GuidePedia

0
អ្នក​ចាំ​ទី Iker Casillas ​បាន​និយាយ​ថា​រូប​លោក​មិន​ចាកចេញ​ពី​ក្រុម Real Madrid ​នោះ​ទេ ទោះ​ជា​រដូវ​កាល​ក្រោយ​មិន​អាច​ជាប់​ជា​ដៃ​ទី​១ ក៏​ដោយ។


Casillas ​សល់​កុងត្រា​ជាមួយ​ក្រុម Real Madrid ​២​ឆ្នាំ​ទៀត ខណៈ​ដែល​ពេល​នេះ​មាន​ព័ត៌មាន​ជា​ច្រើន​លេច​ឮ​មក​ថា ក្រុម​ដែល​ដឹក​នាំ​ដោយ​លោក Carlo Ancelotti ​មួយ​នេះ ​កំពុង​តែ​ចង់​បាន​អ្នក​ចាំ​ទី David de Gea ​ចូល​ក្រុម​​នៅ​​រដូវ​កាល​ក្រោយ​ ដើម្បី​ជំនួស​ប្រធាន​ក្រុម​រូប​នេះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី កីឡាករ​វ័យ​៣៣​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ពី​អនាគត​របស់​គេ​ថា​មិន​ទៅ​ណា​ចោល Real ​នោះ​ទេ ហើយ​សន្យា​ថា​នឹង​ចូល​និវត្តន៍​នៅ​ទី​នេះ​ទៀត​ផង។ “ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​នៅ​ទី​នេះ​រហូត​ទាល់​តែ​ចូល​និវត្តន៍។ មក​ដល់​ពេល​នេះ​វ័យ​របស់​ខ្ញុំ​កាន់​តែ​ច្រើន​ទៅ​ហើយ ប៉ុន្តែ​ខ្ញុំ​នឹង​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត ដើម្បី​អាច​រក្សា​តំណែង​ដៃ​ទី​១​​ឱ្យ​បាន ទោះ​ជា​ក្រុម​នាំ​អ្នក​ថ្មី​មក​ក៏​ដោយ”។ ​សម្ដី Casillas ​និយាយ ។

​អ្នក​ចាំ​ទី​ដែល​ជាប់​ជា​ជម្រើស​ជាតិ​អេស្ប៉ាញ​តាំង​ពី​ឆ្នាំ​២០០០ មក​រូប​នេះ បាន​ក្លាយ​ជា​ប្រធាន​ក្រុម​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​អាច​ឈ្នះ​ពាន​ ធំ​ៗ​បាន​ច្រើន​ជាង​គេ​ បើ​បូក​ទាំង​ជម្រើស​ជាតិ​ និង​ក្លិប​អាជីព​ ពោល​គឺ​រហូត​ដល់​ទៅ​៨​ពាន​រង្វាន់​ផ្សេង​ៗ​គ្នា​ទៅ​ហើយ គឺ Club World Cup , La Liga , Copa del Rey , Spanish Super Cup , European Super Cup , Champions League , World Cup និង​ European Championships ។


អ្នក​​ចាំ​ទី​ដែល​​​លេង​ឱ្យ Real ​តាំង​ពី​តួូច​មក​រូប​នេះ បាន​​ជួយ​ឲ្យ​​ក្រុម​ឈ្នះ​ពានជា​ច្រើន​​ដូចជា UEFA Champions League ​៣​សម័យ, UEFA Super Cup ​២​ដង , FIFA Club World Cup ​២​ដង , Intercontinental Cup ​២​ដង , La Liga ​៥​ដង , Copa del Rey ​២​ដង​ និង​ Spanish Super Cup ​៤​ដង ៕

Post a Comment

 
Top