GuidePedia

0
អ្នក​លេង​កណ្ដាប់​ដៃ​ ពេជ្រ​ សីហា បាន​ចេញ​ទៅ​ប្រកួត​ Thai Fight ​ជា​មួយ​កីឡាករ​​ថៃ ​Iquezang Kor Rungthanakeat កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា​ឆ្នាំ​២០១៥ ហើយ​បាន​​ចាញ់​ពិន្ទុ​ទាំង​ប្រផុតប្រផើយ​។ ​ប៉ុន្តែ​ការ​ប្រកួត​នៅ​ Thai Fight នេះ​​ ពេជ្រ​ សីហា ទទួល​បាន​ប្រាក់​​តម្លៃ​ខ្លួន​ប៉ុន្មាន? ​

ពេជ្រ សីហា បាន​​ប្រកួត​ឈ្នះ​ ឯម ខ្លឹមខ្មៅ កន្លង​មក

អ្នក​ប្រដាល់​មក​ពី​ខេត្ត​តាកែវ​ ពេជ្រ សីហា បាន​ឲ្យ​ដឹង​ថា ​រូប​គេ​​​ទទួល​បាន​ប្រាក់​​ចំនួន​១៥០០$ ​សម្រាប់​ការ​ប្រកួត​នៅ​កម្មវិធី​ Thai Fight នេះ។ ​ចំនួន​​ទឹក​ប្រាក់​តម្លៃ​ប្រកួត​នេះ​​ រូប​គេ​ ​និង​អ្នក​រៀបចំ​ការ​ប្រកួត​​ Thai Fight ​បាន​ចរចា​គ្នា​រួច​រាល់​ ​​មុន​ពេល​សម្រេច​​ចេញ​ទៅ​ប្រកួត​នេះ និង​​​​ទទួល​បាន​ប្រាក់​ដល់​ដៃ​ពេល​ប្រកួត​ចប់។ សីហា​បញ្ជាក់​ថា តម្លៃ​ខ្លួន​នេះ​មិន​ខុស​គ្នា​ច្រើន​កីឡាករ​ដែល​ទទួល​បាន​ជ័យជម្នះ​ឡើយ។ ​

តម្លៃ​មួយ​ប្រកួត​ចំនួន​១៥០០​ដុល្លារ​នេះ​អាច​ចាត់​ទុក​ថា​ ខ្ពស់​ជាង​ការ​ប្រកួត​ក្នុង​ប្រទេស​កម្ពុជា​រហូត​​ដល់​៤​ដង​ ពី​ព្រោះ​ការ​ប្រកួត​មិត្តភាព​ជាតិ​អាច​ទទួល​បាន​តម្លៃ​ខ្លួន​៨០​ម៉ឺន​ទៅ​១​លាន​រៀល​ ប៉ុន្តែ​បើ​ប្រកួត​មិត្តភាព​អន្តរជាតិ​វិញ​អាច​ទទួល​បាន​ចន្លោះ​ពី​៣០០​ទៅ​៤០០​ដុល្លារ​ ឬ​កីឡាករ​ខ្លះ​ដូច​ជា​ វ៉ន វីវ៉ា​ ជា​ដើម​អាច​ទទួល​បាន​៥០០​ដុល្លារ។ ​

ទោះ​បី​ជា​ចាញ់​ជើង​ខ្លាំង​ថៃ​ដោយ​ពិន្ទុ ប៉ុន្តែ​​អ្នក​ប្រដាល់​​កម្ពុជា​រូប​នេះ​​ធ្វើ​បាន​ល្អ​ដែល​ទទួល​បាន​ការ​កោត​សរសើរ​ពី​អ្នក​គាំទ្រ។ ពេជ្រ សីហា​​បាន​សន្យា​ថា​ នឹង​ប្រឹង​ប្រែង​ដើម្បី​រក​ជ័យជំនះ​​ឲ្យបាន​នៅ​​ Thai Fight ។ ​

កីឡាករ​ថៃ ​Iquezang ទាត់​លើ​កីឡាករ​កម្ពុជា ពេជ្រ សីហា (រូបថត Thai Fight)

កីឡាករ​ជើង​ខ្លាំង​កម្ពុជា កែវ រំចង់ ប្រកួត​ជា​មួយ​កីឡាករ​ Yodsanklai កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ​ ឆ្នាំ​២០១៤​ទទួល​បាន​តម្លៃ​ខ្លួន​តិច​ជាង​កីឡាករ​ម្ចាស់​ផ្ទះ​៤​ដង។ ​លោក កែវ សំអាង ជា​ឪពុក និង​ជា​គ្រូ​បង្វឹក​របស់​កែវ រំចង់​ធ្លាប់​បាន​ប្រាប់​ កែវ រំចង់​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ចំនួន​៤​ម៉ឺន​បាត (ប្រហែល​ជាង​មួយ​ពាន់​ដុល្លារ​)៕

Post a Comment

 
Top