GuidePedia

0
ក្លិប​បាល់​ទាត់​ស្វាយរៀង ណាហ្គា​វើ​ល អគ្គស្នងការដ្ឋាន​នគ​រ​បាល​ជាតិ​(ប៉ូលិស) និង​ក្រសួងការពារជាតិ នឹងត្រូវធ្វើ​ការ​ប្រកួត​​ប្រជែង​គ្នា​​ក្នុង​ពាន​កីឡាបាល់ទាត់​វ័យចាស់កម្ពុជា លើក​ទី​១ ឆ្នាំ​២០១៥ នៅ​ស្តាត​ចាស់ នា​រសៀល​ថ្ងៃពុធ​​នេះ និងថ្ងៃ​ព្រហស្បតិ៍ ខណៈ​ម្ចាស់​ដើម្បី​​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។


នៅ​ក្នុង​ការ​ប្រកួត​នេះ ម្ចាស់​ឧបត្ថម្ភ Home Sport (ផ្ទះកីឡា) ជា​អ្នក​លក់​សំបុត្រ ដើម្បី​រក​ប្រាក់​ជូន​ទៅ​មន្ទីរ​ពេទ្យ​គន្ធាបុប្ផា ប៉ុន្តែ​ម្ចាស់ហាង​មួយ​នេះ​ក៏​បាន​បោះ​ពុម្ភ​អាវ​យឺត​ជាង​៣០០​អាវ ដើម្បី​ផ្តល់​ជូន​អ្នក​ទិញ​សំបុត្រម្នាក់១ៗ​​ផង​ដែរ រួម​ទាំង​ធុង​សម្រាប់​ដាក់​ថវិកា​បរិច្ចាក​ចំនួន​២ និង​លិខិត​សម្រាប់​ធ្វើ​ការ​ផ្សព្វផ្សាយ​ចំនួន​២ពាន​សន្លឹក ដើម្បី​ចែក​ជូន​នៅ​តាម​សាកល​វិទ្យាល័យ និង​ទី​លាន​បាល់​ទាត់ ក្នុង​រាជធានី​ភ្នំពេញ។

នៅ​ក្នុង​លិខិត​ផ្សព្វ​ផ្សាយ​របស់ Home Sport បានសរសេរ​ថា៖​«​​«បងប្អូន​គ្រាន់​តែ​បរិច្ចាក​១០០០០​រៀល នឹង​ទទួល​បាន​សំបុត្រ​អញ្ជើញ​ និង​អាវ​យឺត​ដ៏​ស្រស់ស្អាត​១​ពី​ផ្ទះ​កីឡា ហើយ​ថវិកា​ដែល​បងប្អូន​បរិច្ចាក​ទាំង​អស់ សមាគម​កីឡា​បាល់​ទាត់​វ័យ​ចាស់​កម្ពុជា នឹង​ប្រគល់​ជូន​ដល់​មន្ទីរ​ពេទ្យគន្ធបុប្ផា ហេតុ​នេះ​សូម​បងប្អូន​អញ្ជើញ​ចូល​រួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះ​ករ ដើម្បី​បង្ហាញ​កម្លាំង​ឆន្ទៈ​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​ដើម្បី​ខ្មែរ»។

សំបុត្រ​ទាំង​នេះ មាន​លក់​នៅ​ហាង​ផ្ទះ​កីឡា​ទាំង​២​កន្លែង ដែល​បាន​ដាក់​លក់​អស់​រយៈ​ពេល​១០​ថ្ងៃ​មក​ហើយ ប៉ុន្តែ​មិន​សូវ​មាន​អ្នក​មាន​ទិញ​នោះ​ទេ ប៉ុន្តែ​​​​នៅ​ថ្ងៃ​ពុធ​នេះ និង​ថ្ងៃ​ព្រហស្បតិ៍ សំបុត្រ​នឹង​មាន​លក់​នៅ​ស្តាត​ចាស់​តែ​ម្តង ហើយ​ការ​ប្តូរ​ទី​តាំង​លក់​សំបុត្រ​នេះ​ត្រូវ​បាន​លោក ហេង រស្មី ម្ចាស់​ហាង​ផ្ទះ​កីឡា​ បាន​ប្រាប់​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា៖​
«យ៉ាង​ហោច​ណាស់​ក៏​យើង​អាចប្រមូលថវិកា​​បាន​ជាង​២ពាន់​ដុល្លារ ទៅ​៣ពាន់​ដុល្លារ​ដែរ ដើម្បី​ជួយ​​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ ព្រោះខ្ញុំ​ជឿ​ថា ​ក្រៅ​ពី​ថវិការ​បាន​ពី​ការ​លក់​សំបុត្រ តំណាង​ក្លិប​ទាំង​៤​ និង​កីឡាករ​ភាគ​ច្រើនដែល​បាន​ចូល​រួម​ការ​ប្រកួត​នេះ សុទ្ធ​តែ​មាន​លទ្ធភាព​ក្នុង​ការ​ចូល​រួម​បរិច្ចាក​ថវិកា ដើម្បី​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា»។

កីឡាករ​តំណាង​ឲ្យ​ក្លិប​ទាំង​៤ ដែល​បាន​ចូល​រួម​ការ​ប្រកួត​កីឡា​បាល់​ទាត់វ័យ​ចាស់កម្ពុជា ឆ្នាំ​២០១៥ គឺ​ភាគ​ច្រើន​ជា​អតី​ត​កីឡាករ​ជើង​ចាស់ ព្រម​ទាំង​គ្រូ​បង្វឹក និង​ថ្នាក់​ដឹក​នាំ​របស់​ក្លិប ខណៈ​លោក Lee Tae Hoon គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា ក៏​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ក្នុង​ការ​ប្រកួត​នេះ​ដែរ ដោយ​លោក​លេង​ឲ្យ​ក្លិប​ស្វាយ​រៀង។

ចំណែក​​ការ​​ចាប់​ឆ្នោតបែង​ចែក​ការ​ប្រកួត បាន​ធ្វើ​​រួចរាល់​​ហើយ ដោយក្នុង​នោះ​​ក្រុម​ម្ចាស់ផ្ទះ​ក្រសួងការពារជាតិ​ ជួប​ក្រុម​ខេត្តស្វាយរៀង​ នា​វេលា​ម៉ោង២រសៀល នា​ថ្ងៃ​ពុធ​នេះ ខណៈ​ក្រុម​ណាហ្គា​វើ​ល ត្រូវ​​​ប្រកួត​ជាមួយ​​ក្រុម​ប៉ូលិស នៅ​ម៉ោង​បន្ទាប់។


ចំណែក​នៅ​ថ្ងៃ​ព្រហស្បតិ៍ គឺ​ជា​ការ​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣​រវាង​ក្រុម​ចាញ់ និង​ក្រុម​ចាញ់ ក្រុម​ដែល​ចាញ់​ នា​ម៉ោង២រសៀល ហើយ​ក្រុម​ឈ្នះ​ ​ត្រូវ​ប្រជែង​យក​ពានរង្វាន់​ជា​លក្ខណៈ​មិត្តភាព​នេះនៅ​ម៉ោង​បន្ទាប់៕

Post a Comment

 
Top