GuidePedia

0
សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ បាន​ទទួល​នូវ​ការ​ជួយ​ឧបត្ថម្ភ​ជា​សម្ភារ ពី​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​អន្តរជាតិ​ ដែល​មាន​តម្លៃ​ប្រមាណ​ ៨០០០០ ​ដុល្លារ គឺ​មុន​ពេល​សហព័ន្ធ​មួយ​នេះ​បាន​បញ្ជូន​គ្រូបង្វឹក​ជម្រើស​ជាតិ​ ១ ​រូប និង​កីឡាករ​ ១ ​រូប​ចេញ​ទៅ​បោះ​ជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន ដើម្បី​ត្រៀម​ការប្រកួត​ស៊ីហ្គេម នៅ​ប្រទេស​សិង្ហបុរី ឆ្នាំ​ ២០១៥ ​នេះ។

លោក ណយ ផាណា បាន​បង្ហាញពី​សម្ភារ ដែល​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​អន្តរជាតិ ផ្តល់​ឲ្យ

លោក ណយ ផាណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ បាន​​ប្រាប់​ឲ្យ​ដឹង​ថា សម្ភារ ដែល​ទទួល​បាន​ពី​សហព័ន្ធ​កីឡាកាយ​សម្ព័ន្ធ​អន្តរជាតិ ជា​លើក​ដំបូង​នេះ​គឺ​មាន កម្រាល​សម្រាប់​ហ្វឹកហាត់​បែប​ស្តង់ដារ​មួយ​សម្រាប់​ ដែល​មាន​តម្លៃ​ជិត​ ៦០០០០ ​ដុល្លារ និង​ឧបករណ៍​សេះ​លោត​បែប​ស្តង់ដារ ​ដែល​មាន​តម្លៃ​ជាង​ ១០០០០ ​ដុល្លារ ប៉ុន្តែ​វា​មិនមែន​ជាង​រឿង​ងាយស្រួល​នោះ​ទេ ទម្រាំង​តែ​យើង​ទទួល​បាន​នៅ​សម្ភារ​ទាំងនេះ។

លោក ណយ ផាណា បាន​គូស​បញ្ជាក់​ថា៖ ​«ឯកឧត្តម ថោង ខុន ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា និង​លោក​ឧកញ៉ា សុខ ហុង ដែល​ជា​អនុប្រធាន​សហព័ន្ធ បាន​ធ្វើការ​ស្នើសុំ​សម្ភារ​​ទាំងនេះ​ពី​សហព័ន្ធ​កីឡាកាយ​សម្ព័ន្ធ​អន្តរជាតិ​យូរ​ណាស់​មក​ហើយ ប៉ុន្តែ​គេ​ទើបតែ​សម្រេច​ផ្តល់​ឲ្យ​យើង នៅក្នុង​មហាសន្និបាត​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​អន្តរជាតិ កាលពី​ចុង​ឆ្នាំ​ ២០១៤ ​ទេ»។

លោក​បាន​បន្ថែម​ថា៖​ «ការ​សម្រេច​ឲ្យ​នេះ ដោយសារ​​​តែ​គេ​មើល​ទៅលើ​សកម្មភាព និង​កាតព្វកិច្ច​​ដែល​យើង​បាន​ធ្វើ គឺ​​យើង​មិន​ដែល​ខកខាន​ចំពោះ​ការគោរព​ច្បាប់ បទបញ្ញា និង​អ្វីៗ​ដែល​សហព័ន្ធ​កីឡាកាយសម្ព័ន្ធ​អន្តរជាតិ តម្រូវ​ឲ្យ​យើង​អនុវត្ត​នោះ​ទេ ហើយ​ប្រាក់​​​សមាជិកភាព យើង​តែងតែ​បង់​​បាន​ទាន់​ពេលវេលា​ជានិច្ច ដោយ​មាន​ការ​ជួយ​​ពី​​​ក្រសួង​អប់រំ យុវជន​ និង​កីឡា ពិសេស​ខាង​ផ្នែក​បច្ចេកទេស​គឺ​កាយសម្ព័ន្ធ​របស់​យើង​មាន​ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់។

បន្ថែម​លើ​នេះ​​យើង​បាន​ខិតខំ​កសាង​ថ្នាល​បន្ត​វេន​តាំងពី​ភ្នំពេញ​រហូត​ដល់​ខេត្ត​ដាច់ស្រយាល ហើយ​រាល់​សកម្មភាព​ទាំងនេះ យើង​តែង​ផ្ញើ​ទៅឲ្យ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​អន្តរជាតិ ធ្វើការ​ពិនិត្យ ទើប​ពួកគេ​ជឿ និង​ផ្តល់​សម្ភារ​ឲ្យ​យើង​បែប​នេះ»។

បន្ទាប់​ទទួល​បាន​សម្ភារ​ហ្វឹកហាត់​ទាំងនេះ លោក ណយ ផាណា ដែល​ជា​គ្រូបង្វឹក​ជម្រើស​ជាតិ​ផង​ដែរ បាន​រួមដំណើរ​ជាមួយ​កីឡាករ សំ រីម ទៅកាន់​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន ដើម្បី​បោះ​ជំរំ​ហ្វឹកហាត់​នៅ​ទីនោះ​រយៈពេល​ ១ ​ខែ គឺ​ចាប់ពី​ថ្ងៃ​ទី​ ១៨ ខែ​មេសា​រហូត​ដល់​ថ្ងៃ​ទី​ ១៨ ខែ​ឧសភា ដោយ​ខាង​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​ជប៉ុន ជួយ​ផ្ដល់​ការស្នាក់នៅ ការហូបចុក និង​​កន្លែង​ហ្វឹកហាត់ ខណៈ​ក្រសួង​អប់រំ យុវជន និង​កីឡា​កម្ពុជា​ ជួយ​ឧបត្ថម្ភ​ប្រាក់​ហោប៉ាវ និង​ថ្លៃ​សំបុត្រ​យន្ដហោះ ហើយ​ការ​ចេញ​ទៅ​ហ្វឹកហាត់​នេះ​ជា​មូលដ្ឋាន​គ្រឹះ​យ៉ាងរឹងមាំ​ដល់​កីឡាករ សំ រីម ដើម្បី​ត្រៀម​ការប្រកួត​ស៊ីហ្គេម លើក​ទី​ ២៨ នៅ​សិង្ហបុរី ឆ្នាំ​២០១៥​នេះ៕

Post a Comment

 
Top