GuidePedia

0
ក្លិប​ Manchester United ​នៅ​តែ​មាន​ទំនុក​ចិត្ត​លើ​អ្នក​ចាត់ការ Louis van Gaal ​ទោះ​ជា​មិន​អាច​ជួយ​ក្រុម​មក​ឈរ​នៅ​ Top4 ​រហូត​ដល់​ចប់​រដូវ​កាល​នេះ​ក៏​ដោយ ពោល​គឺ​នៅ​តែ​ឱ្យ​ប្រាក់​១៥០​លាន​ផោន (២២៤​លាន​ដុល្លារ​អាមេរិក)​ សម្រាប់​បុរស​ហុល្លង់​រូប​នេះ​ប្រើ​ប្រាស់​ទិញ​កីឡាករ​ថ្មី​ដដែល​នៅ​រដូវ​កាល​ក្រោយ។


ការ​ផ្ដល់​ចំនួន​ទឹក​ប្រាក់​ដ៏​ច្រើន​នេះ ​មាន​ន័យ​ថា​ក្រុម Man Utd ​នឹង​មិន​បណ្ដេញ​លោក Van Gaal ​ចេញ​ពី​តំណែង​នោះ​ទេ​នៅ​ពេល​ចប់​រដូវ​កាល ទោះ​ជា​មិន​អាច​ជួយ​ក្រុម​យក​ឈ្នះ​ Arsenal ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​នៅ​ដី​ខ្លួន​ឯង ​ឬ​មិន​អាច​ជួយ​ក្រុម​លើក​ពាន​អ្វី​មួយ​សោះ​ក៏​ដោយ។ ខណៈ​ដែល​រដូវ​កាល​នេះ​បិសាច​ក្រហម​អាច​នឹង​ជួប​វិបត្តិ​មួយ​ដ៏​ធ្ងន់ធ្ងរ​ ពោល​គឺ​អាច​នឹង​អត់​បាន​ពាន​អ្វី​មួយ​ឡើយ​ ដែល​នេះ​ជា​កំណត់​ត្រា​អាក្រក់​មួយ​ហើយ​សម្រាប់​ក្រុម ​ព្រោះ​តាំង​ពី​ឆ្នាំ​១៩៨០​មក​ ម្ចាស់​ពាន​ BPL ​២០​សម័យ​មួយ​នេះ​ រដូវ​កាល​ណា​ក៏​បាន​​ពាន​មួយ​យ៉ាង​តិច​ដែរ។

មួយ​វិញ​ទៀតសោត ការ​ប្រជែង​យក​ Top 4 ​ក្នុង​រដូវ​កាល​នេះ​ គឺ​កាន់​តែ​លំបាក​ថែម​ទៀត​ ព្រោះ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នោះ Man Utd ​គឺ​សុទ្ធ​តែ​ត្រូវ​ជួប​ជាមួយ​ក្រុម​ខ្លាំង​ដូចជា Tottenham, Liverpool, Manchester City ​និង​ Chelsea ជា​ដើម។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​ក្លិប​យក្ស​មួយ​នេះ​បាន​និយាយ​ដែរ​ថា​ពួកគេ​យល់​ពី​ផល​លំបាក​របស់​បុរស​វ័យ​៦៣​ឆ្នាំ​រូប​នេះ​កំពុង​ជួប​ប្រទះ ដោយសារ​ក្លិប​​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក Sir Alex ​យូរ​ពេក ​ទើប​ធ្វើ​ឱ្យ​អ្នក​ចាត់​ការ​ក្រោយ​ៗ​មិន​ងាយ​សម្រប​ខ្លួន​នោះ​ទេ។

យ៉ាង​ណា​មិញ ​ប្រាក់​១៥០​លាន​ផោន​នេះ​គឺ​សម្រាប់​ឱ្យ​អតីត​អ្នក​ចាត់​ការ​ក្រុម​ Bayern Munich ​រូប​នេះ ​ទិញ​កីឡាករ​មក​បំពេញ​ចន្លោះ​ប្រហោង​ក្នុង​ក្រុម​។ ខណៈ​ដែល​មាន​កីឡាករ​មួយ​ចំនួន​មាន​ឈ្មោះ​ក្នុង​បញ្ជី​របស់​លោក​រួច​ទៅ​ហើយ​ ដូច​ជា​​ខ្សែ​ការពារ​ស្ដាំ Nathaniel Clyne ​របស់​ក្រុម Southampton , ខ្សែ​បម្រើ​ការពារ Mats Hummels ​របស់​ Dortmund , ខ្សែ​បម្រើ Kevin Strootman ​របស់​ Roma , ​ខ្សែ​បម្រើ​ស្លាប Memphis Depay ​របស់​ PSG ​និង​ខ្សែ​ប្រយុទ្ធ Saido Berahino ​របស់​ West Ham ជា​ដើម។


​ទន្ទឹម​នឹង​ការ​ត្រៀម​ចំណាយ​ច្រើន​នេះ​ដែរ លោក Van Gaal ​ក៏​ត្រៀម​កីឡាករ​មួយ​ចំនួន​ដែល​ត្រូវ​លក់​ចេញ​វិញ​ដែរ​ គឺ​ខ្សែ​ប្រយុទ្ធ Robin van Persie , ខ្សែ​បម្រើ Juan Mata ​និង​ Rafael Da Silva ៕

Post a Comment

 
Top