GuidePedia

0
កម្មវិធីប្រដាល់មិត្តភាពអន្ដរជាតិ ដ៏អស្ចារ្យមួយទៀត របស់សង្វៀនបាយ័នគឺនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៥ ខាងមុខនេះ អ្នកលេងរន្ទៈជើងគ្មានមេត្តា រឿង សោភ័ណ្ឌ និងបុរសមាឌល្អិតចិត្តធំ ផាន់ គ្រាន់ នឹងចាប់ដៃគ្នាបើកទ្វារទទួលស្វាគមន៍កីឡាករជើងខ្លាំងថៃ២រូបរួមមានកីឡាករ Thampakornlek Chaiphum និងកីឡាករ Lomlengsor.na Care ។


ពិតជាកក្រើកទៀតហើយ ដោយសារចុងសប្ដាហ៍នេះ បាយ័នបានរៀបចំកម្មវិធីប្រដាល់ លក្ខណៈអន្ដរជាតិ ជាច្រើនក្នុងនោះ នៅវេលាម៉ោង៤រសៀល នឹងមាន ជំនួប មិត្តភាពកម្ពុជា-ថៃ២គូ ដោយកីឡាករ រឿង សោភ័ណ្ឌ ប៉ះកីឡាករ Lomlengsor.na ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម រីឯកីឡាករ ផាន់ គ្រាន់ ត្រូវជួបអ្នកលេង ឆ្លង ដែនមកពីថៃ Thampakornlek ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

រឿង សោភ័ណ្ឌ បច្ចុប្បន្នកំពុងតែទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងច្រើនកុះករពីសំណាក់អ្នកស្នេហាវិស័យ កីឡាប្រដាល់ ហើយក៏ជាអ្នកលេងគុនខ្មែរ ល្បីឈ្មោះមួយរូបផងដែរ តាមរយៈការប្រើស្នៀតទាត់ដ៏អស្ចារ្យរបស់គេ ។ រាល់ពេលប្រកួតម្ដងៗ សោភ័ណ្ឌ តែងតែមានជំនឿចិត្តលើខ្លួនឯង ហើយក៏កម្រមានដៃ គូអាចយកឈ្នះស្រួលដែរ ។

ប៉ុន្ដែជំនួបជាមួយកីឡាករថៃ Lomlengsor.na ប្រហែលជាយ៉ាប់បន្ដិចសម្រាប់ រឿង សោភ័ណ្ឌ ព្រោះអ្នករៀបចំគូប្រកួត បានបង្ហើបថា Lomlengsor.na ជាកីឡាករ ជើងខ្លាំងមួយរូបដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញគ្រាន់បើដែរនៅប្រទេសថៃ ហើយគេក៏ធ្លាប់ផ្ដួលកីឡាករខ្លាំងៗដែលជាមិត្តរួមជាតិរបស់ខ្លួនជាច្រើន នាក់ មក ហើយដែរ ។ ដូច្នេះគូឯកប្រចាំសប្ដាហ៍ នេះច្បាស់ជាធ្វើឲ្យអ្នកទស្សនាអង្គុយមិនជាប់កៅអីទៀតហើយ ព្រោះសុទ្ធតែជាជើងខ្លាំងដូចគ្នា ។


រីឯកីឡាករ ផាន់ គ្រាន់ បុរសមាឌល្អិតកម្ពស់ទាបតែចិត្តធំវិញ ក៏មិនធម្មតាដែរ ទោះបីដឹងថាគូប្រកួតរបស់ខ្លួនមិនអន់ក៏ គេមិនខ្លាចញញើតឡើយហើយក៏បាន ត្រៀម ផ្លែល្អៗជាច្រើន សម្រាប់ចាក់កីឡាករថៃ Thampakornlek ។ ផាន់ គ្រាន់ ត្បិតតែមានកម្ពស់ទាប តែបើនិយាយពីលើកជើងទាត់វិញគឺផុតក្បាលគូប្រកួត ឯណោះ រីឯស្នៀតកែងក៏មិនណយដែរ ។ ចំណែក Thampakornlek បើឮតាមគេនិយាយតៗគ្នាកីឡាករថៃរូបនេះល្អស្មើទាំងទាត់ កែង និងជង្គង់ ពោលគឺមិន ចាញ់ ផាន់ គ្រាន់ ប៉ុន្មានទេ ៕

Post a Comment

 
Top