GuidePedia

0
ម្ចាស់ខ្សែក្រវាត់ស្រាបៀរ Black Panther ឆ្នាំ២០១៤ កីឡាករ ឈិន ក្វាន់ង៉ុយ និងកីឡាករចំណូលថ្មី ទេស សំខាន់ ដណ្ដើមបានកៅអីវគ្គផ្ដាច់ព្រ័ត្រ ក្នុងរដូវកាល ថ្មីរៀងៗខ្លួន បន្ទាប់ពីវាយឈ្នះគូប្រកួតក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (វគ្គ ១/២) ដូចគ្នា នៅលើសង្វៀនប្រដាល់ខេត្តកំពង់ធំ កាលពីថ្ងៃទី០៤ ខែមេសាកន្លង ទៅនេះ ។


នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា និងដៃគូឧបត្ថម្ភស្រាបៀរ Black Panther រៀបចំឡើង ដើម្បីផ្សព្វផ្សាយយុទ្ធនាការប្រកួតកីឡា SEA Games លើកទី៣២ ដែលនឹងធ្វើឡើងនៅលើទឹកដីកម្ពុជា នាឆ្នាំ២០២៣ ហើយក៏សំណូមពរ ឲ្យ ប្រជាពលរដ្ឋម្នាក់គប្បីហាត់កីឡាឲ្យបានមួយមុខផងដែរ ។

ឆ្នាំ២០១៥នេះ គឺជាលើកទី២ហើយ ដែលគេរៀបចំព្រឹត្តិការណ៍ប្រដាល់ក្បាច់គុនបុរាណខ្មែរនេះឡើង ប៉ុន្ដែគិតត្រឹមចុងសប្ដាហ៍ទី១ នៃខែមេសា ទើបរកជើងជើង ខ្លាំង ២ រូប ខាង លើ ដើម្បីត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រនាពេលខាងមុខនៅភ្នំពេញ ។

ចំពោះកីឡាករការពារខ្សែក្រវាត់ ឈិន ក្វាន់ង៉ុន សិស្សគុនក្លឹបម្កុដរាជសីហ៍ ក្នុងការប្រកួតវគ្គ ១/២ ផ្ដាច់ព្រ័ត្រនោះ គេបានប្រើរយៈពេលមិនដល់១ទឹកស្រួល បួល ផង ក៏ផ្ដួលគូប្រជែងរបស់ខ្លួនគឺកីឡាករ តក់ សោភ័ណ្ឌ អ្នកប្រដាល់មកពីក្លឹប អេភូថងកីឡា និងជាអតីតជើងឯករងកាលពីរដូវកាលមុន ឲ្យបោះបង់ការប្រកួតតែម្ដង ដោយប្រើស្នៀតទាត់បំបាក់ជន្ទល់ ។

រីឯកីឡាករ ទេស សំខាន់ សិស្សគុនក្លឹបប្រដាល់កងពលតូចលេខ៣១វិញ ក្នុងការប្រកួតដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រដូចគ្នា សំខាន់ បានវាយឈ្នះលើសិស្សច្បង ហ៊ឹម សារ៉ាន់ មកពីក្លឹបខេមរៈភូមិន្ទកីឡាដោយពិន្ទុ ។

ជ័យជំនះខាងលើនេះ បានធ្វើឲ្យកីឡាករទាំងពីរគឺកីឡាករ ឈិន ក្វាន់ង៉ុយ និង ទេស សំខាន់ មានឱកាសឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី០៣ ខែឧសភា ខាង មុខ ដែលនឹងធ្វើឡើងនៅលើសង្វៀនប្រដាល់ប៉ុស្ដិ៍លេខ៣ (TV3) ខណៈអ្នកចាញ់ក្នុងការប្រកួតវគ្គ ១/២ ផ្ដាច់ព្រ័ត្រ ក៏មានឱកាសប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ ៣ ក្នុងឱកាសនោះដែរ ។ ចាំមើលតើ ឈិន ក្វាន់ង៉ុយ អាចការពារតំណែង ម្ចាស់ខ្សែក្រវាត់ Black Panther បានដូចរដូវកាលមុនឬក៏យ៉ាងណា?


គួបញ្ជាក់ថា សម្រាប់ប្រាក់រង្វាន់កីឡាករជ័យលាភីឆ្នាំនេះ មានដូចជា កីឡាករដែលដណ្ដើមបានជើងឯកលេខ១ នឹងទទួលបានខ្សែក្រវាត់១គ្រឿង អមដោយទឹក ប្រាក់ ២០០០ដុល្លារ និងស្រាបៀរ Black Panter ២០កេស, លេខ២ ទទួលបានទឹកប្រាក់ ១៥០០ដុល្លារ និងស្រាបៀរ ១៥កេស, លេខ៣ទទួលបានប្រាក់រង្វាន់ ១០០០ដុល្លារ និងស្រាបៀរ Black Panther ១០កេស ហើយអ្នកទាំង៣ (លេខ១-៣) ក៏នឹងទទួលបាននាឡិកាម៉ាក TISSOT ម្នាក់១គ្រឿងដូចគ្នាខណៈ ចំណាត់ ថ្នាក់លេខ៤ ក៏ទទួលបានប្រាក់រង្វាន់លួងចិត្តចំនួន៥០០ដុល្លារផងដែរ ៕

Post a Comment

 
Top