GuidePedia

0
ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​ស្រាបៀរ​ Black​ Panther​ ជុំ​ទី​ ៣​ នឹង​ធ្វើ​នៅ​ខេត្ត​ក្រចេះ​ក្នុង​ពិធីបុណ្យ​ទន្លេ​ នា​ថ្ងៃ​សៅរ៍​​ខាង​មុខ​​នេះ​ក្នុង​​បរិវេណ​មន្ទីរ​វប្បធម៌​ខេត្ត​ ចាប់ពី​ម៉ោង​ ៣ និង​ ៣០ ​នាទី​តទៅ​។

កីឡាករ ឈិន ក្វាន់ង៉ុយ បាន​ទាត់​ទៅលើ នេន វណ្ណា ក្នុង​ការ​ប្រកួត​ជុំ​ទី​ ២ កាលពី​ចុងសប្តាហ៍​មុន


អ្នក​ប្រដាល់​ចំនួន​ ៤ ​គូ​ដែល​ត្រូវ​ប៉ះ​គ្នា​នោះ​មាន​តែ​ពីរ​គូ​ប៉ុណ្ណោះ​ ដែល​អាច​នឹង​មាន​ការ​ប្រកួត​ស្វិតស្វាញ គឺ​កីឡាករ​ឈរ​នៅ​ពូល​ B ​នេន ​វណ្ណា​ ក្លិប​ខ្លារខិន​មានរិទ្ធ ត្រូវ​ជួប ហ៊ឹមសារ៉ាន់ របស់​​ក្រសួង​ការពារ​ជាតិ​ និង​មួយ​គូ​ទៀត​ក្នុង​ពូល​ A ​រវាង ធី តុងហ៊ី ក្លិប​សាលវ័ន្ត​កីឡា​ និង តក់ ​សោភ័ណ្ឌ ​មកពី​ក្លិប​អេភូថង​កីឡា​។

ចំណែក ២ ​គូ​ទៀត​​គឺ ទេសសំខាន់ ក្លិប​កងពល​​តូច​លេខ​​ ៧០​ សង្ឃឹម​ឈ្នះ​លើ ពេជ្រ ប៊ុនធឿន ១០០ ភាគរយ ព្រោះ​​ប៊ុនធឿន ​មួយ​រយៈ​នេះ​គ្មាន​សមត្ថភាព​ប្រកួត​ឲ្យ​បាន​សមរម្យ​​ និង​ល្អ​មើល​ដូច​មុន​ឡើយ​។ រីឯ​​កីឡាករ​ឈរ​ក្នុង​ពូល​ B ឈិនក្វាន់ង៉ុយ ​ក្លិប​មកុដរាជសីហ៍​ត្រូវ​បាន​រំពឹង​ឈ្នះ​ ១០០ ភាគរយ​​លើ​ ប្រាក់​ ចាន់ស៊ីន​ ​ក្លិប​មិត្ត​ប៉ូលិស ដូច​គ្នា​​ដោយសារ​សមត្ថភាព​របស់​ ចាន់ស៊ីន​ទំនង​មិន​អាច​ទៅ​រួច​ជាមួយ​ក្វាន់ង៉ុយ​ ឡើយ​។

ទេស​ សំខាន់ ​ដែល​ឈ្នះ​ ២ ​ប្រកួត​មាន​ ៦ ​ពិន្ទុ​នោះ​ និយាយ​ថា​៖ «​ការ​ប៉ះ ពេជ្រ ​ប៊ុនធឿន ​គឺ​គ្មាន​បារម្ភ​ពី​ចាញ់​នោះ​ឡើយ​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ព្រួយបារម្ភ​នោះ​គឺ​ការ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ឯណោះ​ទេ​ដែល​ជា​ដំណាក់កាល​ចុងក្រោយ»​។

ចំណែក ឈិន ​ក្វាន់ង៉ុយ​ដែល​​មាន​ ៦ ​ពិន្ទុ​ ជាមួយ​ការ​ឈ្នះ​ទាំង​ ២ ​លើក​ដែរ​នោះ​បាន​និយាយ​ថា​៖​ «ការ​ជួប ប្រាក់ចាន់ស៊ីន ​មិន​លំបាក​ទេ​ពីព្រោះ​ខ្ញុំ​ខ្ពស់​ជាង​ងាយស្រួល​​ចូល​ឱប​ឡើង​ជង្គង់ ហើយ​ខ្ញុំ​រំពឹង​ថា​ឈ្នះ​ ១០០ ភាគរយ​»។

ប្រាក់​ ចាន់ស៊ីន​ ជា​អតីត​ម្ចាស់​ខ្សែក្រវាត់​វាយ​ដាក់​ទ្រុង​និយាយ​ថា៖ ​«ខ្ញុំ​ពិតជា​មាន​ការ​លំបាក​ឈ្នះ ក្វាន់ង៉ុយ ​មែន​ដោយសារ​ចាញ់​កម្ពស់​​ពិសេស​​កម្លាំង​របស់​​ខ្ញុំ​​បាន​ថយចុះ​ដោយ​បញ្ហា​បញ្ចុះ​ទម្ងន់​ខ្លាំង​ពេក​គឺ ​សម្រក​ពី​ ៦៧ ​គ.ក្រ​មកត្រឹម​ ៦៣,៥ ​គ.ក្រ។

ចំណែក​លោក​ ប៉ាវ ​គឹមអាន​ជា​គ្រូបង្វឹក​និយាយ​ថា​៖ «​ការ​សម្រក​ទម្ងន់​គឺ​គេ​ព្យាយាម​ធ្វើ​បន្តិច​ម្តងៗ​ ប៉ុន្តែ ចាន់ស៊ីន ​ជា​កីឡាករ​មិន​សូវ​គោរព​វិន័យ​​ហាត់​ខ្ជីខ្ជា​នាំ​ឲ្យ​ខូច​ឈ្មោះ​ទាំង​ក្លិប​ទៀត​ផង​»។

ចំណែក​លោកស្រី ឡុង ​រ៉ាវី​ប្រធាន​ក្លិប​​ខ្លារខិន​មានរិទ្ធ​​​ប្រាប់​​ថា​៖ ​«នេន ​វណ្ណា ​ហ្វឹកហាត់​ពេញលេញ ​ហើយ​ពិតជា​ប្រឹងប្រែង​ដើម្បី​ចង់​ឈ្នះ ប៉ុន្តែ​ខ្ញុំ​មិន​អះអាង​ពី​ការ​ឈ្នះ​ឬ​ចាញ់​នោះ​ឡើយ​ ព្រោះ​ពួកគេ​មិន​ធ្លាប់​ប្រកួត​គ្នា​ទេ​កន្លងមក»​។

ទោះ​ជា​យ៉ាងណា​សម្រាប់​ការ​ប្រកួត​នេះ​អ្នក​ឈ្នះ​​មាន​សារៈសំខាន់​ណាស់​គឺ​បាន​ឡើង​​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ​អ្នក​ចាញ់​នឹង​អស់​ឱកាស​​ហើយ​ ហេតុនេះ​​រង់ចាំ​មើល​ថា​តើ ​ហ៊ឹម សារ៉ាន់ ​និង ​នេន ​វណ្ណា​នរណា​ជា​អ្នក​ឈ្នះ​?

ចំណែក​គូ​អម​កម្មវិធី​​គឺ​កីឡាការិនី វី ស្រីឆាយ បើក​ឱកាស​ឲ្យ ​នូវ​ ស្រីពៅ​ សងសឹក​ ព្រោះ​សប្តាហ៍​​មុន ​ស្រីពៅ ​ចាញ់​ក្បាច់​ជង្គង់​ ស្រីឆាយ​ ហើយ​កីឡាករ​វ័យក្មេង​ចំនួន​ ២ ​គូ​​ទៀត ក៏​​ឡើង​ប្រកួត ផង​ដែរ​៕

Post a Comment

 
Top