GuidePedia

0
ការ​ប្រកួត​ក្របខ័ណ្ឌ Serie A ​កាល​ពី​យប់​មិញ​នេះ ក្រុម​ខ្លាំង​ Juventus ​បាន​យក​ឈ្នះ​ក្រុម Fiorentina ​ដោយ​លទ្ធផល​ ៣-២ ឯ​​តួឯក​ក្នុង​ការ​ប្រកួត​គឺ​ខ្សែ​​​ប្រយុទ្ធ Carlos Tevez ដែល​រក​បាន​២​គ្រាប់​ម្នាក់​ឯង។


ម្ចាស់​ផ្ទះ Juventus ​យប់​មិញ​នេះ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​បុក​ពោះ​មែន​ទែន ដោយសារ​ត្រូវ​ក្រុម​ភ្ញៀវ​នាំ​មុខ​មុន ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ ទាត់​ដោយ​កីឡាករ Gonzalo នៅ​នាទី៣៣​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​នាំ​មុខ​នេះ​បាន​តែ​៣​នាទី​ប៉ុណ្ណោះ ក៏​ត្រូវ​សេះ​បង្កង់​តាម​បាន​ស្មើ​វិញ​ដោយ Llorente ​តែត​ចូល​ បន្ទាប់​ពី​ទទួល​បាល់​ពី Pirlo ។

ជិត​ចប់​តង់​ទី​១​ទៅ​ហើយ នាទី ៤៥ +១ ​ខ្សែ​ប្រយុទ្ធ Tevez ​បាន​តែត​រក​គ្រាប់​បាល់​នាំ​មុខ​បាន​វិញ បន្ទាប់​ពី​ទទួល​បាល់​ពី Evra ខណៈ​ដែល​គ្រាប់​បាល់​ទី​៣ ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​រូប​នេះ​ធ្វើ​បាន​ដោយ​បាល់​ទាត់​សឹង​តែ​អស់​មុំ នៅ​នាទី ៧០ ។

Fiorentina មាន​ឱកាស​តាម​ស្មើ​វិញ​បាន​ច្រើន​ដែរ តែ​ធ្វើ​មិន​បាន​សម្រេច ដោយ​កីឡាករ Gonzalo ​បាន​បាល់​ពិន័យ​១១​ម៉ែត្រ​ម្ដង​ទៀតនៅ​នាទី ៦៧ តែ​ទាត់​អត់​ចូល។ រហូត​ដល់​នាទី​៩០​ទើប​អាច​បាន​គ្រាប់​បាល់​ទី ២ ​ដោយ​ Llicic ។

លទ្ធផល ៣-២ ​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម Juventus ​កាន់​តែ​ជិត​ដល់​ដំណាក់​កាល​លើក​ពាន​ហើយ ព្រោះ​បច្ចុប្បន្ន​នេះ ក្រុម​ពួកគេ​ឈរ​នៅ​កំពូល​តារាង​ដោយ​ឈ្នះ​ពិន្ទុ​ដាច់៧៦ ឯ​ក្រុម​លេខ​២ Lazio មាន ៦២​ពិន្ទុ។ ដោយ​ឡែក​២​គ្រាប់​របស់ Tevez ​យប់​មិញ​នេះ ក៏​បាន​ធ្វើ​ឱ្យ​រូប​គេ​ក្លាយ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​អ៊ីតាលី​ប៉ុណ្ណោះ​អាសន្ន​ដែរ ដោយ​មាន​២០​គ្រាប់ លើស​អ្នក​លេខ​២ Icardi ​របស់ Inter Milan ​​ដែល​​រក​បាន ១៨​គ្រាប់ ៕




Post a Comment

 
Top