GuidePedia

0
ក្រុមកីឡាការិនីសីប៉ាក់តាក្រជម្រើសជាតិកម្ពុជា បានដណ្ដើមយកមេដាយសំរិទ្ធិ១គ្រឿង ជូនប្រទេសជាតិ របស់ខ្លួនពីការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ពានរង្វាន់ 30th King’s Cup Takraw World Championship 2015 កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៥ ម្សិលមិញនៅទីក្រុងបាងកក ប្រទេសថៃ ។


ឆ្លៀតឱកាសក្នុងការហ្វឹតហាត់ដ៏មមាញឹក ដើម្បីត្រៀមចូលរួមប្រកួតកីឡា SEA Games លើកទី២៨ នៅសិង្ហបុរីនា ពេលខាងមុខនោះ ក្រុមកីឡាការិនីសីប៉ាក់តា ក្រកម្ពុជា ក៏បានចំណាយពេលជាង១សប្ដាហ៍ ទៅចូលរួមប្រកួតពានរង្វាន់ King’s Cup នៅថៃ ដើម្បីដកស្រង់បទពិសោធន៍ និងបច្ចេកទេស ក៏ដូចជាវាស់ស្ទង់ សមត្ថភាពជាមួយគូប្រជែងផ្សេងៗ មុនចេញទៅប្រកួត SEA Games ជាផ្លូវការ ។

ប្រភពព័ត៌មាននៅលើប្រព័ន្ធទំនាក់ទំនងសង្គម Facebook ផ្ទាល់របស់សហព័ន្ធកីឡាសីប៉ាក់តាក្រកម្ពុជាបានឲ្យដឹងថា ទោះបីក្រុមកីឡាការិនីសីប៉ាក់តាក្រកម្ពុជា មិនអាចដណ្ដើមបានមេដាយមាសក៏ពិតមែន ប៉ុន្ដែពួកយើងទទួលបានបទពិសោធន៍ច្រើនណាស់ ពីការប្រកួតពានរង្វាន់ដ៏ធំមួយនេះ ហើយយើងក៏អាចចាត់ទុក លទ្ធផលដែលទទួលបាននេះជា លទ្ធផលល្អប្រសើរដែរ ព្រោះមេដាយសំរិទ្ធ មិនចេះតែបានងាយៗឡើយ ។

សម្រាប់ជ័យលាភីមេដាយសំរិទ្ធនេះដែរ ក្រុមកីឡាការិនីកម្ពុជា បានសម្ដែងអារម្មណ៍សប្បាយរីករាយណាស់ ដែល យើងទម្លាក់ប្រទេសក្នុងតំបន់ជាច្រើន ដែលក្នុង នោះ ប្រកួតឈ្នះប៉ាក់គីស្ថាន និងបានប្រកួតឈ្នះក្រុម Switzerland ហើយនៅវគ្គបន្ដ សំណាងមិនល្អក៏ប្រកួតចាញ់ម៉ាឡេស៊ី និងចាញ់ឥណ្ឌាវិញ ។


ដោយឡែកកីឡាការិនី ដែលចេញទៅចូលរួមមានដូចជាកីឡាការិនី សន សុភាព, អ៊ុក សុខសាន្ត, សន សុភ័ណ្ឌ, ចន ពេជ្រញ៉ា, ពេជ្រ សុផា, ងួន ច័ន្ទបូរមី, ឯម ពិសិដ្ឋ និង សុទ្ធ ស្រីលក្ខណ៍ ដែលអ្នកទាំងអស់គ្នា សុទ្ធតែមានឈ្មោះត្រៀម ចូលរួមប្រកួត SEA Games នៅសិង្ហបុរីនាពេលខាងមុខដូចគ្នា ៕

Post a Comment

 
Top