GuidePedia

0
​នៅ​ក្របខ័ណ្ឌ Ligue 1 របស់​បារាំង​កាល​ពី​យប់​មិញ​នេះ ក្រុម​ Paris Saint-Germain ​បាន​យក​ឈ្នះ​ក្រុម Marseille ​ទាំង​តឹង​ទ្រូង​បំផុត ៣-២ ខណៈ​ដែល​គ្រាប់​បាល់​ជ័យជម្នះ​​ ​គឺ​ជា​ការ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​របស់​ Morel។

មួយ​វិញ​ទៀត ​ត្បិត​តែ​ឈ្នះ​បាន​៣​ពិន្ទុ ​និង​បាន​ឡើង​​ឈរ​នៅ​កំពូល​តារាង​ជា​បណ្ដោះអាសន្ន​មែន ប៉ុន្តែ​ក្រុម​លោក Blanc ​អាច​នឹង​អវត្តមាន​ខ្សែ​ការពារ​សំខាន់ David Luiz ​នៅ​ពេល​ប៉ះ Barcelona ​នៅ Champions League ​ព្រោះ​រង​របួស​នា​ការ​ប្រកួត​នោះ។

ការ​ប្រកួត​កាល​ពី​យប់មិញ​ ពិត​ជា​ស្វិតស្វាញ​ខ្លាំង​មែនទែន ដោយ​កីឡាករ​ទាំង​សង​ខាង​រត់​សឹង​តែ​ដាច់​ជើង​ចោល​ដើម្បី​បាន​៣​ពិន្ទុ​ ខណៈ​ដែល​កីឡាករ David Luiz ​លេង​បាន​ត្រឹម​នាទី​៣៤​ ក៏​មាន​បញ្ហា​របួស​ជើង​ជា​ខ្លាំង​​ ពោល​គឺ​មាន​បញ្ហា​សរសៃ​ពួរ​ ត្រូវ​ប្ដូរ​ចេញ​ភ្លាមៗ​តែ​ម្ដង។ ក្រោយ​ពី​ប្ដូរ​ចេញ​នោះ​ដែរ ខាង​ក្រុម​គ្រូ​ពេទ្យ​របស់ PSG ​បាន​និយាយ​ថា​ខ្សែ​ការពារ​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ​មាន​បញ្ហា​សរសៃ​ពួរ​ខ្លាំង ​ត្រូវ​​ការ​​ពេល​សម្រាក​ព្យាបាល​ប៉ុន្មាន​សប្ដាហ៍​ឯ​ណោះ។

នេះ​មាន​ន័យ​ថា អតីត​កីឡាករ Chelsea ​រូប​នេះ​ប្រហែល​ជា​មិន​អាច​បង្ហាញ​ខ្លួន​បាន​ទេ ពេល​ប្រកួត​ពាន​រង្វាន់ UEFA Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ ជើង​ទី១ ​ដែល​ក្រុម​ PSG ​ត្រូវ​ប៉ះ Barcelona ​នៅ​ថ្ងៃ​ទី​១៦​ខាង​មុខ​នេះ។ លើស​ពី​នេះ​ទៅ​ទៀត ខ្សែ​ប្រយុទ្ធ​ Zlatan Ibrahimovic ​ក៏​មិន​មាន​វត្តមាន​ក្នុង​ប្រកួត​សំខាន់​នេះ​ដែរ ព្រោះ​ថា​រូប​គេ​ជាប់​ពិន័យ​១​ប្រកួត​ ដោយ​សារ​បាន​កាត​ក្រហម​ពេល​ប៉ះ Chelsea ​កាល​ពី​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។



Post a Comment

 
Top