GuidePedia

0
បន្ទាប់ពីធ្វើការប្រកួត វិលជុំសន្សំពិន្ទុនៃពានរង្វាន់ បាល់ទាត់មិនអាជីព Khmer Real Estate-Cup អស់រយៈពេល ៧សប្ដាហ៍កន្លងមក ឃើញថាក្រុមខ្លាំងៗ ប្រចាំពូលA និងពូលB ហាក់មិនសូវមានការ ប្រែប្រួលសោះ ខណៈវគ្គជម្រុះនេះសល់ពេលតែ ២សប្ដាហ៍ទៀតប៉ុណ្ណោះនឹងដឹងច្បាស់អំពីក្រុមណាខ្លះដែលត្រូវ ឡើង ទៅប្រកួតវគ្គ ៨ក្រុមចុងក្រោយ ។


ទោះជាយ៉ាងណាឈានចូលមកដល់សប្ដាហ៍ទី៧ ក្រោយធ្វើការប្រកួតដ៏ស្វិតស្វាញកាលពីថ្ងៃទី២៤ ខែឧសភាកន្លងទៅ នៅក្នុងពូលA បានរកឃើញក្រុមខ្លាំងៗ មួយ ចំនួន ហើយ ដែលមានសង្ឃឹមនឹងឡើងទៅវគ្គបន្ដ ក្នុងនោះមានក្រុម Khmer United កំពុងក្ដោបក្ដាប់តំណែង កំពូលតារាងម្នាក់ឯង បន្ទាប់ពីរកបាន ៣ ពិន្ទុបន្ថែម តាមរយៈការលុតក្រុមបាសាក់ ក្នុងលទ្ធផលបច្ចេកទេស ៥-១ ដែលធ្វើឲ្យក្រុមម្ចាស់ពាននេះ ទទួលបាន ១៦ពិន្ទុ ខណៈក្រុមបាសាក់ កាន់តែបាត បង់ឱកាសដណ្ដើមតំណែង Top-4 ព្រោះ ៧ប្រកួត ទើបរកបាន ៩ពិន្ទុប៉ុណ្ណោះ ។

ចំណែកក្រុមកំពុងឈរនៅកៅអី Top-4 និងមានសង្ឃឹមឡើងទៅវគ្គបន្ដជាមួយក្រុម Khme United នោះ គឺមានក្រុមខណ្ឌពោធិសែនជ័យ ក្រុម HPL និងក្រុម Christinair Tours ប៉ុន្ដែក្រុមទាំងបី សុទ្ធតែរកបាន ១ពិន្ទុដូចគ្នា សម្រាប់មួយប្រកួតចុងក្រោយរបស់ខ្លួន ក្នុងនោះក្រុមខណ្ឌពោធិសែនជ័យ ដែលមាន ១៣ ពិន្ទុក្នុងដៃ បានប្រកួតស្មើរជាមួយក្រុម TYGI ក្នុងលទ្ធផល ១-១ ខណៈក្រុម HPL និងក្រុម Christinair Tours ដែលមាន ១២ពិន្ទុក្នុងដៃដូចគ្នានោះ ក៏បានបញ្ចប់ ការប្រកួតដោយស្មើរគ្នាក្នុងលទ្ធផល ០-០ ផងដែរ ។ រីឯក្រុម Prey Sala បានប្រកួត ឈ្នះក្រុម Union ដោយលទ្ធផល ៣-១ និងក្រុម Canteen FC បានបំបាក់អតីតក្រុមជើងឯកឆ្នាំ២០១៣ Amru ក្នុងលទ្ធផល ៦-១ ។

ដោយឡែកលទ្ធផលការប្រកួតជម្រុះក្នុងពូលB នៅលើទីលានដំរីសវិញ អាចនិយាយបានថា ក្រុមណារីតា និងក្រុម RFL សុទ្ធតែមានកៅអីវគ្គ ៨ក្រុមចុងក្រោយ ក្នុងដៃរួចបាត់ទៅហើយនៅពេលនេះ ព្រោះក្រុមទាំងពីររកបានពិន្ទុខ្ពស់ជាងគេ សម្រាប់ការប្រកួត ៧លើកកន្លងមក ។ ចំពោះក្រុមណារីត កាលពីចុងសប្ដាហ៍មុន ក្រុមនេះបានយកឈ្នះលើក្រុម V.Train ក្នុងលទ្ធផល ៦-១ ដែលធ្វើឲ្យក្រុមណារីតា ឈរជាប់លេខ១ក្នុងតារាង ចំណាត់ថ្នាក់បណ្ដុះអាសន្ន ដោយរកបាន ១៩ពិន្ទុឯណោះ តែក្រុម V.Train ក៏មិនបានធ្លាក់ចេញពីតារាង Top-4ដែរ ដោយនៅលេខរៀងទី៤ ជាមួយនឹង ១៣ពិន្ទុរបស់ខ្លួន ។


រីឯក្រុម RFL បានឈរនៅលេខរៀងទី២ ជាមួយនឹង ១៨ពិន្ទុ បន្ទាប់ពីរកបាន ៣ពិន្ទុបន្ថែមទៀត ក្រោយប្រកួតឈ្នះ ក្រុមនិស្ស័យក្នុងលទ្ធផល ៥-១ ខណៈក្រុម Anvaya Keila បានវាយបកយកឈ្នះក្រុមខ្លាស ក្នុងលទ្ធផល ៤-១ ដើម្បីឡើងទៅឈរនៅលេខរៀងទី៣ ដោយមាន ១៥ពិន្ទុ ។ ចំណែកក្រុម Heng Asia បានប្រកួតបំពេញមុខឈ្នះក្រុម Goodhill ដោយលទ្ធផល ៣-០ និងក្រុម Y FC ប្រកួតឈ្នះក្រុម Multimedia ក្នុងលទ្ធផល ៥-១ ៕

Post a Comment

 
Top