GuidePedia

0
ទស្សនិកជនប្រហែលជាបានជ្រាបហើយកាលពី ដើមខែ មេសាកន្លងទៅ អ្នកលេងសាច់សខ្ចីរបស់កម្ពុជា សែន រ៉ាឌី ត្រូវបានកីឡាករថៃ Chaorite Luk Cham pachai វាយឈ្នះពិន្ទុស្ទើរមិនឲ្យឆ្លងផុតទឹកទី៥ឡើយ ប៉ុន្ដែដោយសារមានការសំណូមពរ យ៉ាងច្រើនពីអ្នកនិយមស្នេហា វិស័យកីឡាប្រដាល់កម្ពុជា ចង់ ឲ្យអ្នក ទាំងពីរជួបគ្នាម្ដងទៀតនោះ គណៈកម្មការរៀបចំការប្រកួត កីឡាប្រដាល់ ក្បាច់គុនបុរាណខ្មែរ នៃសង្វៀនបាយ័ន ក៏បានសម្រេចជ្រើសរើសជើងខ្លាំង កម្ពុជា ម្នាក់ ទៀតគឺកីឡាករ ឡៅ ចន្ទ្រា ដើម្បីឡើងប្រកួតសងសឹកជំនួសកីឡាករ សែន រ៉ាឌី ។


ជំនួបលក្ខណៈមិត្តភាពអន្ដរជាតិកម្ពុជា-ថៃ ដែលធ្វើឲ្យទស្សនិកជន អន្ទះសារចង់ទស្សនានេះ តាមគម្រោងនឹងរៀបចំនៅថ្ងៃទី៣០ ចុងខែឧសភានេះ នៅលើ សង្វៀន រោងសៀក ។ នេះតាមការឲ្យដឹងពីគណៈកម្មការៀបចំការប្រកួត ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ស្វែងរកម្ចាស់ខ្សែក្រវាត់ស្រាបៀរលីអូ ។

តាមសមត្ថភាពជាក់ស្ដែងរបស់ ឡៅ ចន្ទ្រា នាពេលនេះមិនដឹងថា អាចសងសឹកឲ្យ សែន រ៉ាឌី បានឬក៏អត់ទេ ព្រោះ រ៉ាឌី ក៏ជាកីឡាករជើងខ្លាំងម្នាក់ដែរ ប៉ុន្ដែ បែរជាប្រកួតចាញ់ពិន្ទុកីឡាករ Chaorite Luk Champachai ទៅវិញ ។ ឡៅ ចន្ទ្រា បើប្រៀបធៀបសមត្ថភាពជាមួយ រ៉ាឌី មិនជាលើសខ្វះគ្នាប៉ុន្មានទេ គ្រាន់តែ សិស្សគុន ក្លឹបកងទ័ពឆ័ត្រយោងលេខ៩១១រូបនេះ មានកម្ពស់ខ្ពស់ជាងអ្នកលេងសាច់សខ្ចី សែន រ៉ាឌី បន្ដិច ប៉ុន្ដែដោយផ្នែកលើកម្ពស់នេះ គេជឿជាក់ថា ឡៅ ចន្ទ្រា អាចសងសឹកកីឡាករ Chaorite Luk Champachai បានជាមិនខាន ។

ជើងខ្លាំងវ័យក្មេង ឡៅ ចន្ទ្រា បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើគ្រប់ ស្នៀត ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយនឹងការប្រើល្បិចយ៉ាងស្ទាត់ជំនាញទៀតផង ។ បើនិយាយពីប្រវត្តិប្រកួត ចន្ទ្រា ទើបតែមានកេរ្ដិ៍ឈ្មោះល្បីល្បាញ កាល ពីឆ្នាំ២០១៤កន្លងទៅ ហើយក៏ត្រូវបានគេជ្រើសរើស យកមកប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិ នៅលើសង្វៀនប្រដាល់ឯកជនផ្សេងៗ ។

រីឯ Chaorite Luk Champachai ពិតជាមិនធម្មតាមែន ជាពិសេសគឺស្នៀតជង្គង់តែម្ដងដែល ឡៅ ចន្ទ្រា មិនអាចមើលរំលងបានឡើយ ។ សែន រ៉ាឌី ក៏ចាញ់ ប្រៀប ត្រង់ជង្គង់ របស់កីឡាករថៃរូបនេះដែរ ។ ដូច្នេះជំនួបលើកនេះ ច្បាស់ជាកក្រើក ដោយសារពួកគេសុទ្ធតែ ជាជើងខ្លាំងវ័យក្មេងដូចគ្នា ។ ចាំមើលតើ ឡៅ ចន្ទ្រា មានសមត្ថភាពអាចសងសឹក ជួសមិត្តរួមជាតិកីឡាករ សែន រ៉ាឌី បានដែរ ឬទេ?

Post a Comment

 
Top