GuidePedia

0
ខ្សែ​ប្រយុទ្ធ Neymar ​បាន​និយាយ​ថា​ក្រុម Barcelona ​អាច​នឹង​ឈ្នះ​ពាន​៣​ក្នុង​រដូវ​កាល​នេះ​គឺ Copa del Rey , La Liga ​និង​ UEFA Champions League ​ដោយ​សំអាង​លើ​​​ខ្សែ​ប្រយុទ្ធ​៣​នាក់ ​ដែល​គ្មាន​ក្រុម​ណា​មក​ទប់​ជាប់។


ក្រុម​អ្នក​មាន​បុណ្យ​កំពុង​បង្ហាញ​ទម្រង់​លេង​គួរ​ឱ្យ​កត់​សម្គាល់​មែនទែន​ក្នុង​លីក​កំពូល​អេស្ប៉ាញ La Liga ​ខណៈ​ដែល​ក្រុម​គូ​​ប្រជែង​របស់​គេ​ Real Madrid ​វិញ​ហាក់​បង្ហាញ​សញ្ញាណ​អាក្រក់​បន្តិច ​ព្រោះ​ប៉ុន្មាន​ប្រកួត​មក​នេះ​កូន​ក្រុម​ទាំង​មូល​លេង​មិន​សូវ​ជា​ស៊ី​ចង្វាក់​គ្នា​នោះ​ទេ។

យ៉ាង​ណា​មិញ​ ក្រុម​យក្ស​ទាំង​ពីរ​នេះ ​នឹង​ប្រកួត​កាត់​សេចក្ដី​យក​អ្នក​ខ្លាំង​ពិត​ប្រាកដ​នៅ​ថ្ងៃ​ទៅ​២២​ ខែ​មិនា​នេះ ​នៅ​កីឡដ្ឋាន Camp Nou ​​ដែល​ជំនួប EL Clasico ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ដូចជា​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ពាន La Liga ​អីចឹង ព្រោះ​បើ​ក្រុម​ណា​ឈ្នះ​គឺ​មាន​សង្ឃឹម​៨០​% ​ទៅ​ហើយ​ថា​នឹង​អាច​លើក​ពាន។

ទន្ទឹម​នឹង​នេះ​ដែរ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ប្រេស៊ីល Neymar ​ក៏​បាន​ចេញ​មក​អួត​ក្ដែងៗ​តែ​ម្ដង​ថា​៖ “ខ្ញុំ​គិត​ថា​ក្រុម​យើង​មាន​ឱកាស​ឈ្នះ​ច្រើន​ណាស់​ ព្រោះ​មាន Messi ​ជា​កីឡាករ​កំពូល​លើ​លោក​ និង​ Suarez ​ជា​ម៉ាស៊ីន​រក​គ្រាប់​បាល់។

យើង​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​យក​ជ័យជម្នះ ហើយ​រាល់​ថ្ងៃ​នេះ​ក្រុម​ទាំង​មូល​កំពុង​ស្វែងយល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឱ្យ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត។ ក្រុម​យើង​មិន​ត្រឹម​តែ​យល់​ចិត្ត​គ្នា​នៅ​លើ​ទីលាន​នោះ​ទេ សូម្បី​តែ​នៅ​ខាង​ក្រៅ​ក៏​យើង​ដូច​ជា​បង​ប្អូន​នឹង​គ្នា​ដែរ”។


ដោយ​ឡែក​ក្នុង​ពាន​រង្វាន់ UEFA Champions League ​វិញ​ លោក Luis Enrique ​ក៏​អាច​ជួយ​ក្រុម Barca ​ឱ្យ​មាន​សង្ឃឹម​ច្រើន​ដែរ បន្ទាប់​ពី​អាច​យក​ឈ្នះ​ក្រុម​ខ្លាំង Manchester City ​ក្នុង​ដី​បាន​រហូត​ដល់​ទៅ ​២-១។ ខណៈ​ដែល​ការ​ប្រកួត​ជើង​ទី​២​នៅ​សប្ដាហ៍​ក្រោយ​គឺ​នៅ​ទឹក​ដី​អេស្ប៉ាញ​ទៀត​ ដូច្នេះ​គឺ​រឹត​តែ​ធ្វើ​ឱ្យ​អ្នក​មាន​បុណ្យ​កាន់​តែ​មាន​ទំនុក​ចិត្ត​ថែម​ទៀត ៕

Post a Comment

 
Top