GuidePedia

0
លោក Jonathan Barnett ​ត្រូវ​ជា​ភ្នាក់ងារ​របស់​កីឡាករ Gareth Bale ​បាន​និយាយ​ថា​ខ្សែ​បម្រើ​សា្លប​រូប​នេះ​នឹង​អាច​លេង​ល្អ​ជាង Cristiano Ronaldo ​ទៅ​ទៀត ​ប្រសិន​បើ​មិត្ត​រួម​ក្រុម​ទាំង​អស់​បោះ​បាល់​ឱ្យ​គេ​លេង​ច្រើន​ជាង​នេះ។


១៨​ប្រកួត​ចុង​ក្រោយ​នេះ Bale រក​គ្រាប់​បាល់​បាន​តែ​២​គ្រាប់​គត់​ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ​ស្លាប ​និង​ជា​កីឡាករ​ថ្លៃ​ជាង​គេ​នៅ​ក្លិប Real Madrid។ ដោយ​ហេតុ​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​​ចង់​ឱ្យ​ក្លិប​លក់​កីឡាករ​ជម្រើស​ជាតិ​វែល​រូប​នេះ​ចេញ​នៅ​រដូវ​កាល​ក្រោយ​។

យ៉ាង​ណា​ក្ដី លោក Barnett ​បែរ​ជា​គិត​ថា​កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​នៅ​តែ​មាន​ទម្រង់​លេង​ល្អ​ដដែល ហើយ​ប្រសិន​បើ Bale បាន​បាល់​លេង​ច្រើន​ជាង​នេះ​ប្រាកដ​ជា​លេង​ល្អ​ជាង Ronaldo ​ទៅ​ទៀត។ “Real ​គួរ​តែ​ធ្វើ​ការ​ជាមួយ Bale ​ច្រើន​ជាង​នេះ ​និង​បោះ​បាល់​ឱ្យ​គាត់​លេង​ផង។ ឱ្យ​គាត់​មាន​បាល់​លេង​ច្រើន​ជាង​នេះ នោះ​អ្នក​នឹង​ឃើញ​ថា​គាត់​មាន​សមត្ថភាព​ប៉ុណ្ណា”។ Barnett ​បញ្ជាក់​បន្ថែម។

នៅ​ជិត​ចប់​រដូវ​កាល​នេះ រឿង​រ៉ាវ​របស់​អតីត​កីឡាករ Spurs ​ខាង​លើ​ មាន​កាន់​តែ​ច្រើន​ឡើង​ហើយ​បន្ទាប់​ពី​​មិន​អាច​ជួយ​ក្រុម​ឱ្យ​ឈ្នះ Juventus ​និង​ Valencia ​បាន។ ណាមួយ​ដោយ​មាន​ឈ្មោះ​ជា​កីឡាករ​ថ្លៃ​ជាង​គេ​ផង តែ​បែរ​ជាមិន​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​ទើប​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​​អធិរាជ​ស​មួយ​ចំនួន​​​គិត​ថា​ក្លិប​គួរ​តែ​លក់ចេញ។


ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក Carlo Ancelotti ​ក៏​ដូច​ជា​ម្ចាស់​ក្លិប​ផ្ទាល់​ក៏​ធ្លាប់​និយាយ​ច្រើន​ដង​ហើយ​ដែរ​ថា Gareth Bale ​មិន​មែន​សម្រាប់​លក់​ទេ៕

Post a Comment

 
Top