GuidePedia

0
ទីបំផុត​ភាគី​កម្ពុជា សម្រេច​បញ្ជូន​អត្តពលិក​របស់​ខ្លួន​ចំនួន ១៧៦ នាក់​លើ​ប្រភេទ​កីឡា ២២ ទៅ​ចូលរួម​ប្រកួត​ក្នុង​កីឡា​​ស៊ីហ្គេម​ឆ្នាំ ២០១៥ ដែល​រៀបចំ​នៅ​ប្រទេស​សិង្ហបុរី នា​ដើម​ខែ មិថុនា នេះ ក្រោយ​ប្រមូល​ផ្ដុំ​ជាង ៥ ខែ​មក។ នេះ​មិន​គិត​ទិន្នន័យ​​គ្រូ​បង្វឹក និង ប្រតិភូ​នៅ​ឡើយ​នោះ​ទេ។


យោង​តាម​លោក ញាណ ​សុខវិសាល មន្ត្រី​ប្រតិភូ​ដឹកនាំ​អត្តពលិក​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ អន្តរជាតិ​នេះ​បាន​ឱ្យ​ដឹង​ថា កីឡា​ទាំង ២២ ប្រភេទ​មាន ហែល​ទឹក, អត្តពលកម្ម, វាយ​សី, បាល់បោះ, ប្រដាល់​(​សាកល​), ប្រណាំង​កង់ ​(Road bike), ជិះសេះ​ (Equestrian), គុន​ដាវ, បាល់ទាត់, វាយ​កូន​ហ្គោល, កាយសម្ព័ន្ធ, យូ​ដូ, ប៉េតង់​(​ប៊ូល​), បាល់អោប, សី​ប៉ា​តា​ក្រ, វាយ​កូនឃ្លី​លើ​តុ, តេ​ក្វាន់​ដូ, វាយ​កូន​បាល់, ទូក (​ប្រពៃណី និង ទូក​កានូ) , ទ្រី​យ៉ា​ត្លុង, បាល់ទះ និង​វូ​ស៊ូ ។ បើ​គិត​សរុប​ទាំង កីឡាករ គ្រូ​បង្វឹក និង ប្រតិភូ កម្ពុជា​មាន​ចំនួន​សរុប ២២៩ នាក់។

កីឡា​នីមួយៗ ​នឹង​ចេញ​ដំណើរ​ទៅ​តាម​កម្មវិធី​ប្រកួត​​អាច​មាន​ចេញ​មុន និង ចេញ​ក្រោយ ព្រោះ​មាន​កីឡា​ខ្លះ​ត្រូវ​ប្រកួត​មុន​ថ្ងៃ​បើក​ឆាក ដូច​ជា​កីឡា​បាល់ទាត់​ជា​ដើម។ ប៉ុន្ដែ​​សម្រាប់​ក្រុម​ប្រតិភូ​​ដូចជា​លោក សុខវិសាល ត្រូវ​ចេញ​ទៅ​មុន​តាំង​ពី​ថ្ងៃ​ទី ២៣ ខែ ​ឧសភា ម៉្លេះ។

ក្រសួង​អប់រំ​យុវជន​និង​កីឡា តាម​រយៈ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា បាន​ប្រមូល​ផ្ដុំ​​​កីឡា​ចំនួន ២២ ប្រភេទ ចាប់​តាំង​ពី​​ថ្ងៃ​ទី ៦ មករា រហូត​ដល់​ ៥ មិថុនា ឆ្នាំ ២០១៥ ដោយ​មាន​​កីឡាករ​កីឡា​ការិនី​សរុប​ចំនួន ៣៩២ នាក់ មុន​សម្រេច​យក​ជា​ផ្លូវការ​ ក្នុង​ការ​ត្រៀម​ចេញ​ស៊ីហ្គេម​លើក​នេះ។

ស៊ីហ្គេម​ឆ្នាំ ២០១៥ នេះ​​បាន​សម្រេច​ដាក់​​កីឡា​ចំនួន ៣៦ ប្រភេទ ក្នុង​នោះ ៤០២ វិញ្ញាសា (ស្មើ​នឹង ៤០២ មេដាយ​មាស) ​ឱ្យ​អត្តពលិក​មក​ពី​ប្រទេស​ចំនួន ១១ ក្នុង​តំបន់​អាស៊ីភាគអាគ្នេយ៍​​ធ្វើការ​ប្រកួត​ប្រជែង​គ្នា​​ចាប់​ពី​ថ្ងៃ​ទី ៥ ដល់ ១៦ ខែ មិថុនា ឆ្នាំ ២០១៥។

កាល​ពី​ស៊ីហ្គេម​ឆ្នាំ ២០១៣ នៅ​ទីក្រុង Naypyidaw ប្រទេស​មីយ៉ាន់ម៉ា ភាគី​កម្ពុជា​បាន​​​បញ្ជូន​កីឡាករ គ្រូ​បង្វឹក និង ប្រតិភូ សរុប​ចំនួន ២៦៧ នាក់ ​លើក​​វិញ្ញាសា​កីឡា​ចំនួន ២១ ប្រភេទ​ខុសៗ គ្នា ហើយ​ដណ្ដើម​បាន​មេដាយ​ចំនួន ៤៧ គ្រឿង​ក្នុង​នោះ​មាស ៨ ប្រាក់ ១១ និង សំរឹទ្ធិ ២៨ គ្រឿង៕

Post a Comment

 
Top