GuidePedia

0
សហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា ដែលមានអត្តពលិកធ្លាប់ដណ្ដើមបាន មេដាយមាសកម្រិតពិភពលោក ជូនជាតិកាលពីឆ្នាំ២០១៣កន្លងទៅដើម្បីដើមខែ មេសា នេះ បានទទួលសិទ្ធិ ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ដោយត្រូវបើកទ្វារទទួលស្វាគមន៍ គូប្រកួតប្រជែងក្នុងតំបន់ចំនួន ៧ប្រទេសផ្សេងទៀត រួមមានវៀតណាម សិង្ហបុរី ប្រ៊ុយណេ ឡាវ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងថៃ ។


តាមការឲ្យដឹងពីអគ្គលេខាធិការសហព័ន្ធកីឡាប៉េតង់កម្ពុជាលោក មាស សារិន ធ្លាប់បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រចាំតំបន់នេះនឹងប្រើរយៈពេល៣ថ្ងៃ ដើម្បីធ្វើ ការប្រកួតគឺចាប់ពីថ្ងៃទី០៣-០៥ ខែមេសា ឆ្នាំ២០១៥នេះ នៅទីលានប្រកួត នៃពហុកីឡដ្ឋានជាតិ ខណៈប្រតិភូ និងអត្តពលិកជាភ្ញៀវ៧ប្រទេសខាងលើដែលត្រូវ ចូលរួមប្រកួត បានមកដល់កម្ពុជា អស់ហើយកាលពីថ្ងៃទី០១ ខែមេសាម្សិលមិញ ហើយក៏ត្រៀមចូលរួម ពិធីជប់លៀងនៅយប់ថ្ងៃទី០២ ខែមេសានេះដែរ នៅសណ្ឋាគារសាន់វ៉េ ដោយមានការចូលរួមពីលោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំយុវជន និងកីឡាទៀតផង ។

លោកបានបន្ដថា ក្នុងព្រឹត្តិការណ៍នេះនឹងមាន៦វិញ្ញាសាត្រូវដាក់ឲ្យធ្វើការប្រកួតក្នុងនោះមានវិញ្ញាសាវាយយកពិន្ទុបុរស និងនារី, វិញ្ញាសារវាយយុវជនមិនកំណត់ ភេទ, វិញ្ញាសាវាយក្រុមបុរស ៣-៣ នាក់ និងនារី ៣-៣ នាក់ និងវិញ្ញាសាវាយជាក្រុម ៣-៣នាក់យុវជនមិនកំណត់ភេទ ។ ហើយព្រឹត្តិការណ៍នេះដែរគឺគ្រាន់តែ ជាការប្រកួតលក្ខណៈដកស្រង់បទ ពិសោធន៍មុននឹងព្រឹត្តិការណ៍កីឡា SEA Games លើកទី២៨ នៅសិង្ហបុរីចូលមកដល់តែប៉ុណ្ណោះ ។

គួរបញ្ជាក់ផងដែរថា កីឡាប៉េតង់ ជាប្រភេទកីឡាដ៏មានសក្តានុពលមួយក្នុងចំណោមគ្រប់ប្រភេទកីឡាទាំងអស់ក្នុង ប្រទេសកម្ពុជាជាពិសេសកាលពី ឆ្នាំ២០១៣ កន្លងទៅ កីឡាការិនីប៉េតង់កម្ពុជាអ្នកស្រី កែ ឡេង ធ្លាប់បានមេដាយមាស ពិភពលោកក្នុងព្រឹត្តិការណ៍ Women’s Pétanque World Championships 2013 នៅប្រទេសបារាំង ហើយក៏ជា ម្ចាស់មេដាយមាសកីឡា SEA Games លើកទី២៧ នៅមីយ៉ាន់ម៉ាផងដែរ ។


ចំពោះព្រឹត្តិការណ៍សាកល្បងខាងលើនេះវិញ កាលពីលើកទី១ គឺរៀបចំនៅប្រទេសឡាវ កាលនោះកម្ពុជាបានប្រមូល ចំនួន១០គ្រឿង ក្នុងនោះរួមមានមាស ៣ គ្រឿង, ប្រាក់៦គ្រឿង និងសំរិទ្ធិ១គ្រឿង ហើយការរៀបចំជាលើកទី២ នៅលើ ទឹកដីកម្ពុជានេះ ថ្នាក់ដឹកនាំសហព័ន្ធកីឡាប៉េតង់កម្ពុជា មានសង្ឃឹមយ៉ាងមុតមាំថា នឹងស្វែងរកមេដាយឲ្យបានច្រើន ជាងគេទៀត ៕

Post a Comment

 
Top