GuidePedia

0
ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំ កម្ពុជា (U-23) ដែលជាឈុតត្រៀម ចូលរួមប្រកួតកីឡា SEA Games លើកទី២៨ នៅសិង្ហបុរីនាពេលខាងមុខ បានបរាជ័យយ៉ាងចាស់ដៃ ក្រោមថ្វីជើងក្រុមកីឡាករ ជនជាតិអាហ្រ្វិក (African Selected All Stars) ក្នុងជំនួបមិត្តភាព នៅលើទីលានទន្លេបាទី កាលពីល្ងាច ថ្ងៃទី០៨ ខែឧសភា ម្សិលមិញដោយលទ្ធផលបច្ចេកទេស ៤-០ ដាច់ មុននឹងចេញដំណើរ ទៅប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិ៣ប្រកួតទៀត នៅលើទឹកដី វៀតណាម ។


នេះជាការបរាជ័យដ៏ធ្ងន់ធ្ងរជាងគេ សម្រាប់ការប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិ ៣លើកចុងក្រោយរបស់ក្រុម U-23 កម្ពុជា ពោលគឺ ២ប្រកួតមុន ស្មើក្រុម ជម្រើសជាតិ ម្ចាស់ផ្ទះម៉ាឡេស៊ី ១ប្រកួត ៣-៣ និងចាញ់មួយប្រកួតនៅលើទឹកដី ម៉ាឡេស៊ីដដែល ក្នុងលទ្ធផល ៣-២ ក្រោមការដឹកនាំ របស់គ្រូបង្វឹក ជនជាតិកូរ៉េលោក Lee Tae Hoon ។

ក្នុងការប្រកួតនេះលោក Lee បានបែងចែកកូនក្រុមរបស់លោកជា ២ក្រុមដូចមុនៗដែរ ដែលលទ្ធផលបណ្ដោះអាសន្នក្នុងតង់ទី១ ក្រុមកីឡាករជម្រើសជាតិ ១១នាក់ដំបូង ទប់ទល់ជាមួយក្រុមកីឡាករអាហ្រ្វិក ០-១ ប៉ុន្ដែចូលដល់តង់ទី២ ដែលក្រុម U-23 កម្ពុជា ផ្លាស់ប្ដូរកីឡាករ ១១នាក់ផ្សេងទៀតឲ្យចូលរួមម្ដងនោះ ស្រាប់តែកីឡាករអាហ្វ្រិក រកបានគ្រាប់បាល់បន្ថែមរហូត៣គ្រាប់ឯណោះ ខណៈកីឡាករ U-23 កម្ពុជា នៅតែគ្មានឱកាសវាយបកដដែល ទើបចប់ការប្រកួតក្រុម African Selected All Stars ឈ្នះក្រុមជម្រើស ជាតិកម្ពុជាដោយលទ្ធផល ៤-០ តែម្ដង ។

ទោះជាយ៉ាងនេះក្តី នេះគ្រាន់តែជាការប្រកួតកម្ដៅសាច់ដុំប៉ុណ្ណោះ ដែលលោក Lee រៀបចំឡើងចង់ឲ្យកីឡាករ ក្នុងក្រុមជម្រើសជាតិ ទាំងអស់ ត្រូវចេះស្វែង យល់ចិត្តគ្នាទៅវិញទៅមក ជាពិសេសការប្រកួតនេះ ក៏អាចជួយឲ្យកីឡាករកម្ពុជា អាចបង្កើនកម្លាំងផងដែរ ។


មិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃទី១១ ខែឧសភាខាងមុខនេះលោក Lee ក៏នឹងដឹកនាំកីឡាករក្រុម U-23 កម្ពុជា ទៅលេងលក្ខណៈមិត្តភាព អន្ដរជាតិចំនួន ៣ប្រកួត បន្ថែមទៀត នៅប្រទេសវៀតណាម ដោយជួបជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងក្រុមម្ចាស់ផ្ទះវៀត ណាម ២ប្រកួត មុននឹងចេញដំណើរ ទៅចូលរួម ប្រ កួតកីឡា SEA Games លើកទី២៨ នៅប្រទេសសិង្ហបុរី ៕

Post a Comment

 
Top