GuidePedia

0
ខ្សែ​បម្រើ​ស្លាប Angel Di Maria ​នឹង​មិន​ចាកចេញ​ពី Manchester United ​ទៅ​ Paris Saint Germain ​​ទេ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ហើយ​ថែម​ទាំង​និយាយ​ទៀត​ថា​រូប​គេ​ចង់​ពង្រឹង​សមត្ថភាព​ឡើង​វិញ​ជាមួយ​បិសាច​ក្រហម។


យោង​តាម​វិបសាយ​ The Sun ​បាន​ចុះ​ផ្សាយ​ថា៖ “គ្មាន​ការ​ដោះដូរ​អ្វី​កើត​ឡើង​នោះ​ទេ​ចំពោះ Di Maria ​ហើយ​គាត់​ក៏​មិន​មាន​ចំណាប់​អារម្មណ៍​ផ្លាស់​ទៅ​បារាំង​នោះ​ដែរ។ វា​ជា​រឿង​ពិត​ដែល​ Di Maria ​មិន​ចាកចេញ​ទៅ​ណា។ គាត់​ថែម​ទាំង​តាំង​ចិត្ត​ទៀត​ថា​នឹង​ពង្រឹង​សមត្ថភាព​ឱ្យ​ល្អ​ឡើង​វិញ​នៅ Old Trafford ”។

ខ្សែ​បម្រើ​ស្លាប​ជម្រើស​ជាតិ​​អាហ្សង់ទីន​​ខាង​លើ​នេះ ផ្លាស់​ពី​ Real Madrid មក Man Utd ​កាល​ពី​ដើម​រដូវ​កាល​នេះ ​ក្នុង​តម្លៃ​ខ្លួន​៥៩,៧​លាន​ផោន ប៉ុន្តែ​រូប​គេ​ហាក់​ដូចជា​មិន​បាន​បញ្ចេញ​ទម្រង់​លេង​ល្អ​ឱ្យ​ដូច​ទៅ​នឹង​តម្លៃ​ខាង​លើ​នេះ​ឡើយ ពោល​គឺ​មិន​អាច​ជួយ​បិសាច​ក្រហម​អ្វី​បាន​ច្រើន​ឡើយ។

រឿង​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ក្រុម​យក្ស​នៅ​បារាំង​ PSG ​ចង់​បាន ដោយ​ហ៊ាន​រហូត​ដល់​ទៅ​តម្លៃ​ដើម​វិញ ស្របពេល​ដែល​លោក Louis van Gaal ​វិញ​ក៏​បាន​និយាយ​ទៀត​ថា ប្រសិន​បើ​កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ​ចង់​ចាកចេញ​មែន លោក​ក៏​មិន​ឃាត់​អី​នោះ​ដែរ។


យ៉ាងណាមិញ អ្វី​គ្រប់​យ៉ាង​ហាក់​ដូចជា​មិន​អាច​ទៅ​រួច​ឡើយ ព្រោះ​ថា​អតីត​កីឡាករ Real Madrid ​រូប​នេះ​បាន​ចេញ​មក​បញ្ជាក់​ដូច​ខាង​លើ​នេះ​ទៅ​ហើយ ខណៈ​កាល​ពី​ដើម​រដូវ​កាល​កន្លង​ទៅ រូប​គេ​ក៏​​បាន​​អះអាង​ថា​បើ​ចេញ​ពី Man Utd គឺ​ទៅ​លេង​នៅ​ស្រុក​កំណើត មិនមែន​នៅ​ក្លិប​ផ្សេង​ទៀត​នៅ​អឺរ៉ុប​នោះ​ឡើយ៕

Post a Comment

 
Top