GuidePedia

0
ដោយមានការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រ កកម្ពុជា នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥ ស្អែក នេះ ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាបានសហការគ្នាក្នុងការរៀបចំក្បួនដង្ហែ ដ៏ពិសេសមួយក្នុងរាជធានីភ្នំពេញ ជូន កីឡាការិនីប៉េតង់ កែ ឡេង ដែលជា អត្តពលិកឆ្នើមក្នុងប្រវត្តិសាស្ដ្រ ដណ្ដើមបានមេដាយមាសពិភពលោកជូនកម្ពុជា កាលពីឆ្នាំ២០១៣កន្លងទៅ ។


អ្នកស្រី កែ ឡេង ដណ្ដើមបានមេដាយមាសពិភពលោកពីព្រឹត្តិការណ៍ Women’s World Championship of Petanque នៅប្រទេសបារាំង តាំងពីខែតុលា ឆ្នាំ២០១៣ម្ល៉េះ ប៉ុន្ដែភ្លាមៗនោះ នៅពេលអ្នកស្រីនាំមេដាយមាសខាង លើមកដល់ទឹកដីកម្ពុជា គឺពុំសូវមានការចូលរួមទទួលគាំទ្រឬរៀបចំក្បួនដង្ហែអធិកអធម អ្វីឡើយ ពោលបើប្រៀបធៀប នឹងកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ម្ចាស់មេដាយមាសកីឡាអាស៊ីលើកទី១៧ នៅសាធារណរដ្ឋកូរ៉េ កាលឆ្នាំ២០១៤ នោះ គឺខុសគ្នា ព្រោះពេល សៀវម៉ី ចុះពីលើយន្ដហោះភ្លាម គេឃើញមានអ្នកទៅទទួលច្រើនណាស់ ហើយថែមទាំងមានរៀបចំក្បួនដង្ហែអបអរសាទរ ពីព្រលាន យន្ដហោះអន្ដរជាតិភ្នំពេញ ឆ្ពោះទៅកាន់វិមានសន្ដិភាព ដើម្បីចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន ទៀតផង ។

ទើបតែមកដល់ពេលនេះ ដើម្បីលើកកិត្តិយសអ្នកស្រី កែ ឡេង ដែលធ្លាប់បានលះបង់កម្លាំងកាយចិត្តស្វែងរកមេដាយជូនជាតិនាពេលកន្លងទៅ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ និងលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ក៏សម្រេចរៀបចំក្បួនដង្ហែដ៏ពិសេសមួយជូនម្ចាស់ មេ ដាយមាសកីឡាប៉េតង់ពិភពលោករូបនេះ ដែលនឹងធ្វើឡើងនៅរសៀលថ្ងៃទី០៩ មេសាខាងមុខ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងឲ្យដឹងថា បច្ចុប្បន្នវិស័យកីឡា កំពុងទទួលបានការយកចិត្តទុកយ៉ាងខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជាជាពិសេស គឺ សម្ដេចតេជោ ហ៊ុន សែន តែម្ដង ដែលសម្ដេចតែងតែលះបង់កម្លាំងកាយចិត្ត និងចំណាយថវិការផ្ទាល់ខ្លួន រួមចំណែកលើកស្ទួយវិស័យកីឡាគ្រប់ប្រភេទ ដើម្បី ជំរុញឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំងក្លាឡើងៗបន្ថែមទៀត ។

លោកបន្ដថា ជាក់ស្ដែងថ្ងៃទី០៩ ខែមេសានេះ សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យអត្ដពលិកកីឡា ៣ប្រភេទ ចូលជួបសម្ដែងការគួរសម រួមមានកីឡាប៉េតង់, យូដូ និងកីឡាសីប៉ាក់តាក្រ និងផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមដល់អ្នកដណ្ដើមបានមេដាយក្នុងព្រឹត្តិការណ៍អន្ដរជាតិនានាទៀងផង ក្នុងនោះម្ចាស់ មេដាយ មាសពិភពលោកអ្នកស្រី កែ ឡេង ក៏នឹងទទួលបានការផ្ដល់កិត្តិយសជាពិសេសពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ផងដែរ ។

មិនត្រឹមតែប៉ុណ្ណោះ ក្រោយបញ្ចប់ការជួបសម្ដែងការគួរសមជាមួយសម្ដេចហើយនោះ ថ្នាក់ដឹកនាំក្រសួងអប់រំ និង NOCC នឹងរៀបចំក្បួនដង្ហែអ្នកស្រី កែ ឡេង ក្នុងរាជធានីភ្នំពេញ ចាប់ពីវិមានសន្ដិភាព ឆ្ពោះទៅកាន់វិមានឯករាជ និង សួនច្បារសម្ដេចតេជោ មុននឹងបញ្ចប់នៅពហុកីឡដ្ឋានជាតិទៀតផង ។

ថ្វីត្បិតតែក្បួនដង្ហែអ្នកស្រី កែ ឡេង នេះធ្វើឡើង ក្រោយវីរនារី ស៊ន សៀវម៉ី ក៏ពិតមែន ប៉ុន្ដែលោក វ៉ាត់ ចំរើន បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ គ្រប់ ស្រទាប់អាយុមេត្ដាចូលរួមឲ្យបានច្រើនកុះករ ព្រោះក្បួននេះគឺជាការលើក កិត្តិយសជូនអ្នកដែលបានបូជាកម្លាំងកាយចិត្ត ដើម្បីជាតិមាតុភូមិទាំងអស់គ្នា ហើយ ក៏ជំរុញឲ្យយុវជនជំនាន់ក្រោយ ខិតខំប្រឹងប្រែង ដើម្បីជាតិដូចអ្នកស្រី កែ ឡេង និង ស៊ន សៀវម៉ី ដែរ ។


ចាំមើល តើក្បួនដង្ហែម្ចាស់មេដាយមាសពិភព លោកអ្នកស្រី កែ ឡេង អាចមានភាពអធិកអធមជាងក្បួនដង្ហែម្ចាស់មេដាយមាសកីឡាអាស៊ីកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ដែរឬក៏អត់?

Post a Comment

 
Top