GuidePedia

0
ការចាប់ឆ្នោតជ្រើសរើសពូល ប្រកួតក្នុងជុំទី២នៃវគ្គជម្រុះបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ នៅ ប្រទេសរុស្ស៊ី នឹងធ្វើឡើងនាថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០១៥ នៅឯសណ្ឋាគារ JW Marriott ស្ថិតក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅវេលាម៉ោង ១៧:០០នាទីល្ងាច (ម៉ោងនៅកម្ពុជា) ។ នេះយើងតាមគេហទំព័រ AFC ។


សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC នឹងធ្វើការបែងចែកចំនួន៨ពូល (ផើង) ក្នុងនោះដោយ១ពូលមាន៥ ក្រុមក្នុងចំណោម៤០ប្រទេស ដែល ត្រៀមប្រកួតប្រជែងក្នុងជុំទី២នេះ ដែលទើបតែជម្រុះ៦ប្រទេសចេញក្នុងជុំទី១ ពី ចំនួន៤៦ប្រទេសដែលជាសមាជិករបស់ FIFA ប្រចាំទ្វីបអាស៊ី ។ ក្នុងនោះដែរ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក៏ឈានមកដល់ជុំទី២នេះដែរ ក្រោយពីទម្លាក់ម៉ាកាវដោយលទ្ធផលបច្ចេកទេស ៤-១ ទាំងពីរជើង ។

ក្នុងការចាប់ពូលនោះដែរ ក្រុមជម្រើសជាតិអ៊ីរ៉ង់ ដែលទើបតែជ្រុះចេញពីក្នុងពូលនៃ World Cup 2014 នៅប្រទេស ប្រេស៊ីល ហើយក៏ជាក្រុមខ្លាំងលេខ ១ ប្រចាំ ទ្វីបអាស៊ីដែរនោះ នឹងមិនជួប៧ក្រុមខ្លាំងដែលមានចំណាត់ថ្នាក់ខ្ពស់ក្នុង FIFA និងខ្លាំងប្រចាំតំបន់អាស៊ីឡើយមានដូចជា ជប៉ុន កូរ៉េខាងត្បូង អ៊ូបេគីស្ថាន អារ៉ាប់ រួម កាតា អូម៉ង់ និងហ្សកដានី ដោយក្រុមទាំងនេះនឹងត្រូវឈរនៅក្បាលពូលនីមួយៗទាំង៨ ។

កម្ពុជាដែលមានចំណាត់ថ្នាក់លេខទី១៧៩ នៅ FIFA និងឈរនៅលេខ៣៨ប្រចាំទ្វីបអាស៊ី នឹងត្រូវជួបក្រុមណាមួយ ក្នុងចំណោម៨ក្រុមខ្លាំងខាង លើដោយ ចៀស មិនផុត ដែលប្រកួតសន្សំពិន្ទុសម្រាប់ជើងទី១នឹងធ្វើឡើង ចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥តទៅដោយប្រកួត២ជើងដូរទឹកដីគ្នា ។ ក្រុមបាល់ទាត់កម្ពុជា នឹងរវល់ច្រើនក្នុងការប្រកួតជុំទី២នេះ ក្រោមការដឹកនាំដោយគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងលោក Lee Tae Hoon ។


ក្រុមជម្រើសជាតិឈរនៅលេខ១គ្រប់ពូល នឹងមានសិទ្ធិឡើងទៅប្រកួតវគ្គជម្រុះជុំទី៣បន្ត ខណៈដែល៤ក្រុមមានពិន្ទុ ខ្ពស់ជាងគេទាំង៨ពូល ក៏ឡើងទៅដូចគ្នា និងបានឈ្នះកៅអីមួយលេងនៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ប្រចាំទ្វីបអាស៊ី ឆ្នាំ ២០១៩ ដោយស្វ័យប្រវត្តិផងដែរ ៕

Post a Comment

 
Top