GuidePedia

0
ក្រុម​យក្ស​ Real Madrid ​កំពុង​ជួប​ប្រទះ​បញ្ហា​រញ៉េរញ៉ៃ​កាន់​តែ​ខ្លាំង​ហើយ​បន្ទាប់​ពី​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​រិះគន់​យ៉ាង​ចាស់​ដៃ​ដល់​កីឡាករ Gareth Bale ​ខណៈ​ដែល​កីឡាករ​ល្អ​បំផុត​លើ​លោក Cristiano Ronaldo ​វិញ​ អត់​និយាយ​អ្វី​មួយ​មាត់​នោះ​ទេ​ជាមួយ​អ្នក​កាសែត ​និង​អ្នក​ចាត់​ការ​ Carlo Ancelotti ​កំពុង​តែ​ឈាន​ជើង​ដល់​ចំណុច​ដែល​អាច​នឹង​បាត់​បង់​តំណែង​ពេល​ចប់​រដូវ​កាល​នេះ។

បន្ទាប់​ពី​ Real Madrid ​ចាញ់​ក្រុម Schalke 04 ​ក្នុង​ដី​ខ្លួន​ឯង​ ៤-៣ ​ក្នុង​ពាន​រង្វាន់ Champions League ​កាល​ពី​យប់​ម្សិលមិញ​នោះ​ មាន​រឿង​ជា​ច្រើន​បាន​កើត​ឡើង​ចំពោះ​ក្រុម​ការពារ​តំណែង​ជើង​ឯក​មួយ​នេះ។

ដោយ​ខ្សែ​ប្រយុទ្ធ​ស្លាប​ Gareth Bale ​ត្រូវ​បាន​អ្នក​គាំទ្រ​កាន់​តែ​ច្រើន​ឡើង​ៗ​ចង់​ឱ្យ​ក្លិប​លក់​ចេញ​នៅ​រដូវ​ក្ដៅ​​ខាង​មុខ​ ព្រោះ​ខកខាន​រក​គ្រាប់​បាល់​ច្រើន​ប្រកួត​មក​ហើយ ក៏​ដូចជា​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​ទាល់​តែ​សោះ​ក្នុង​ប្រកួត​សំខាន់​ៗ​ប៉ុន្មាន​មក​នេះ។ ងាក​ទៅ​ខាង​ខ្សែ​ប្រយុទ្ធ​ដែល​ជួយ​ឱ្យ​ស្ដេច​ស​លើក​​ពាន Champions ​League កាល​ពី​រដូវ​កាល​មុន Ronaldo ​វិញ​បាន​បង្ហាញ​កាយ​វិការ​មិន​សមរម្យ​ទាល់​តែ​សោះ​បន្ទាប់​ពី​ការ​ប្រកួត​ចប់ ពោល​គឺ​រូប​គេ​មិន​បាន​ទៅ​ចាប់​ដៃ​កីឡាករ​ផ្សេង​ៗ​ ក៏​ដូចជា​មិន​បាន​លើក​ដៃ​អរគុណ​ដល់​អ្នក​គាំទ្រ​ផង​ដែរ។

មួយ​វិញ​ទៀត បន្ទាប់​ពី​ចេញ​ពី​បន្ទប់​ផ្លាស់​សំលៀកបំពាក់​មក កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ​បាន​ប្រាប់​ទៅ​អ្នក​កាសែត​ទៀត​ថា រូបគេ​នឹង​មិន​និយាយ​អ្វី​ទាំង​អស់​រហូត​ដល់​ចប់​រដូវ​កាល​នេះ។ យ៉ាង​ណា​មិញ ប្រធាន​ក្រុម Casillas ​វិញ​ក៏​បាន​ព្យាយាម​ទាញ​សមាជិក​ក្រុម​ទាំង​អស់​ឱ្យ​មក​លើក​ដៃ​អរគុណ​ដល់​អ្នក​គាំទ្រ​ដែល​បាន​ចំណាយ​ពេល​វេលា​មក​ទស្សនា​ផង​ដែរ​ និង​ប្រឹងប្រែង​ឱ្យ​ពួកគេ​បង្ហាញ​អាកប្បកិរិយា​គួរសម​បន្តិច​ដល់​ក្រុម​ភ្ញៀវ​ទោះ​ជា​ចាញ់​យ៉ាង​ណា​ក៏​ដោយ។

ចំពោះ​លោក Carlo Ancelotti ​វិញ​គឺ​រឹត​តែ​យ៉ាប់យ៉ឺន​ទៅ​ទៀត​ ព្រោះ​តាំង​ពី​ដើម​ឆ្នាំ​២០១៥​នេះ​មក ក្រុម​របស់​លោក​ហាក់​ដូចជា​មិន​មាន​ទម្រង់​លេង​ល្អ​ដូច​មុន​នោះ​ទេ ពោល​គឺ​បើ​ឈ្នះ​គឺ​ឈ្នះ​ទាំង​ត្រដាបត្រដួស ហើយ​បើ​មិន​ដូច្នេះ​ទេ​គឺ​ចាញ់​ និង​ស្មើ​តែ​ម្ដង។ តួយ៉ាង​ដូច​នៅ La Liga ​អីចឹង ក្រុម​ Real Madrid ​ជា​អ្នក​ឈរ​នៅ​កំពូល​តារាង​តាំង​ពី​ដើម​មក ប៉ុន្តែ​បែរ​ជា​ធ្លាក់​មក​លេខ​២​វិញ​នៅ​ពេល​ជិត​ចប់​រដូវ​កាល​។


​​ក្រុម​ម្ចាស់​ពាន​ Champions League ​១០​សម័យ​កាល​មួយ​នេះ​នឹង​ត្រូវ​ប៉ះ​គូ​ប្រជែង​ Barcelona ​នៅ​ថ្ងៃ​ទី​២២ ​ខែ​នេះ​ទៀត ដែល​ជា​ប្រកួត​កាត់​សេចក្ដី​ថា​នរណា​ជា​អ្នក​ខ្លាំង​ពិត​ប្រាកដ​អាច​លើក​ពាន La Liga នៅ​រដូវ​កាល​នេះ​បាន៕

Post a Comment

 
Top