GuidePedia

0
អង្គភាព​រៀបចំ​ការប្រកួត​យុទ្ធគុន​ចម្រុះ​ធំ​ជាង​គេ​ប្រចាំ​ទ្វីប​អាស៊ី ONE Championship (ONE) បាន​ប្រកាស​​គូ​ប្រកួត​ទាំង​ ៨ ​គូ​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ ONE: VALOR OF CHAMPIONS ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​ ២៤ ខែ​មេសា​ខាង​មុខ​នេះ នៅលើ​សង្វៀន MOA Arena ក្នុង​ទីក្រុង​​ម៉ានីល ប្រទេស​ហ្វីលីពីន​។


ក្រោយពី​បាន​ធ្វើ​ជ្រើស​ដាក់​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​របស់ ONE ក្នុង​ទម្ងន់​ ៧៧,១ ​គីឡូក្រាម​រវាង​ម្ចាស់​ការពារ​ខ្សែក្រវាត់ Ben Askren និង​កីឡាករ​ជើងចាស់ Luis Santos ធ្វើ​ជា​គូឯក ONE បាន​បន្ថែម​ការប្រកួត​ដ៏រំភើប​ចំនួន​បី​គូ​ទៀត​ដើម្បី​ផ្តល់​ភាពរំភើប​ជាមួយ​នឹង​ការប្រកួត​ចំនួន​ ៨ ​គូ​ពេញ​ក្នុង​ព្រឹត្តិការណ៍​នេះ​។

ជើងខ្លាំង​ក្នុង​ទម្ងន់​​ ៦៥,៨ ​គីឡូក្រាម នឹង​ត្រូវ​ជួប​គ្នា​នៅលើ​សង្វៀន​ដាក់​ទ្រុង ខណៈ​ដែល​កីឡាករ Shannon Wiratchai វ័យ​ ២៦ ​ឆ្នាំ របស់​ថៃ (ឈ្នះ​ ៣ ​លើក និង​ចាញ់​ ១) នឹង​​ត្រូវ​ប្រកួត​ជាមួយ​នឹង​ជើងខ្លាំង​របស់​សិង្ហបុរី Amir Khan វ័យ​ ២០ ​ឆ្នាំ (ឈ្នះ​ ២ និង​ចាញ់​ ១ )​។

ការជួប​គ្នា​រវាង​​កីឡាករ​ហ្វីលីពីន​ដូច​គ្នា​ក៏​នឹង​ត្រូវ​រៀបចំ​ឡើង​ក្នុង​កម្មវិធី​នេះ​ផង​ដែរ នៅពេល​ដែល​កីឡាករ​មិន​ស្គាល់​ចាញ់ Jimmy Yabo វ័យ​ ៣៣ ​ឆ្នាំ (ឈ្នះ​ ៤ ​លើក) ត្រូវ​ជួប​ជាមួយ​នឹង​ Edward Kelly វ័យ​ ៣១ ​ឆ្នាំ (ឈ្នះ​​ ៥ ​លើក និង​ចាញ់​ ២ ) ស្រប​ពេល​​​អ្នកប្រយុទ្ធ​របស់​ចិន Wang Ya Wei អាយុ​​ ២១ ​ឆ្នាំ នឹង​វិល​ទៅកាន់​សង្វៀន​ដាក់​ទ្រុង​របស់ ONE Championship វិញ​ដើម្បី​ជួប​ជាមួយ​នឹង​កីឡាករ​ឥណ្ឌូនេស៊ី Sunoto​។

កីឡាករ​មិន​ស្គាល់​ចាញ់ Askren (ឈ្នះ​ ១៤ ​លើក) នឹង​ធ្វើការ​ការពារ​ខ្សែក្រវាត់ ONE ជា​លើក​ទី​ ១ ​របស់​ខ្លួន​នៅពេល​ដែល​ជួប​ជាមួយ​នឹង​​កីឡាករ​ជើងចាស់​របស់​​ប្រទេស​ប្រេស៊ីល Santos ដែល​មាន​កំណត់ត្រា​ឈ្នះ​ដល់​ទៅ​ ៦១ ​លើក ចាញ់​​ ៩ ​លើក និង​ស្មើ​ ១ ​លើក ហើយ​​ជ័យជម្នះ​ភាគច្រើន​របស់ Santos បាន​កើតឡើង​តាមរយៈ​ការ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​។

ដោយឡែក Askren បាន​ឈ្នះ​ខ្សែក្រវាត់​របស់​គេ​តាមរយៈ​ការចំណាយ​ពេល​ដ៏ខ្លី​ដើម្បី​​ផ្តួល​ឲ្យ​​កីឡាករ​ជប៉ុន Nobutatsu Suzuki សន្លប់​ក្នុង​ទឹក​ទី​ ១ ក្នុង​កម្មវិធី ONE:​Reign of Champions ក្នុង​ទីក្រុង​ឌូបៃ ប្រទេស​អេមីរ៉ាតអារ៉ាប់រួម កាលពី​ថ្ងៃ​ទី​​ ២៩ ខែ​សីហា ឆ្នាំ​ ២០១៤​។

ស្ថិត​ក្នុង​នាម​ជា​កីឡាករ​​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដ៏​មាន​ទេពកោសល្យ​​បំផុត​​ក្នុង​ទឹកដី​នៃ​ប្រទេស​ហ្វីលីពីន Kelly នឹង​សម្លឹង​រក​​ការ​ចាប់ផ្តើម​អាជីព​ក្នុង ONE Championship របស់​គេ​ជាមួយ​នឹង​ការទទួល​ជ័យជម្នះ​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​លើ​កីឡាករ Jimmy Yabo នៅ​ប្រទេស​កំណើត​របស់​គេ​។

ក្រៅពី​នេះ ក៏​មាន​ការប្រកួត​ដ៏រំភើប​ផ្សេង​ទៀត​ផង​ដែរ ខណៈ​ដែល​កីឡាករ​មិន​ស្គាល់​ចាញ់​របស់​អាមេរិក Casey Suire (ឈ្នះ​ ៥ ​លើក) នឹង​ត្រូវ​​​ជួប​ជាមួយ​នឹង​​តារាឆ្នើម​របស់​ម្ចាស់ផ្ទះ Mark Striegl (ឈ្នះ​ ១៣ ​លើក និង​ចាញ់​ ១ ​លើក) ក្នុង​ការប្រកួត​​កម្រិត​គូឯករង​ក្នុង​ទម្ងន់​ ៦១,២ ​គីឡូក្រាម​។

តារា​ឆ្នើម​របស់​ហ្វីលីពីន​​ ២ ​នាក់​ទៀត ក៏​នឹង​ត្រូវ​​ធ្វើការ​បង្ហាញ​ខ្លួន​ដើម្បី​ធ្វើឲ្យ​កម្មវិធី​ប្រកួត​នា​ពេល​រាត្រី​នេះ​កាន់តែ​មាន​ភាពអស្ចារ្យ​ផង​ដែរ នៅពេល​ដែល​​កីឡាករ Geje Eustaquio វ័យ​ ២៥ ​ឆ្នាំ (ឈ្នះ​ ៦ និង​ចាញ់​ ៣ ) នឹង​ត្រូវ​ជួប​ជាមួយ​នឹង​អ្នកប្រយុទ្ធ​ថៃ Anatpong Bunrad វ័យ​ ២៨ ​​ឆ្នាំ (ឈ្នះ​ ៤ និង​ចាញ់​ ១ ) ក្នុង​ប្រភេទ​ទម្ងន់​ ៥៦,៧ ​គីឡូក្រាម ហើយ​ជើងខ្លាំង​ក្នុង​ទម្ងន់​ដូច​គ្នា​នេះ Eugene Toquero (ឈ្នះ​ ៦ និង​ចាញ់​ ១ ) នឹង​ត្រូវ​ប៉ះ​ជាមួយ​នឹង​​កីឡាករ​ជើងថ្មី​របស់​ឥណ្ឌូនេស៊ី Brianata Rosadhi (ឈ្នះ​ ១ លើក និង​ចាញ់​ ១ ​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ អ្នកប្រយុទ្ធ​ក្នុង​​ប្រភេទ​ទម្ងន់​ ១២០ ​គីឡូក្រាម Paul Cheng (ឈ្នះ​ ៥ ​លើក និង​ចាញ់​ ១ ) របស់​​តៃវ៉ាន់ នឹង​​ត្រូវ​ប៉ះ​ជាមួយ​នឹង​ជើងខ្លាំង​មកពី​អ៊ុយក្រែន Igor Subora (ឈ្នះ​ ៥ និង​ចាញ់​ ២ )​​៕

Post a Comment

 
Top