GuidePedia

0
ក្លឹបបាល់ទាត់ក្រសួងការពារជាតិ (ទ័ព) បានរៀបចំ កម្មវិធីប្រកួតប្រជែងរចនាម៉ូដ (ឌីហ្សាញ) ឯកសណ្ឋាន ថ្មីរបស់ខ្លួនចំនួន២ឈុត សម្រាប់ពាក់ប្រកួតក្នុង រដូវ កាលថ្មី ឆ្នាំ២០១៥ នៃពានរង្វាន់លីកកំពូល Metfone Cambodia League ដែលនឹងចាប់ផ្ដើមនៅខែកក្កដាខាងមុខ ។


យោងតាមព័ត៌មាននៅលើ Facebook ផ្លូវការរបស់ទ័ពបានឲ្យដឹងថា ដើម្បីលើកកម្ពស់ស្នាដៃយុវជនកម្ពុជា ដែលចេះ ជំនាញឌីហ្សាញនោះក្លឹបបានបើកកម្មវិធី ប្រកួត ប្រជែងមួយ ដើម្បីរចនាឯកសណ្ឋានរដូវកាលថ្មី ដែលផ្ដល់ឱកាសឲ្យ មានការចូលរួមទាំងអ្នកគាំទ្រ (Fan) និងមិនគាំទ្រក្លឹបក្រសួងការពារជាតិទាំងអស់ ហើយក៏មានប្រាក់រង្វាន់លើកទឹក ចិត្តសម្រាប់អ្នកឌីហ្សាញស្អាតជាងគេ ពីចំណាត់ថ្នាក់លេខ១ ដល់លេខ៣ទៀតផង ។

ចំពោះលក្ខខណ្ឌចូលរួមប្រកួត គឺក្លឹបបើកសេរីគ្រប់ភេទអាយុ ដោយតម្រូវឲ្យរចនាឯកសណ្ឋានម្នាក់ចំនួន២ឈុត ក្នុង នោះមានពណ៌ក្រហម និងពណ៌ខៀវ រីឯ ពណ៌ឆ្នូត និងទម្រង់កអាវ (មូល ស្រួច និងកបើក) បេក្ខជនចូលរួមអាចជ្រើស បានតាមចិត្ត ។

បន្ទាប់ពីរចនាម៉ូដរួច បេក្ខជនអាចផ្ញើស្នាដៃរបស់ខ្លួនមកកាន់ក្លឹប ដើម្បីត្រួតពិនិត្យ និងជ្រើសរើសយក ឯកសណ្ឋានណាដែលស្អាតជាងគេចំនួន៣ ធ្វើជាឯក សណ្ឋាន ផ្លូវការសម្រាប់រដូវកាលថ្មីតែម្ដង ។ ការចុះឈ្មោះនឹង ចាប់ផ្ដើមពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែមេសា ទើបបញ្ចប់ ។


រីឯប្រាក់រង្វាន់លើកទឹកចិត្តអ្នកដណ្ដើមបានជ័យលាភីឌីហ្សាញស្អាតជាងគេវិញ គឺមានដូចជាលេខ១ទទួលបានទឹក ប្រាក់៥០ដុល្លារ, លេខ២ ទទួលបានប្រាក់ រង្វាន់ ចំនួន៣០ដុល្លារ និងលេខ៣ ទទួលបាន២០ដុល្លារ ហើយអ្នក ៣រូប នោះក៏នឹងទទួលបានឯកសណ្ឋាន២ឈុត និងកាតសមាជិក Fan Club ម្នាក់មួយផង ដែរ ៕

Post a Comment

 
Top