GuidePedia

0
នៅសល់ពេលតែមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ពិធី បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០១៥ នឹងចូលមក ដល់ហើយ ខណៈសហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយ ស្ថាប័នពាក់ព័ន្ធផ្សេងៗ ត្រៀមរៀបចំកម្មវិធីកម្សាន្ដប្លែកៗជាច្រើន ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំមមែ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរ ជាពិសេស គឺព្រឹត្តិការណ៍អង្គរសង្រ្កាន្ដតែម្ដង ។


លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលើកឡើងថាក្រោយទទួលបានការអនុញ្ញាតពីសហភាពសហព័ន្ធ យុវជន កម្ពុជា នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដកន្លងមក ថ្នាក់ដឹកនាំ NOCC តែងតែរៀបចំប្រភេទកីឡាបុរាណ មួយចំនួន ដើម្បីចូលរួមប្រកួតអបអរសាទរឱកាស បុណ្យ ប្រពៃណី ជាតិ ខ្មែរ ដែលមានដូចជាកីឡាអុកចត្រង្គ ល្បុក្កតោ ចំបាប់ និងកីឡារុញអង្រែជាដើម ហើយក៏ទទួលបានការគាំទ្រពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផងដែរ ។

លោក វ៉ាត់ ចំរើន បានថ្លែងប្រាប់គេហទំព័រ LookingTODAY កាលពីថ្ងៃទី០៧ ខែមេសាម្សិលមិញថា ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរ គឺ NOCC បានរៀបចំកីឡា ទាំង ៤ ប្រភេទខាងលើ ឲ្យចូលរួមលេង ដើម្បីធ្វើការសម្ដែងជូនភ្ញៀវជាតិ និងអន្ដរជាតិបានទស្សនាកម្សាន្ដ ។ ប៉ុន្ដែលើសពីនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានបង្កើតកម្មវិធីកម្សាន្ដជាច្រើនផ្សេងទៀតដែរ ដូចជាការធ្វើនំអន្សមយក្ស លេងអុកយក្ស ការដាក់តាំងបង្ហាញអង្រុតយក្ស ការធ្វើកន្រ្តក់ប្រហុកយក្ស ការរាំ បទ ម៉ាឌីហ្ស៊ុនយក្ស និងការទាញព្រ័ត្រយក្សជាដើម ។

លោកបានបន្ដថា «ថ្វីត្បិតតែឆ្នាំនេះ មានកម្មវិធីមួយចំនួនរក្សានៅដដែលក៏ពិតមែន ប៉ុន្ដែសហភាពសហព័ន្ធយុវជនកម្ពុជា និង NOCC បានសម្រេចរៀបចំកម្មវិធី ដ៏ ពិសេសមួយ គឺការបំបែកឯតទគ្គកម្ម (ទាញព្រ័ត្រ) ថ្នាក់ជាតិលើកដំបូង ដែលក្នុងនោះខ្សែព្រ័ត្រមានប្រវែង ២៥០ម៉ែត្រ និងមានមនុស្សចូលរួមរហូតដល់ទៅ ២.៥០០នាក់ ខណៈកាលពីឆ្នាំមុនអ្នកចូលរួមមានត្រឹមតែ ១.០០០នាក់ប៉ុណ្ណោះ ហើយចំនួននេះ ខ្ញុំរំពឹងថា នឹងអាចបំបែកឯតទគ្គកម្មថ្នាក់ជាតិបាន ព្រោះមានការ ចូល រួមច្រើន និងវែងជាងគេ» ។


ក្នុងនាមជាថ្នាក់ដឹកនាំកីឡាជាតិមួយរូបលោក វ៉ាត់ ចំរើន ក៏បានត្រៀមវិញ្ញាបនប័ត្របំបែកឯតទគ្គកម្ម «ទាញព្រ័ត្រ» ប្រគល់ជូនដល់សហភាពសហព័ន្ធ យុវ ជន កម្ពុជា ដើម្បីជាការលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ដនេះឡើង ទើបផ្ដល់ឱកាសឲ្យមានកីឡាជាច្រើនប្រភេទបានចូលរួម ។ ហេតុនេះ រាល់កម្មវិធីកម្សាន្ដយក្សទាំងអស់ លោកសង្ឃឹមថា នឹងមានមនុស្សរាប់ម៉ឺននាក់ចូលទស្សនា ហើយកំណើនភ្ញៀវទេសចរ ក៏នឹងមានការកើនឡើងកាន់តែ ច្រើនឡើងៗផងដែរ ៕

Post a Comment

 
Top