GuidePedia

0
តារា​បាល់​ទាល់ Adam Johnson​របស់​ក្លិប​ឆ្មា​ខ្មៅ Sunderland​បាន​ដាក់​ប្រាក់​ធានា ដើម្បី​មាន​សេរីភាព​រហូតដល់​ខែក្រោយ បន្ទាប់ពី​ឡើង​តុលាការ​កាលពី​ថ្ងៃ​ចន្ទ ដើម្បី​ឆ្លើយតប​នឹង​ការចោទប្រកាន់​៣​ករណី​ពាក់ព័ន្ធ​នឹង​ការរំលោភ​សេពសន្ថវៈ​លើ​អនីតិជន។


កីឡាករ​វ័យ​២៧​ឆ្នាំ​ម្នាក់​នេះ ដែល​កាលពី​ខែ​មុន បាន​ជាប់ចោទ​ពី​បទ​ចាប់រំលោភ​សេពសន្ថវៈ​ជាមួយ​ក្មេងស្រី​អាយុ​ក្រោម​១៦​ឆ្នាំ​នោះ បាន​ឡើង​តុលាការ​អង់គ្លេស Peterlee Magistrates’ Court កាលពី​ថ្ងៃ​ចន្ទ​។​

ករណី​ចោទប្រកាន់​ដែល​តម្រូវ​ឲ្យ​ដោះលែង​ជាមួយនឹង​ការ​ដាក់​ប្រាក់​ធានា​នេះ នឹង​បើកសវនាការ​ម្តង​ទៀត​នៅក្នុង​តុលាការ Durham Crown Court នា​ថ្ងៃទី​៣ ខែមិថុនា​ខាងមុខនេះ​។​

សូម​បញ្ជាក់​ថា អតីត​កីឡាករ​របស់​ក្លិប Man City​និង​ក្លិប Boro​ម្នាក់​នេះ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​មីនា ពី​បទ​សង្ស័យ​ធ្វើ​សកម្មភាព​រួមមេត្រី​ជាមួយ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ ហើយ​ការ​ចាប់​ខ្លួន​នេះដែរ ត្រូវ​បាន​ក្លិប​ព្យួរ​ឈ្មោះ​គាត់​ចោល​ពី​ក្រុម ប៉ុន្តែ​ក្រោយមក​ក្លិប​បាន​អនុញ្ញាត​ឲ្យ​គាត់​ចូល​លេង​វិញ ដើម្បី​ជួយ​ស្រោចស្រង់​ក្រុម​ពី​ការ​ជ្រុះ​ពី​តារាង​កំពូល​បាល់ទាត់​អង់គ្លេស។

លោក​លេង​បាន​៦​ប្រកួត​ពី​៧​ប្រកួត​ចុងក្រោយ​របស់​ក្រុម ពោល​គឺ​បាន​អវត្តមាន​ពី​ការប្រកួត​ស្មើ​១–១​ជាមួយ​ក្រុម Stoke City​ក្រោយពី​ការចោទប្រកាន់​គាត់ ត្រូវ​បាន​គេ​ប្រកាស​ឲ្យ​ដឹង៕

Post a Comment

 
Top