីន នៅថ្ងៃទី០៣ ខែមិថុនាខាងមុខ ៕

Post a Comment

 
Top