GuidePedia

0
ក្រុម Paris Saint-Germain កំពុង​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅកាន់​ការ​ឈ្នះ​ពាន​រង្វាន់​ក្នុង​ស្រុក​បី​ក្នុង​រដូវកាល​តែ​មួយ ខណៈ​ដែល​ពួកគេ​នឹង​​ធ្វើ​ជា​ម្ចាស់ផ្ទះ Monaco នៅ​​រាត្រី​នេះ​ក្នុង​ការ​ប្រកួត French Cup វគ្គ​៨​ក្រុម​ចុងក្រោយ​។


បច្ចុប្បន្ន PSG កំពុង​តែ​​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​ ២ ​​ក្នុង​ក្របខ័ណ្ឌ Ligue 1 ដោយ​ដេញ​តាម​ពី​​ក្រោយ​ក្រុម​ឈរ​លេខ​ ១ Lyon ចំនួន​១​ពិន្ទុ ក្រោយពី​​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ កាលពី​​ថ្ងៃ​អាទិត្យ​ក្នុង​ពេល​ជួប​ក្រុម Monaco ដែល​ជា​ក្រុម​ពួកគេ​ត្រូវ​ជួប​ជា​លើក​ទី​២​ក្នុង​ចន្លោះ​ពេល​ ៤ ​ថ្ងៃ​។

ប៉ុន្តែ PSG ដឹង​យ៉ាង​ច្បាស់​ពី​របៀប​​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​កីឡដ្ឋាន Stade de France ខណៈ​ដែល​ពួកគេ​​បាន​កក់​កៅអី​របស់​ពួកគេ​រួច​ជាស្រេច​សម្រាប់​ការ​ប្រកួត​ដណ្តើម​ពាន French League Cup វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ខែ​ក្រោយ​​ជាមួយ​នឹង​ក្រុម Bastia​។ PSG នឹង​ត្រូវ​ជួប​ការ​ប្រជែង​​ដ៏ស្វិតស្វាញ​មួយ​នៅ​រាត្រី​នេះ ខណៈ​ដែល​ពួកគេ​​នឹង​ត្រូវ​ប្រកួត​ជាមួយ​នឹង​ក្រុម​ដែល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​កំពូល​ជាមួយ​ពួកគេ​។

ក្រុម Monaco ពិតជា​ពេញចិត្ត​ក្នុង​ការ​​បង្កើត​ភាពអស្ចារ្យ​​ទៅលើ​កេរិ៍្តឈ្មោះ​របស់​ពួកគេខណៈ​ដែល​ក្រុម Arsenal បាន​រង​នូវ​ការ​ចុកចាប់​រួចជាស្រេច​កាលពី​សប្តាហ៍​ មុន​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League​។

French Cup ត្រូវ​បាន​ចាត់ទុក​ថា ជា​ពាន​រង្វាន់​អាទិភាព​ដោយ​លោក Nasser al-Khelaifi ប្រធាន​ក្លិប PSG ខណៈ​ដែល​​ក្រុម​យក្ស​របស់​ក្របខ័ណ្ឌ Ligue 1 មិន​ទាន់​បាន​ឈ្នះ​ពាន​រង្វាន់​នេះ​នៅ​ឡើយ​ទេ​ក្រោម​ការ​ដឹកនាំ​របស់​ម្ចាស់​​ក្លិប​ដែល​មាន​​សញ្ជាតិ​កាតា​។

ប៉ុន្តែ ទោះបី​ជា​យ៉ាងណា PSG ហាក់​ស្ថិត​ក្នុង​ទីតាំង​ដ៏តានតឹង​មួយ ក្រោយពី​ការ​ប្រកួត​ជើង​ទី​២​នៃ​ក្របខ័ណ្ឌ Champions League របស់​ពួកគេ​ជាមួយ​នឹង​ក្រុម Chelsea នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ១១ ខែ​មីនា ខាង​មុខ​នេះ ស្រប​ពេល​​ការ​ប្រកួត​ក្របខ័ណ្ឌ Ligue 1 តម្រូវ​​​​ឲ្យ​ក្រុម​របស់​លោក Laurent Blanc ត្រូវ​​ធ្វើឲ្យ​បាន​ល្អ​។ ការ​ជួប​បញ្ហា​របួស​របស់ Thiago Motta (របួស​កំភួនជើង), Yohan Cabaye (ភ្លៅ), Serge Aurier (ភ្លៅ) និង Lucas (សាច់​ដុំ) រួម​ជាមួយ​នឹង​ការ​ជាប់​​ពិន័យ​ព្យួរ​ចំនួន​ ២ ​ប្រកួត​របស់​ខ្សែប្រយុទ្ធ Zlatan Ibrahimovic កំពុង​តែ​ធ្វើឲ្យ PSG កាន់តែ​មាន​​ការ​លំបាក​។



ក្នុង​ការ​ប្រកួត​នេះ Monaco អាច​នឹង​​​​ត្រូវ​គេ​ចាត់ទុក​ថា ជា​ក្រុម​មាន​ប្រៀប​ក្នុង​ការ​ឈ្នះ​។

ប៉ុន្តែ លោក​គ្រូបង្វឹក Leonardo Jardim មិន​បាន​មើល​ស្រាល​ក្រុម PSG ឡើយ​។ គ្រូបង្វឹក​​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «យើង​នឹង​ខិតខំ​ព្យាយាម​ធ្វើឲ្យ​បាន​ល្អ​។ យើង​​មាន​​ការ​អស់​កម្លាំង​ជាង​ក្រុម PSG ហើយ​ក្រុម​របស់​យើង​មិន​ធំ​ឡើយ​។ យើង​មាន​កីឡាករ​​ ១៨ ទៅ​ ១៩ ​នាក់ និង​មាន​អ្នក​ចាំ​ទី​ពីរ​នាក់​។ នៅក្នុង​តំបន់​ការពារ យើង​មាន​កីឡាករ​​ពីរ​ដែល​​រងរបួស ហើយ​ពីរ​នាក់​ផ្សេង​ទៀត​ជាប់​ពិន័យ​​ព្យួរ​។ យើង​នឹង​​ត្រូវ​តែ​​ស្វែងរក​ដំណោះស្រាយ ប៉ុន្តែ យើង​កំពុង​តែ​ធ្វើការ​លើ​បញ្ហា​​នោះ​»​។


ប៉ុន្តែ ខ្សែបម្រើ Blaide Matuidi របស់ PSG បាន​​ឆ្លើយតប​​វិញ​ថា៖ «ការ​ប្រកួត​នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ​​នឹង​​មាន​ការ​ប្រែប្រួល​។ យើង​នឹង​មាន​​អ្នក​គាំទ្រ​​ឲ្យ​កម្លាំង​​ចិត្ត​ដល់​យើង ហើយ​យើង​នឹង​ត្រូវ​តែ​ធ្វើឲ្យ​បាន​​ល្អ​»​​។



ការ​ប្រកួត​នៅ​រាត្រី​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង​ ៣ ​ទៀបភ្លឺ (ម៉ោង​នៅ​កម្ពុជា)​៕ ជំនួប​បី​លើក​ចុងក្រោយ​រវាង​ក្រុម​ទាំង​ពីរ

2/3/15 Monaco 0-0 PSG
6/10/14 PSG 1-1 Monaco
10/2/14 Monaco 1-1 PSG

Post a Comment

 
Top