GuidePedia

0
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ ព្រះរាជាណាចក្រកកម្ពុជា នឹងផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត បន្ថែមទៀតដល់អ្នកស្រី កែ ឡេង ម្ចាស់មេដាយមាស កីឡាប៉េតង់ពិភពលោក ដែលដណ្ដើមបានក្នុងព្រឹត្តិការណ៍ Women’s World Championship of Petanque នៅប្រទេសបារាំងកាលពីឆ្នាំ២០១៣កន្លងទៅ ។ នេះបើតាម ការឲ្យដឹងពី លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។


ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥នេះលោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថានៅ រសៀលថ្ងៃទី០៩ ខែមេសាខាងមុខ សម្ដេច តេជោ ហ៊ុន សែន នឹងអនុញ្ញាតឲ្យអត្តពលិកកីឡា៣ប្រភេទ ដែលដណ្ដើម បានមេដាយក្នុងព្រឹត្តិការណ៍អន្ដរជាតិ នានាចូលជួបសម្ដែងការគួរសម ក្នុងនោះមាន កីឡាប៉េតង់, យូដូ និងកីឡា សីប៉ាក់តាក្រ ។

លោកបន្ដទៀតថា ក្នុងឱកាសដ៏វិសេសវិសាលនោះ សម្ដេចតេជោ ហ៊ុន សែន នឹងធ្វើការសំណេះសំណាល និងផ្ដល់ អនុសាសន៍សំខាន់ៗមួយចំនួនណែនាំ ដល់ កីឡាករ-កីឡាការិនីទាំង៣ប្រភេទកីឡាខាងលើ ជាពិសេសសម្ដេច ក៏បាន ត្រៀមកញ្ចប់ប្រាក់រង្វាន់លើកទឹកចិត្តបន្ថែម ជូនដល់អត្តពលិកដែលដណ្ដើមបាន មេដាយ ក្នុងព្រឹត្តិការណ៍អន្ដរជាតិនា ពេលកន្លងមក ហើយក៏មានវត្តមានអ្នកស្រី កែ ឡេង ម្ចាស់មេដាយមាសកីឡាប៉េតង់ពិភពលោកទៀតផង ។

លោក វ៉ាត់ ចំរើន បានបន្ថែមថា «ក្នុងពិធីសំណេះសំណេះនោះ ក្រៅពីផ្ដល់អនុសាសន៍ល្អៗ ដល់អត្តពលិកសម្ដេច តេជោ ហ៊ុន សែន នឹងផ្ដល់ប្រាក់រង្វាន់ បន្ថែម ដល់កីឡាករ-កីឡាការិនីកីឡាប៉េតង់, យូដូ និងកីឡាសីប់ាក់តាក្រ ដែល ដណ្ដើមបានមេដាយគ្រប់ប្រភេទពីព្រឹត្តិការណ៍ពិភពលោក ថ្នាក់តំបន់អាស៊ី និងថ្នាក់ តំបន់អាស៊ាន» ។

អគ្គលេខាធិការ NOCC រូបនេះបានបញ្ជាក់ទៀតថា «អ្វីដែលសំខាន់នោះ គឺអ្នកស្រី កែ ឡេង ដែលជាម្ចាស់មេដាយ មាសពិភពលោក កាលពីឆ្នាំ២០១៣ សម្ដេច នឹងផ្ដល់ប្រាក់រង្វាន់បន្ថែមចំនួន៤០លានរៀល ខណៈអ្នកស្រីក៏ធ្លាប់ទទួល បានប្រាក់រង្វាន់ពីរាជរដ្ឋាភិបាលចំនួន៨០លានរៀលរួចមកហើយកាលពីពេលកន្លងមក ហើយលើសពីនេះ អ្នកស្រី កែ ឡេង ក៏នឹងទទួលបានប្រាក់រង្វាន់បន្ថែមពីការដណ្ដើមបានមេដាយសំរិទ្ធិពិភពលោក និងមេដាយមាស ប្រាក់ សំរិទ្ធិ ពីការប្រកួត ក្នុង ព្រឹត្តិការណ៍ ថ្នាក់តំបន់ជាច្រើនផ្សេងទៀតផងដែរ» ។

លោក វ៉ាត់ ចំរើន បានឲ្យដឹងទៀតថា ក្រោយជួបសំណេះសំណាល និងស្ដាប់អនុសាសន៍របស់សម្ដេច តេជោ ហ៊ុន សែន រួចហើយនោះ លោក ថោង ខុន រដ្ឋមន្ដ្រី ក្រសួងទេសចរណ៍ និងជាប្រធាន NOCC និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រី ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចរៀបចំក្បួនដង្ហែអ្នកស្រី កែ ឡេង ចេញពី វិមានសន្ដិភាព ឆ្ពោះទៅ កាន់ វិមានឯករាជ្យ ហើយបន្ដហែរទៅសួរច្បារសម្ដេចតេជោ មុននឹងដង្ហែទៅបញ្ចប់នៅពហុកីឡដ្ឋានជាតិ ។



ពិធីដង្ហែអ្នកស្រី កែ ឡេង នោះដែរលោក វ៉ាត់ ចំរើន បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ មេត្តាចូលរួមឲ្យ បានច្រើនកុះករ ដើម្បីជាការលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែង ដើម្បីប្រទេសជាតិកម្ពុជា ក៏ដូចជាដើម្បីប្រជា ពលរដ្ឋខ្មែរ ទាំងមូលផងដែរ ៕

Post a Comment

 
Top