GuidePedia

0
តាមរយៈ​ការប្រកួត​យ៉ាងស្វិតស្វាញ​​អស់​រយៈពេល​ ២ ​ថ្ងៃ នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ កាលពី​ថ្ងៃ​អង្គារ ​និង​ថ្ងៃ​ពុធ ម្សិលមិញ​នេះ ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស និង​ក្រុម​យុវជន​បូរីកីឡា បាន​ក្លាយ​ជា​បេក្ខភាព​ប្រចាំ​ពូល​ B ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​បន្ត ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ប្រចាំ​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ នៃ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ​ដណ្ដើម​ពាន​រង្វាន់​ស្រាបៀរ​លីអូ​ ប្រចាំ​ឆ្នាំ​ ២០១៤ (Leo Cup National Volleyball 2015) ខណៈ​ពូល​ A នៅ​មាន​ភាព​ស្រពេចស្រពិល​តិចតួច។


ការ​ឈ្នះ​កៅអី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ​​របស់​​​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស និង​ក្រុម​យុវជន​បូរីកីឡា បាន​កើត​មាន​ឡើង បន្ទាប់ពី​ក្រុម​ទាំង​ ២ ​បាន​​រកឃើញ​ការ​ឈ្នះ​ជា​លើក​ទី​ ២ ក្នុង​ការ​ប្រកួត​ជម្រុះ​លើក​ទី​ ២ កាលពី​ល្ងាច​ថ្ងៃ​ពុធ ម្សិលមិញ ដោយ​​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស បាន​លត់​ក្រុម​វិទ្យាល័យ​ឫស្សីកែវ ក្នុង​លទ្ធផល ៣-០ ខណៈ​ក្រុម​យុវជន​បូរីកីឡា ​បាន​យក​ឈ្នះ​លើ​ក្រុម​អង្គការ​ដើម្បី​ភាពញញឹម​នៃ​កុមារ ៣-១ ដើម្បី​មាន​ ៦ ពិន្ទុ​ស្មើ​គ្នា។

ប៉ុន្តែ​លទ្ធផល​នេះ​​បាន​ធ្វើឲ្យ​ក្រុម អង្គការ​ដើម្បី​ភាពញញឹម​នៃ​កុមារ និង​ក្រុម​វិទ្យាល័យ​ឫស្សីកែវ បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​នេះ​ដោយ​ស្វ័យប្រវត្តិ បើ​ទោះបី​ជា​ពួកគេ​នៅ​សល់​ម្នាក់​ ១ ​ប្រកួត​ទៀត​ក៏ដោយ ព្រោះ​ការ​ចាញ់​ទាំង​២​ប្រកួត​ជាប់ៗ​គ្នា​ដូច​គ្នា​នោះ វា​សមល្មម​ឲ្យ​ក្រុម​ទាំង​ ២ ​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​នេះ​ហើយ។

ដោយឡែក​​​ការ​ប្រកួត​ជម្រុះ​រវាង​ក្រុម​ទាំង​ ៥ ​ឈរ​នៅ​ពូល​ A កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នោះ​ដែរ ក្រុម​យុវជន​សាមគ្គី បាន​ឈ្នះ​ទាំង​ ២ ​ប្រកួត​​តែ​ម្តង គឺ​ការ​ប្រកួត​ពេល​ព្រឹក​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម​សមាគម​និស្សិត ៣-១ និង​ពេល​ល្ងាច​ពួកគេ​បាន​ឈ្នះ​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​សង្កាត់​វាលស្បូវ ៣-២។ រីឯ​ក្រុម​យុវជន​បូរី​១០០​ខ្នង បាន​បន្ត​យក​ឈ្នះ​លើ​ក្រុម​យុវជន​សង្កាត់​ព្រែកឯង ក្នុង​លទ្ធផល ៣-០។

យោងតាម​លទ្ធផល​នៃ​ការ​ប្រកួត​នេះ​គឺ ​ក្រុម​យុវជន​បូរី​១០០​ខ្នង មាន​ ៦ ពិន្ទុ​ច្រើន​ជាង ខណៈ​ក្រុម​យុវជន​សាមគ្គី មាន​ ៥ ពិន្ទុ ព្រោះ​ការ​យក​ឈ្នះ​លើ​ក្រុម​សង្កាត់​វាលស្បូវ ៣-២ គឺ ​ពួកគេ​បាន​តែ​ ២ ពិន្ទុ​ទេ ហេតុនេះ​ក្រុម​យុវជន​បូរី​១០០​ខ្នង និង​យុវជន​សាមគ្គី អាច​នឹង​ក្លាយ​ជា​បេក្ខភាព ដែល​ត្រូវ​ឡើង​ទៅ​វគ្គ​បន្ត​ប្រចាំ​ពូល​នេះ ឯ​ក្រុម​យុវជន​សង្កាត់​ព្រែកឯង ដែល​មាន​ ៣ ពិន្ទុ​ជាមួយ​ការ​ឈ្នះ​ ១ និង​ចាញ់​ ១ ​នោះ អាច​នឹង​មាន​ឱកាស​ខ្លះៗ​ដែរ តែ​ក្រុម​សមាគម​និស្សិត និង​សង្កាត់​វាលស្បូវ គេច​មិន​ផុត​ពី​ការ​ធ្លាក់​នោះ​ទេ។


សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ សមាគម​និស្សិត ត្រូវ​ជួប​យុវជន​បូរី​១០០​ខ្នង ព្រឹក​ម៉ោង ៨:៣០ ឯ​ក្រុម ស.ស.យ.ក​សង្កាត់​វាលស្បូវ ត្រូវ​ប៉ះ​ក្រុម​យុវជន​សង្កាត់​ព្រែកឯង រសៀល​ម៉ោង ១៣:៣០ ហើយ​ម៉ោង ១៥:០០ ជា​ការ​​ប្រកួត​បង្រ្កប់កិច្ច​រវាង​ក្រុម​វិទ្យាល័យ​ឫស្សីកែវ និង អង្គការ​ដើម្បី​ភាពញញឹម​នៃ​កុមារ ខណៈ​ក្រុម​យុវជន​សាមគ្គី ត្រូវ​ប្រឈម​ជាមួយ​ក្រុម​មិន​ដែល​ចាញ់​ដូច​គ្នា យុវជន​បូរី​១០០​ខ្នង នៅ​វេលា​ម៉ោង​ ១៦:៣០ តទៅ៕

Post a Comment

 
Top